ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ស្ពានអាកាស ព្រះមុនីវង្ស គ្រោងនឹងបញ្ចប់ការសាង សង់ មុនផែនការគឺ រួចមុនចូលឆ្នាំខ្មែរ២០២៤

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិ បាលរាជធានីភ្នំពេញ បានបញ្ជាក់ ឲ្យដឹងនៅថ្ងៃអាទិត្យ១៥កើត ខែអស្សុជ ឆ្នាំថោះបញ្ច័កព.ស២៥៦៧ ត្រូវនិងថ្ងៃទី២៩ តុលាថា៖ ស្ពានអាកាសព្រះមុនីវង្ស ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) គ្រោងនឹងបញ្ចប់ការសាងសង់ មុនផែនការប្រមាណ៤ខែ (ក្នុងជំហានទី១) ខណៈ ក្រុមការងារបាននិងកំពុងសាងសង់ យ៉ាងសស្រាក់សស្រាំពោលគឺ ជំហានទី១នេះ នឹងបញ្ចប់មុនចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ២០២៤។

    លោកបានឱ្យដឹងថា ទីក្រុងរបស់យើងទាំងអស់គ្នា ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីសមិទ្ធផលស្ពានបេតុងខ្សែកាប តភ្ជាប់កោះពេជ្រ-កោះនរា បានដាក់ឱ្យប្រើប្រាស់ ស្ពានអាកាសព្រះមុនីវង្ស ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថី យោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ដែលកំពុងសាងសង់យ៉ាងសស្រាក់សស្រាំ ក៏គ្រោងនឹងបញ្ចប់ការសាងសង់ មុនផែនការ ប្រមាណ ៤ខែផងដែរ ពោលគឺជំហានទី១ នឹងបញ្ចប់មុនចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ឆ្នាំ២០២៤ (ក្នុងគម្រោង ខែសីហា ឆ្នាំ២០២៤) និងជំហានទី២ នឹងបញ្ចប់មុនចូលឆ្នាំ ប្រពៃណីជាតិ ឆ្នាំ២០២៥ (ក្នុងគម្រោងខែសីហា ឆ្នាំ២០២៥)។

  លោកបានបញ្ជាក់ថា ខ្ញុំសូមអធ្យាស្រ័យ និងការយោគយល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋធ្វើចរាចរណ៍ឆ្លងកាត់ ដែលអាចបង្ករការរំខានពីការដ្ឋានសំណង់ កំពុងសាងសង់។ ដោយ គម្រោងសាងសង់ស្ពានអាកាសនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ ស្ថិតក្នុងខណ្ឌចំការមន និងខណ្ឌមានជ័យ រាជ ធានីភ្នំពេញនេះ ជាគម្រោងរបស់ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុន អាណិកជនកម្ពុជាOCICដោយគ្រោងចំណាយថវិកាចំនួន៣៦. ៧៧៥.០០០ ដុល្លារអាមេរិក ដោយចំណាយពេល សាងសង់៣៦ខែ ។ 

      សូមបញ្ជាក់ថា  បច្ចុប្បន្ននេះ នៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៧កន្លែងរួច ហើយ នោះគឺស្ពានអាកាសក្បាលថ្នល់ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥ មករា ស្ពានអាកាសស្តុបផ្សារដីហុយ ស្ពានអាកាសចោមចៅ ស្ពានអាកាសផ្លូវជាតិលេខ៥ គីឡូម៉ែត្រលេខ៦ ដើម្បីសម្រួលការកកស្ទះចរាចរណ៍ជូនប្រជាពលរដ្ឋ៕

ដោយ៖ សំរិត


ចែករំលែក៖