ខេត្តកណ្តាល៖ នៅថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកតាមសណ្តស្ទឹងព្រែកត្នោត និងប្រព័ន្ធធារាសាស្ត្រ មួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី រួមជាមួយតំណាងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា តំណាងអង្គការJICA មន្ត្រីបច្ចេកទេស លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានចុះពិនិត្យស្ថានភាពប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលស្ថិតក្នុងគម្រោងជួសជុលកែលម្អឡើងវិញ ក្រោមជំនួយហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលជប៉ុនដែលគ្រោងនឹងបើកការដ្ឋានក្នុងឆ្នាំ២០២៤ ខាងមុខ មានប្រឡាយមេខាងជើងប្រវែង១១គីឡូម៉ែត្រ និងប្រឡាយមេខាងត្បូងប្រវែង១២គីឡូម៉ែត្រ។
សូមជម្រាបថា ទ្វារទឹករលាំងជ្រៃ ស្ថិតក្នុងឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលជាសំណង់ស្ទាក់បែងចែកទឹកទៅប្រឡាយមេខាងជើងប្រវែង ២០គីឡូម៉ែត្រ ស្ថិតក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល មានផ្ទៃដីស្រោចស្រពប្រមាណ ៤ ០០០ ហិកតា និងប្រឡាយមេខាងត្បូងប្រវែង ៤៥គីឡូម៉ែត្រមានផ្ទៃដីស្រោចស្រពប្រមាណជាង ១០ ០០០ ហិកតា ស្ថិតក្នុងខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងមួយផ្នែកនៃខេត្តកណ្តាល។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺឱ្យបន្តចុះតាមដានស្ថានភាពទឹកនៅតាមប្រព័ន្ធធារាសាស្ត្រ ដោយយកចិត្តទុកដាក់ខ្ពស់ក្នុងការរក្សាទឹកស្តុកទុកក្នុងអាង និងត្រូវត្រៀមលក្ខណៈជានិច្ចក្នុងការឆ្លើយតបចំពោះគ្រោះមហន្តរាយទឹកជំនន់ និងគ្រោះរាំងស្ងួត។
ក្នុងថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី អមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស បានបន្តចុះពិនិត្យស្ថានភាពទឹកនៅទំនប់៧មករា ក្នុងភូមិសាស្ត្រខេត្តកណ្តាល៕
ដោយ ៖ សហការី