ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋសរសើរ អាជ្ញាធររាជធានីភ្នំពេញ រៀបចំសោភណ្ឌភាព បានស្អាត ក្នុងឱកាស ប្រារព្ធខួបគ្រងព្រះបរមសិរី រាជសម្បត្តិ របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋសរសើរ អាជ្ញាធររាជធានីភ្នំពេញ ការរៀបចំសោភណ្ឌភាព បរិស្ថាន អនាម័យ បានស្អាត ក្នុងឱកាស ប្រារព្ធខួបគម្រប់១៩ ព្រះវស្សា នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី  ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើឱ្យព្រះរាជពិធីនេះកាន់តែមានភាពអធិកអធមស័ក្តិសម និងកិត្តិនាមដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ ។

    រីឯនៅតាម មហាវិថីសំខាន់ៗមួយចំនួន អាជ្ញា ធរភ្នំពេញ បានចងបដាពាក្យស្លោកថ្វាយ ព្រះពរនិងមានចងទង់ជាតិ ព្រះរាជាណាចក្រ កម្ពុជានៅអមសងខាងផ្លូវ ដើម្បីឱ្យសក្តិសមទៅ នឹងព្រះរាជ កិត្តិនាម និងព្រះរាជកិត្តិយសដ៏ខ្ពង់ខ្ពស់ បំផុតរបស់ព្រះអង្គ ។ នៅយប់ថ្ងៃទី២៩ តុលា ឆ្នាំ២០២៣ នេះយើងសង្កេតឃើញ មានប្រជាពលរដ្ឋ យ៉ាងច្រើនបាននាំ គ្រួសារ មកដើរទស្សនា កម្សាន្ដលេង នៅរមនីយដ្ឋាននានា ជាច្រើនកន្លែង នៅរាជធានីភ្នំពេញ  ដែលអាជ្ញាធរាជធានី បានរៀបចំរួច មានរមនីយដ្ឋានវត្ដភ្នំ មុខព្រះបរមរាជវាំង វិមានឯករាជ សួនច្បារមាតទន្លេ ជាដើម ។ 

     បងស្រី ស៊ុន ចាន់វ័នាថ  ប្រជាពលរដ្ឋរស់នៅ រាជធានីភ្នំពេញ បានបង្ហាញអារម្មណ៍ នៅរាត្រីថ្ងៃទី២៩ តុលានេះថា៖ ខ្ញុំសប្បាយចិត្ត និងសុំកោត សរសើរ ចំពោះការយកចិត្តទុកដាក់ របស់ រាជ រដ្ឋាភិបាល និងអាជ្ញាធរ រាជធានីភ្នំពេញ ក្នុងការ រៀបចំសោភ័ណភាព ក្រុងឱ្យមានភាព ស្រស់ ស្អាត ដើម្បីទទួលសាទរ ព្រះរាជពិធី បុណ្យខួប លើកទី១៩ ព្រះវស្សានៃការយាងគ្រង ព្រះបរម សិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ធ្វើយ៉ាងណា ឱ្យពិធីនេះ កាន់តែ អធិកអធម សក្តិសមទៅ នឹង ព្រះរាជកិត្តិនាម និង ព្រះរាជកិត្តិយសរបស់អង្គ ព្រះមហាក្សត្រ ។

     លោកស្រី ប៉ាន់ គុន្ធា ប្រជាពលរដ្ឋរស់នៅ ខេត្តកំពង់ស្ពឺ ដែលមកកម្សាន្ត រាជធានីភ្នំពេញ ក្នុងឱកាសព្រះរាជពិធីខួបគម្រប់១៩ ព្រះវស្សា នៃ ការយាង ឡើងគ្រង ព្រះបរមសិរី រាជសម្បត្តិនេះ បានលើកឡើងថា រាជធានីភ្នំពេញសព្វថ្ងៃនេះ មានភាពស្រស់ស្អាតខុសប្លែកពីមុនច្រើន ណាស់មានការ រៀបចំសោភណ័ភាពសណ្តាប់ធ្នាប់ អនាម័យ សន្តិសុខ បានយ៉ាងល្អ ប្រសើរសក្តិ សមជា ទីក្រុងដែលពោរពេញដោយសន្តិភាព ។ 

      ជាងនេះទៅទៀត សម្រាប់ឱកាសព្រះរាជ ពិធីខួបគម្រប់១៩ ព្រះវស្សានេះ គឺឃើញថា អាជ្ញាធរ បានរៀបចំតុបតែង មានចងទង់ជាតិ មាន ដាក់ តាំងរូប ព្រះឆាយ៉ាលក្ខណ៍ ព្រះករុណានៅ តាមដងផ្លូវ ពិសេសដាក់តាំង បង្ហាញពី ព្រះរាជ សកម្មភាព ចុះជួយ ប្រជាពលរដ្ឋថែមទៀតផង ដែលនេះគឺ ពិតជា សក្តិសមជា ទីបំផុតសម្រាប់ ព្រះមហាក្រត្ស នៃព្រះរាជាណាចក្រ កម្ពុជា ។

     លោកអ៊ួង សុវត្ដា  ប្រជាពលរដ្ឋរស់នៅ ខេត្តកំពង់ធំ  ដែលបាននាំទាំងគ្រួសារ មកកម្សាន្ដរាត្រីក្នុងឱកាសអបអរសាទរ ព្រះរាជពិធី បុណ្យខួបលើកទី១៩ ព្រះវស្សា នៃការយាងគ្រង ព្រះបរម សិរី រាជសម្បត្តិរបស់ ព្រះករុណាជាអម្ចាស់ជីវិត លើត្បូងនេះបាន លើកហត្ថប្រណម្យ បួងសួង ដល់ គុណបុណ្យ ព្រះរតនត្រ័យវត្ថុស័ក្តិសិទ្ធិ ទាំងឡាយ ក្នុងលោកទេវតារក្សា ព្រះមហាស្វេតច្ឆត្រ សូមជួយប្រោះព្រំ សព្ទសាធុការពរ សិរីសួស្តី ជ័យ មង្គល វិបុលសុខ បវរមហាប្រសើរ ថ្វាយ ដល់ ព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ដើម្បី គង់ ប្រថាប់ជាម្លប់សម្រាប់កូនចៅជំនាន់ក្រោយ ៗ ទៀត ។ លោក ក៏បានថ្លែងអំណរព្រះរាជគុណ អង្គ ព្រះមហាក្សត្រ ដែលកន្លងមកព្រះ អង្គបាន ចំណាយព្រះរាជទ្រព្យផ្ទាល់ខ្លួន ដើម្បីជួយ សង្គ្រោះ ប្រជានុរាស្ត្រក្នុងអំឡុងពេលទឹកជំនន់ ជាដើម ។

   សូមបញ្ជាក់ថា ព្រះករុណាព្រះបាទសម្ដេចព្រះ បរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ កម្ពុជា ព្រះអង្គត្រូវបាន សមា ជិក ក្រុមប្រឹក្សារាជសម្បត្តិសម្រេច ជ្រើសរើសជា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤បន្ទាប់ពីព្រះបិតារបស់ ព្រះអង្គដាក់រាជសម្បត្តិ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ ២០០៤ ហើយ ព្រះរាជពិធី រៀបអភិសេកព្រះ មហាក្សត្រ ឡើងគ្រងរាជសម្បត្តិនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ ដែលគិតមកដល់ឆ្នាំ២០២៣ នេះមានរយៈពេល១៩ឆ្នាំហើយ ៕

ដោយ៖ សំរិត


ចែករំលែក៖