ព័ត៌មានទាន់ហេតុការណ៍៖

បើសហរដ្ឋអាមេរិកឈប់ជួយអ៊ុយក្រែន រុស្ស៉ីនឹងទទួលជ័យជម្នះ

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្សាយថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ថា រុស្ស៉ីនឹងទទួលបានជ័យជម្នះនៅក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើសហរដ្ឋអាមេរិកបញ្ឈប់ការគាំទ្ររបស់ខ្លួនដល់ទីក្រុងកៀវ។
លោក Lloyd Austin ធ្វើការកត់សម្គាល់បែបនេះ អំឡុងផ្ដល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការមួយនៃព្រឹទ្ធសភាអាមេរិកស្ដីពីការស្នើសុំកញ្ចប់ថវិកា ១០៦ពាន់លានដុល្លាររបស់លោកប្រធានាធិបតី ចូ បៃដិន សម្រាប់ជួយអ៊ុយក្រែន អ៉ីស្រាអែល និងដោះស្រាយបញ្ហាសន្តិសុខនៅតាមតំបន់ព្រំដែនអាមេរិក។
ថ្លែងអំឡុងផ្ដល់សក្ខីកម្មនោះ ប្រមុខការពារជាតិអាមេរិករូបនេះបានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំអាចធានាបានថាប្រសិនបើគ្មានការគាំទ្ររបស់ពួកយើងនោះ (ប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀរ ពូទីន) នឹងទទួលបានជ័យជម្នះ។ ប្រសិនបើយើងហ៊ានតែបោះបង់ចោលពួកគេ (អ៊ុយក្រែន) នៅពេលនេះ លោកពូទីន នឹងកាន់តែខ្លាំងក្លា ហើយលោកនឹងទទួលបានជ័យជោគតាមដែលលោកចង់បាន»។
ដោយសំអាងថា ការគាំទ្រដល់ប្រទេសជាដៃគូនិងសម្ព័ន្ធមិត្តគឺជាបញ្ហាសំខាន់នៃសន្តិសុខជាតិអាមេរិក លោក បៃដិន បានស្នើសុំឱ្យសភាទំាង២អនុម័តកញ្ចប់ថវិកា ៦១.៤ពាន់លានដុល្លារសម្រាប់ជួយអ៊ុយក្រែន។ សភាទាំង២ របស់សហរដ្ឋអាមេរិកបានអនុម័តកញ្ចប់ថវិកា ១១៣ពាន់លានដុល្លារ រួចមកហើយសម្រាប់អ៊ុយក្រែនចាប់តាំងពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ីផ្ទុះឡើងកាលពីខែកុម្ភៈឆ្នាំ២០២២មក។
ប៉ុន្តែសព្វថ្ងៃ ការគាំទ្រនេះកំពុងជួបបញ្ហាដោយសារតែសហរដ្ឋអាមេរិកកំពុងផ្តោតលើការជួយអ៉ីស្រាអែល ក្នុងសង្រ្គាមប្រឆាំងក្រុមហាម៉ាស់និងការខ្វែងគំនិតគ្នា នៅក្នុងចំណោមសមាជិកតំណាងរាស្ត្រអាមេរិក ចំពោះការបន្តផ្ដល់ជំនួយដល់ទីក្រុងកៀវ៕ ដោយ៖ ធីរីណា

រូប​ថត​៖ Vietnamnet.vn


ចែករំលែក៖