ព័ត៌មានទាន់ហេតុការណ៍៖

ក្តីសុខណាស់ ហ៊ិន ច័ន្ទនីរ័ត្ន ថ្ងៃភ្ជាប់ពាក្យនឹងក្មួយប្រុសសម្តេចតេជោហ៊ុន សែន ថ្ងៃនេះហើយ

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃដែលមានក្តីសុខ និងជាការរងចាំការដឹងលឺពីមេបា និងទស្សនិកជនអ្នកគាំទ្រ បានមកដល់ហើយដោយពិធីភ្ជាប់ពាក្យ ឬពិធីស៊ីស្លាដក់ស្លាកន្សែង រវាងតារាសម្តែង និងពិធីការិនីប្រចាំទូរទស្សន៍បាយ័ន្តកញ្ញា ហ៊ិនច័ន្ទនីរ័ត្ន និងក្មួយប្រុសសម្តេចតេជោគហ៊ុន សែន គឺលោក ឌី ពេជ្រ ត្រូវបានធ្វើឡើងតាមទំនៀមទម្លាប់ហើយនៅព្រឹកថ្ងៃទី២៧ ខែតុលាឆ្នាំ ២០២៣នេះ។ ពួកគាត់នឹងដឹកដៃគ្នាចូលរោងការនៅអំឡុងចុងខែធ្នូឆ្នាំ ២០២៣នេះ ដែលនេះតាមការបញ្ជាក់របស់សម្តេចតេជោ ដែលបានមានប្រសាសន៍លើបណ្តាញសង្គមកាលពីម្សិលមិញនេះ។ 

 ទស្សនិកជនដែលបានឃើញរូបភាពប៉ុន្មានសន្លឹកនេះហាក់បានបង្ហាញស្នាមញញឹមមានក្តីសុខជំនួស តារាស្រីរូបនេះព្រោះតែពួកគាត់ចង់ឃើញនាងមានក្តីសុខមានគូជីវិត ហើយគូជិវិតនាងជាបុរសសង្ហាមានតាំងកិត្តិយសខ្ពស់មុខខ្ពស់មាត់ ហើយមិនយូរទេនាងអាចនឹងមានងារជាជំទាវដែលស្ត្រីជាច្រើនចង់បានផងដែរ។ ពិធីភ្ជាប់ពាក្យរបស់នាងបានធ្វើឡើងក្រោយពីពេលកន្លងទៅក្រោយពីតារាសម្តែង និងពិធីការិនីប្រចាំទូរទស្សន៍បាយ័ន្តកញ្ញា ហ៊ិនច័ន្ទនីរ័ត្ន បានបើកបង្ហាញមុខគូស្នេហ៍ជាផ្លូវការនៅលើបណ្តាញសង្គម និងមានការជជែកវែកញែកគ្នាច្រើន ហើយពេលនេះរឿងពិតត្រូវបានទម្លាយច្បាស់ៗហើយថាពួកគាត់ពិតជាគូស្នេហ៍នឹងគ្នាហើយក៏ត្រៀមចូលរោងការនៅចុងឆ្នាំ នេះផងដែរ។ អ្វីដែលធ្វើឲ្យគ្រប់គ្នាកោតសរសើរពីវាសនាតារាស្រីរូបនេះថាសំណាងខ្ពស់ហួសអស់សិល្បកររួមជំនាន់ដែលមានអនាគតស្វាមីជាក្មួយប្រុសសម្តេចតេជោ ហ៊ុន សែន ហើយត្រូវសម្តេចប្រកាសថានឹងធ្វើជាមេបាជូនទៀត។ ការប្រកាសនេះក៏ដើម្បីបញ្ចប់មិន្ទិលនឹងការវែកញែកមួយចំនួននៅលើបណ្តាញសង្គមផងដែរ។គេចាំថាមុននេះ ក្លាយជាករណីភ្ញាក់ផ្អើលក្នុងបណ្តាញសង្គមសិល្បៈក្រោយពីតារាស្រីរូបនេះត្រូវបានប្រកាសត្រៀមខ្លួនធ្វើជាក្មួយថ្លៃសម្តេចតេជោ ហ៊ុន សែន ហើយច្បាស់ណាស់ពិធីមង្គលការទ្រង់ទ្រាយធំសម្បើមមួយនឹងត្រូវធ្វើឡើងនៅចុងឆ្នាំនេះជាក់ជាមិនខាន។

សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសផ្សំផ្គុំឱ្យ លោក ឌី ពេជ្រ និងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ដែលតាមបណ្តាញសង្គម នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ សម្តេច បានលើកឡើងដូច្នេះថា៖ «ដើម្បីចៀសវាងមាត់ចាបមាត់ព្រាប ដូចពាក្យចាស់លោកពោលថា មាត់វែងជាងផ្លូវជុំវិញកូនប្រុស ឌី ពេជ្រ និងកូនស្រី ហុិន ច័ន្ទនីរ័ត្ន។ ក្នុងឋានៈជាឪពុកធំកូនពេជ្រ ខ្ញុំត្រូវតែចូលរួមរៀបចំឲ្យកូនទាំងពីរ បានចូលរោងការតាមប្រពៃណី។ថ្ងៃស្អែក ២៧ តុលា ២០២៣ ឪពុកម្តាយខាងប្រុសចូលស្តីដណ្តឹងកូនស្រី។ ថ្ងៃទី២២ ខែធ្នូ ២០២៣ កំណត់ជាថ្ងៃរៀបការដែល គ្រួសារទាំងសងខាង និងសាមីខ្លួនបានយល់ស្របតាមខ្ញុំ ដែលជាអាចារ្យធំរៀបចំពេលវេលាបែបនេះ។ ឈាមច្បាស់ជាខាប់ជាងទឹក និងសង្ឃឹមថា ពុំមានអ្នកធ្វើអត្ថាធិប្បាយណា យកទៅបកស្រាយផ្សេងពីនេះទៀតឡើយ»៕

ដោយ ៖ វឌ្ឍនា


ចែករំលែក៖