ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា នឹងមានភ្លៀងធ្លាក់ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីពី ៤០% ទៅ ៦០%

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ដោយបញ្ជាក់អោយដឹងថា៖

ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីសម្ពាធទាប នៅសមុទ្រចិនខាងត្បូង។ ក្នុងអំឡុងពេលនេះ ប្រព័ន្ធសម្ពាធខ្ពស់ដែលគ្របដណ្ដប់ប្រទេសថៃ និងសមុទ្រចិនខាងត្បូងថមថយចុះឥទ្ធិពល។  ខណៈដែលលំហូរខ្យល់បក់ពីទិសនិរតី​ និងខាងត្បូងនាំមកជាមួយនូវសំណើមពីឈូងសមុទ្រថៃ​ មកលើតំបន់ឆ្នេរ ស្របពេលដែលលំហូរខ្យល់បក់មកពីទិសខាងកើត និងទិសអាគ្នេយ៍ នាំមកជាមួុយសំណើមពីសមុទ្រចិនខាងត្បូងមកលើប្រទេសកម្ពុជា។ 

ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា នឹងមានប្រព័ន្ធសម្ពាធខ្ពស់មួយទៀតពីប្រទេសចិនគ្របដណ្ដប់ផ្នែកខាងជើងប្រទេសថៃ លាតសន្ធឹងទៅដល់សមុទ្រចិនខាងត្បូង។ ខណៈនេះ នឹងមានលំហូរខ្យល់បក់មកពីទិសខាងជើងនិងទិសឦសាន ប្រសព្វគ្នាជាមួយលំហូរខ្យល់បក់ពីទិសអាគេ្នយ៍ដែលផ្ទុកនូវសំណើមនៃសមុទ្រចិនខាងត្បូង បង្កើតបានជាពពកភ្លៀងលើប្រទេសកម្ពុជា។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖

ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែតុលា នៅតាមបណ្ដាខេត្តមួយចំនួននៅតំបន់មាត់សមុទ្រ និងបណ្តាខេត្តមួយចំនួនក្នុងតំបន់ទំនាបកណ្តាល​ រួមទាំងរាជធានីភ្នំពេញ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់ ដែលគ្របដណ្ដប់លើផ្ទៃដីពី ៤០% ទៅ ៥០ %។ 

ដោយឡែក បណ្ដាខេត្តមួយចំនួនក្នុងតំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យមគ្របដណ្តប់លើផ្ទៃដីពី ៣០% ទៅ ៤០%។ 

ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លើតំបន់មាត់សមុទ្រ និងតំបន់ ខ្ង្ពង់រាប គ្របដណ្តប់លើផ្ទៃដីពី ៣០% ទៅ ៤០%។ ចំពោះតំបន់ទំនាបកណ្ដាលនឹងមានភ្លៀងធ្លាក់បង្គួរ លាយឡំផ្គររន្ទះ  និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីពី ៤០% ទៅ ៦០%។

សូមបងប្អូនមេត្តាមានការប្រុងប្រយ័ត្នអោយបានខ្ពស់ ៕

ដោយ ៖ សហការី


ចែករំលែក៖