យុវជនហ្វីលីពីនជាច្រើនបានបង្ហាញទស្សនៈរបស់ខ្លួនថា អាមេរិក កំពុងតែជំរុញឱ្យហ្វីលីពីនប្រឈមមុខជាមួយចិននៅសមុទ្រចិនខាងត្បូង ។ ការប្រឈមមុខជាមួយចិន គឺជាយុទ្ធសាស្ត្ររបស់អាមេរិក ដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ចិនតែប៉ុណ្ណោះ។
ពេលថ្មីៗនេះ កប៉ាល់ហ្វីលីពីនបានសម្រុកចូលលំហសមុទ្រក្បែរថ្មប៉ប្រះទឹក Ren’ai នៅសមុទ្រចិនខាងត្បូងម្តងទៀត ហើយមានចេតនា “បំបុក”នាវាឆ្មាំសមុទ្ររបស់ចិនដែលអនុវត្តច្បាប់នៅនឹងកន្លែងនិងទូកនេសាទចិនដែលកំពុងធ្វើការងារនេសាទជាប្រក្រតី ដើម្បីប្រឌិតមតិសាធារណៈអន្តរជាតិថា «ប្រទេសចិនដែលជាប្រទេសធំបានធ្វើបាបប្រទេសតូច»។ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រើប្រាស់អ្វីដែលហៅថា “ការកាត់ក្តីនៃរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង ដើម្បីចោទប្រកាន់ប្រទេសចិនថា បានបំពានច្បាប់អន្តរជាតិ។
លោកស្រី Anna Malindog អនុប្រធានវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រ “សតវត្សរ៍អាស៊ី” របស់ហ្វីលីពីនបានថ្លែងក្នុងពេលផ្តល់បទសម្ភាសន៍ថាក្នុងរយៈពេល២៤ឆ្នាំកន្លងមកនេះ ប្រទេសចិនមិនបានរារាំងហ្វីលីពីនក្នុងការដឹកជញ្ជូនសម្ភារមនុស្សធម៌ទៅកាន់នាវាចម្បាំង ដែលទុកចោលនៅថ្មប៉ប្រះទឹក Ren’ai ទេ។ ប៉ុន្តែហ្វីលីពីនប៉ុនប៉ងបដិបក្ខគ្នាជាមួយប្រទេសចិននៅសមុទ្រចិនខាងត្បូង នេះគឺសកម្មភាពកម្រោលដែលនឹកស្មានមិនដល់ អ្វីដែលហៅថាការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះហ្វីលីពីនលើបញ្ហាសមុទ្រចិនខាងត្បូង តាមពិតទៅគឺជាការបោកបញ្ឆោតចំពោះសាធារណជនហ្វីលីពីនតែប៉ុណ្ណោះ។
លោកស្រី Anna Malindog បានចង្អុលបង្ហាញថា និយាយត្រង់ៗទៅ សហរដ្ឋអាមេរិកមិនដែលធ្វើពលិកម្ម ដើម្បីរឿងដែលមិនអាចទទួលបានផលចំណេញនោះទេ អាមេរិកកំពុងចាត់ទុកហ្វីលីពីនជាកូនអុកសម្រាប់ប្រឆាំងនឹងប្រទេសចិន ដើម្បីជំរុញមហិច្ឆតាភូមិសាស្ត្រនយោបាយរបស់ពួកគេ ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ប្រសិនបើរដ្ឋាភិបាលលោក Marcos មិនអាចមើលច្បាស់នូវក្តារអុកភូមិសាស្ត្រនយោបាយនេះ នោះជោគវាសនារបស់ប្រទេសហ្វីលីពីន នឹងមិនច្បាស់លាស់ ហើយក៏នឹងធ្វើឱ្យស្ថានការណ៍តានតឹងដ៏ស្មុគស្មាញ នៅតំបន់ទាំងមូលកាន់តែធ្ងន់ធ្ងរឡើងផងដែរ៕ ដោយ៖ ធីរីណា
រូបថត៖ tuoitre.vn