ខេត្តកំពង់ស្ពឺ៖ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកបសេដ្ឋ និងស្រុកគងពិសីលោកហ៊ុន ម៉ានី អនុប្រធានទី ១ ក្រុម ការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញជួបជាមួយក្រុមការងារគណបក្សចុះជួយស្រុក ឃុំ និង គណៈកម្មាធិការស្រុក និងឃុំនៃស្រុកបសេដ្ឋ និងបន្តទៅស្រុកគងពិសីនារសៀលថ្ងៃដដែល។
ក្រោយពីអង្គប្រជុំបានស្តាប់នូវរបាយការណ៍អំពីសភាព ការណ៍ និងស្ថានភាពការងារនយោបាយនៅក្នុងស្រុកទាំងពីរ ដើម្បីក្តាប់ឱ្យជាប់នូវការងារដឹកនាំនៅក្នុងមូលដ្ឋានមក។ មានប្រសាសន៍នាឱកាសនោះ លោកហ៊ុន ម៉ានី ក្នុងនាមអនុប្រធានទី១បានថ្លែងអំណរគុណ ចំពោះក្រុមការងារ និងគណបក្សស្រុក និងឃុំចំណុះឱ្យស្រុកទាំងពីរ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ នាំមកជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោត កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ។
ជាមួយគ្នានេះលោករដ្ឋមន្ត្រីក៏បានចែករំលែកនូវស្ថាន ភាព នយោបាយ ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ជាពិសេស រាយការណ៍ពីលទ្ធផលនៃបេសសកម្មរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដឹកនាំទាំងលើឆាកជាតិ និងអន្តរជាតិ ក្នុងពេលកន្លងមក ក៏ដូចជាផ្សព្វផ្សាយអំពីចក្ខុវិស័យរបស់សម្តេច ទៅលើការងារដឹកនាំ ជាពិសេស គឺយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងការងារអាទិភាព ដែលក្នុងនោះ រួមមានកំណែទម្រង់មួយចំនួនដែលត្រូវយកចិត្តទុកដាក់ ។
សូមបញ្ជាក់ថា លោកហ៊ុន ម៉ានី អនុប្រធានទី១ ក្រុម ការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ បាន និងកំពុងចុះជួបជាមួយមន្រ្តីគណបក្សនៅទូទាំង ៩ ក្រុង ស្រុកទូទាំងខេត្ត ដើម្បីបន្តការងារដឹកនាំគណបក្សនាក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧៕
ដោយ៖ សូរិយា