ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ម្ចាស់ផ្ទះជួលមានការយោគយល់ដល់កម្មករ-កម្មការិនី កុំដំឡើងថ្លៃជួលផ្ទះ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បន្តអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់ សូមកុំដំឡើងតម្លៃជួលបន្ទប់ បើទោះបី ប្រាក់ខែរបស់កម្មករ និយោជិតនៅឆ្នាំក្រោយបានដំឡើងមួយកម្រិត ក៏ដោយ សូមម្ចាស់ផ្ទះជួលមានការយោគយល់ដល់បងប្អូនកម្មករ-កម្មារិនី។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលកម្មករ-និយោជិត នៅរោងចក្រសហគ្រាសចំនួន៣២ ក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ នៅក្នុងរាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាល នៅបន្តខិតខំដំឡើងប្រាក់ឈ្នួលជូនដល់កម្មករនិយោជិត ទន្ទឹមនោះ នឹងកាត់បន្ថយការឡើងថ្លៃទឹក ថ្លៃភ្លើងអគ្គិសនី និងកាត់បន្ថយការចំណាយរបស់រដ្ឋ ព្រមទាំងទប់ស្កាត់ការឡើងថ្លៃទំនិញផ្សេងៗ ដែលជាការគិតគូរដល់ជីវភាពរបស់ប្រជាពលរដ្ឋ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ កម្មករនិយោជិត កន្លងមក ដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យទទួលជោគជ័យ កាលពីខែកក្កដា កន្លងទៅនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលនឹងខិតខំឱ្យសមត្ថភាព ដើម្បីកសាងសមិទ្ធផលជូនប្រជាពលរដ្ឋ ដើម្បីពលរដ្ឋកាន់តែរីកចម្រើន ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល នឹងខិតខំសម្របសម្រួលដល់ការដំឡើងប្រាក់ឈ្នួលអប្បបរមា ដល់កម្មករនិយោជិត ហើយនឹងបង្កើនការជួយសម្រួលដល់ការចំណាយ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ប្រទេសដទៃបានដំឡើងថ្លៃទំនិញផ្សេង ដោយសារអតិផរណា ប៉ុន្តែកម្ពុជាខិតខំរក្សាតម្លៃដដែល ជាពិសេសអគ្គិសនី។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្ឃឹមថា សង្គ្រាមអ៉ីស្រាអែល និងក្រុមហាម៉ាស់ នឹងមិនធ្វើឱ្យតម្លៃទំនិញឡើងថ្លៃផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តអំពាវនាវដល់ម្ចាស់ផ្ទះជួលសម្រាប់កម្មករនិយោជិត កុំដំឡើងថ្លៃបន្តទៀត ៕

ដោយ ៖ សហការី


ចែករំលែក៖