ព័ត៌មានទាន់ហេតុការណ៍៖

អគ្គស្នងការនគរបាលជាតិ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារ សន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា

ចែករំលែក៖

ភ្នំពេញ ៖ នាថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣នេះ  នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការ សន្តិសុខ សណ្តាប់ធ្នាប់ និងសង្រ្គោះ និង នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ នៅនាយកដ្ឋានអង្គរក្ស។

បន្ទាប់ពី ឧត្តមសេនីយ៍ទោ ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ បានធ្វើបទបង្ហាញលម្អិតអំពីផែនការការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ រួចមក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ថា កិច្ចផ្សព្វផ្សាយផែនការការពារនៅថ្ងៃនេះ ៖

ទី១- គឺប្រគល់តួនាទីភារកិច្ចការដល់ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ដែលក្នុងនោះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ-ខេត្តកណ្តាល ត្រូវកសាងផែនការការពារជាក់ស្តែងរៀងៗខ្លួន។

 ទី២- គឺបញ្ជាការគោលដៅនីមួយៗ ត្រូវចុះពិនិត្យកែសម្រួលកម្លាំងតាមស្ថានភាពជាក់ស្តែង ។

និងទី៣- គឺប្រគល់ការទទួលខុសត្រូវដល់បញ្ជាការគោលដៅ ដើម្បីបន្សីកម្លាំងជាមួយអង្គភាពសហការ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានបញ្ជាក់ជូនកិច្ចប្រជុំផងដែរថា នៅក្នុងខែវិច្ឆិកាខាងមុខនេះ យើងមានព្រឹត្តការណ៍ធំ ២៖ 

ទី១- គឺខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ។

និងទី២- ការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលទាមទារឲ្យ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ រួមសហការគ្នាដើម្បីធានាបាននូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ថ្វាយជូន អង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិកំពូលៗ និងប្រជាពលរដ្ឋ។ ដើម្បីធានាបាននូវកិច្ចការទាំងនេះ កងកម្លាំង និងអាជ្ញាធរទាំងអស់ ត្រូវត្រៀមខ្លួនរួចជាស្រេច ទាំងកម្លាំងសរុប និងមធ្យោបាយសរុប។

ក្នុងកិច្ចប្រជុំនោះ នាយឧត្តមសេនីយ៍ ស ថេត ក៏បានស្នើដល់អាជ្ញាធរ និងបញ្ជាការគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ខ្ពស់ការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ពិសេសពង្រឹងកិច្ចសហការផ្លាស់ប្តូរព័ត៌មាន ដើម្បីមានវិធានទប់ស្កាត់ទាន់ពេលវេលា ករណីមានហេតុការណ៍កើតឡើងជាយថាហេតុ។ ត្រូវពង្រឹងការត្រួតពិនិត្យរដ្ឋបាល តាមបណ្តាគោលដៅសំខាន់ៗ សំដៅបង្ការ ទប់ស្កាត់ បទល្មើស ក៏ដូចជាធានារក្សាបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម។

ទន្ទឹមនោះ ក៏ត្រូវអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធនឹងគ្រឿងផ្ទុះ និងផ្សព្វផ្សាយឲ្យពួកគាត់មានការយោគយល់ចំពោះការបិទចរាចរណ៍មួយរយៈក្នុងអំឡុងពេលប្រារព្ធពិធី ពិសេសបងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាននៅជុំវិញបរិវេណកន្លែងប្រារព្ធពិធី។ កម្លាំងនគរបាលចរាចរណ៍ត្រូវយកចិត្តទុកដាក់ក្នុងការសម្រួលចរាចរណ៍តាមដងផ្លូវកុំឲ្យមានការកកស្ទះ។

ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានស្នើដល់អាជ្ញាធរ និងបញ្ជាការគ្រប់ថ្នាក់ ត្រូវយកចិត្តទុកគ្រប់គ្រងតាមដានបណ្តាញព័ត៌មានសង្គម ជៀសវាងមានការបំភ្លៃព័ត៌មានដែលនាំឲ្យមានបញ្ហាអសន្តិសុខដល់សង្គម។ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានសង្កត់ធ្ងន់ឲ្យសមត្ថកិច្ចទាំងអស់ មានការប្រុងប្រយ័ត្ន ក៏ដូចជាយកចិត្តទុកខ្ពស់ពាក់ព័ន្ធនឹងឧបករណ៍ដ្រូន ដើម្បីធានាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ កន្លែងទីតាំងប្រារព្ធពិធី៕

ដោយ ៖ សហការី


ចែករំលែក៖