ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីបៃដិនជួបជាមួយរដ្ឋមន្ត្រីការពារជាតិចិន ពិភាក្សាអំពីសង្គ្រាមអុីស្រាអែលនិងហាម៉ាស់

ចែករំលែក៖

នៅថ្ងៃទី២៧ខែតុលា ប្រធានាធិបតីអាមេរិក លោកបៃដិន បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ដែលកំពុងបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនៅអាមេរិកចាប់ពីថ្ងៃទី២៦ខែតុលា ឆ្នាំ២០២៣។ នៅក្នុងជំនួបពិភាក្សាគ្នានោះ មានការចូលរួមពីរដ្ឋមន្ត្រីការបរទេស អាមេរិក Anthony Blinken និងទីប្រឹក្សាសន្តិសុខជាតិអាមេរិក Jake Sullivan។
លោក បៃដិន បានអញ្ជើញលោក ស៊ី ជីនពីង ចូលរួមកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក ឬហៅកាត់ថា APEC ដែលរៀបចំឡើងក្នុងទីក្រុង San Francisco នៅខែវិច្ឆិកាខាងមុខ។ ប៉ុន្តែលោក បៃដិន នៅតែប្រកាន់ជំហរតឹងរ៉ឹងក្នុងការរក្សាការដាក់ទណ្ឌកម្មលើចិន និងគាំទ្រសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងជម្លោះជាមួយទីក្រុងប៉េកាំង។
តាមសេតវិមាន ក្នុងជំនួបកាលពីថ្ងៃសុក្រ លោក បៃដិន បានប្រាប់លោក វ៉ាង យី ថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងត្រូវតែគ្រប់គ្រងការប្រកួតប្រជែង នៅក្នុងទំនាក់ទំនងប្រកបដោយការទទួលខុសត្រូវ និងរក្សាការបើកចំហបណ្ដាញទំនាក់ទំនង។ មិនតែប៉ុណ្ណោះ ខណៈសង្រ្គាមរវាងអ៉ីស្រាអែលនឹងហាម៉ាស់កាន់តែឡើងកម្ដៅក្នុងតំបន់មជ្ឈិមបូព៌ា លោក បៃដិន ក៏បានសង្កត់ធ្ងន់ដែរថា សហរដ្ឋអាមេរិកនិងចិនត្រូវតែធ្វើការជាមួយគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមសកលទាំងឡាយ។ លោក វ៉ាង យី បានបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ នៅសហរដ្ឋអាមេរិក និងបានជួបមន្ត្រីកំពូលៗ របស់សហរដ្ឋអាមេរិក ក្នុងនោះរួមមានទាំងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken និងទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan។
លោក ចូ បៃដិន និងលោក ស៊ី ជីនពីង បានជួបគ្នាលើកចុងក្រោយបំផុត នាឱកាសចូលរួមកិច្ចប្រជុំកំពូល G20 នៅឯកោះបាលី ប្រទេសឥណ្ឌូណេស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ហើយចាប់តាំងពីពេលនោះមកដែរ មេដឹកនាំទាំង២នេះមិនដែលមានកិច្ចសន្ទនាជាមួយគ្នាឡើយ៕

ដោយ៖ ធីរីណា(រូប​ថត​៖ Reuters)


ចែករំលែក៖