ព័ត៌មានទាន់ហេតុការណ៍៖

« ការកំណត់អត្តសញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្តានុពលកម្ពុជា»

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ និងលោក តាន់ យុវរដ្ឋ អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី « ការកំណត់អត្តសញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្តានុពលកម្ពុជា» ដែលបាននឹងកំពុងប្រព្រឹត្តទៅនៅខេត្តព្រះសីហនុ នាពេលនេះ។

លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថា បច្ចុប្បន្ននេះខេត្តព្រះសីហនុ មានផលិតផលកសិកម្ម និងឧស្សាហកម្ម សក្តានុពលចំនួន៧មុខ ដែលត្រូវបានជ្រើសរើសវាយតម្លៃ និងទទួលស្គាល់ដោយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយកាលពីខែឧសភា ឆ្នាំ២០២៣ ព្រមទាំងផលិតផលមួយចំនួនទៀត ត្រូវបានកត់សម្គាល់ថា ជាផលិតផលសក្តានុពលរបស់រាជធានី-ខេត្ត។ ផលិតផលទាំងនោះ មានដូចជា បង្គារក្រៀម ត្រីងៀតក្រៀម យីហ៊ឺក្រៀម ត្រីប្រឡាក់ ទឹក មាត់ត្រចៀកកាំ សាច់ក្តាម ផ្ដៅ និងដូងក្រអូប ហើយផលិតផលទាំងនោះ បាននឹងកំពុងចរាចរលើទីផ្សារ និងជំរុញការផ្សព្វផ្សាយ តាមរយៈការតាំងពិព័រណ៍ពាណិជ្ជកម្មក្នុង និងក្រៅប្រទេស យុទ្ធនាការទិញផលិតផលខ្មែរ និងវេទិកាផ្សេងៗ។

លោក តាន់ យុវរដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ឱ្យដឹងថា ការកំណត់អត្តសញ្ញាណ មុខទំនិញ តាមលក្ខខណ្ឌស្តង់ដាគឺជា គឺជាសក្តានុពលដ៏សំខាន់របស់កម្ពុជា ហើយខេត្តព្រះសីហនុការយល់ដឹងពីតម្រូវការរបស់អតិថិជនប្រើប្រាស់ ក្នុងទីផ្សារសេរីនៅពេលបច្ចុប្បន្ន គឺជាយន្តការមួយដ៏មានសារៈសំខាន់ សម្រាប់អ្នកផលិត ក្នុងការប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិទាំងលក់ក្នុងស្រុកនិងការនាំចេញទៅក្រៅប្រទេស។

លោកបញ្ជាក់ថា ការយល់ដឹងអំពីតម្រូវការរបស់អតិថិជន នាសម័យទំនើបនាពេលនេះ គឺជាកូនសោរមួយក្នុងការដោះស្រាយនូវរាល់បញ្ហាផ្សេងៗដែលកំពុងប្រឈម ក្នុងការប្រគួតប្រជែងលើទីផ្សារសកល ចំពោះផលិតផលខ្មែរ ដែលជាមុខទំនិញអដ្ឋិភាព ទាំង១០រួមមាន: ១.ស្រូវអង្ករ ២.ស្វាយ ៣.ដំឡូងម៉ី ៤.ផ្លែមាន ៥.ផ្លែតាងែន ៦.ផ្លែចេក ៧.ស្វាយចន្ទី ៨.ជ័រកៅស៊ូ ៩.ម្នាស់ ១០.ម្រេច.។

ដូចនេះអាចបញ្ជាក់បានថា ទីផ្សាររបស់កម្ពុជា នៅខាងក្រៅគឺមានហើយ គន្លឹះសំខាន់គឺនៅលើក្រុមផលិតរបស់កម្ពុជាយើង ដូចនេះយើងត្រូវពង្រឹង ឱ្យបានល្អទៅតាមអ្វីដែលអតិថិជនត្រូវការ ដូចជាទៅលើគុណភាព តម្លៃនៃមុខទំនិញ ម៉ាក់យីហោ ជាពិសេសត្រូវផ្អែកលើអនាម័យជាចម្បង។ ទាំងនេះក្នុងន័យលើកកម្ពស់កំណើនសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋក្នុងខេត្ត ឆ្ពោះទៅសម្រេចឱ្យបាននូវកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលចក្ខុវិស័យប្រែក្លាយជាប្រទេសកម្ពុជាឱ្យក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០៕

ដោយ ៖ សហការី


ចែករំលែក៖