ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឱ្យដឹងនារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ មានជនសង្ស័យ០២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីលួច(ដែក) និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង២២និង៣០នាទី ត្រង់ចំណុចផ្ទះគ្មានលេខ (មិនមានមនុស្សស្នាក់នៅ) ផ្លូវបេតុង ស្ថិតនៅ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានបញ្ចាក់ថា ជនសង្ស័យចំនួន២នាក់ដែលឃាត់ខ្លួនរួមមាន ៖ ទី០១/ឈ្មោះ នួន លីម ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី០២/ឈ្មោះ បូ សុខឃួន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ក្នុងនោះសម្ភារៈបន្សល់ទុករួមមាន ៖ ដែកបង្កាន់ដៃជណ្តើរចំនួន០២,ដែកបង្កាន់ដៃដំបូលចំនួន០២, ដែកទ្វារចំនួន ០១, ក្រាមពណ៌សថ្លាចំនួន១២កញ្ចប់ថង់ (តូចចំនួន១១កញ្ចប់ថង់, ធំល្មមចំនួន០១កញ្ចប់ថង់) និងកាបូប ស្ពាយពណ៌ក្រហម ចំនួន០១ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង២២និង៣០នាទី មានប្រជាពលរដ្ឋបាន ទូរស័ព្ទរាយការណ៍ប្រាប់ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ថា មានក្រុមជនសង្ស័យកំពុងធ្វើសកម្មភាពផ្លោះរបង ផ្ទះចូលលួច(ដែក)របស់ជនរងគ្រោះមិនស្គាល់ឈ្មោះ នៅចំណុចផ្ទះគ្មានលេខ (មិនមានមនុស្សស្នាក់នៅ) ផ្លូវ បេតុងស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បន្ទាប់មកកម្លាំងសមត្ថកិច្ចក៏បានចុះ ទៅ ធ្វើការអន្តរាគមន៍ ដល់កន្លែងកើតហេតុ តែជនសង្ស័យបានគេចខ្លួនបាត់ បន្សល់ទុកវត្ថុតាងដូចបានរៀបរាប់ខាងលើ យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បី បន្តធ្វើការស្រាវជ្រាវរកជនសង្ស័យយកមកធ្វើការសាកសួរ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
លុះដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១០និង០០នាទី សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ទី០១/ឈ្មោះ នួន លីម ទី០២/ឈ្មោះ បូ សុខឃួន នៅចំណុចផ្ទះ គ្មានលេខ ផ្លូវលំ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ រួមនិងវត្ថុតាង ៖ ក្រាមពណ៌សថ្លាចំនួន១២ កញ្ចប់ថង់ (តូចចំនួន១១កញ្ចប់ថង់, ធំល្មមចំនួន០១កញ្ចប់ថង់) , កាបូបស្ពាយពណ៌ក្រហម ចំនួន០១ (ជារបស់ ជនសង្ស័យឈ្មោះ នួន លីម) យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ តាមនីតិវិធីច្បាប់។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកគេ (ជនសង្ស័យ) ពិតជាបានធ្វើ សកម្មភាពផ្លោះរបងផ្ទះចូលលួច(ដែក) របស់ជនរងគ្រោះមិនស្គាល់ឈ្មោះខាងលើប្រាកដមែន រួចសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរកជនរងគ្រោះជាម្ចាស់សម្ភារៈខាងលើ តែរកមិនឃើញ សមត្ថកិច្ចក៏កំពុងស្រាវជ្រាវបន្ត ។ បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យហើយ និងមានការសម្របសម្រួល ពីលោក ស៊ន មុនី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យសមត្ថកិច្ចឃាត់ ខ្លួនជនសង្ស័យដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង ៕
ដោយ ៖ ភារ៉ា ដង្កោ