ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានអបអរសាទរទីក្រុងបាត់ដំបង នៃខេត្តបាត់ដំបង ក្នុងឱកាសទទួលបានការចុះក្នុងបញ្ជី “បណ្តាញទីក្រុងច្នៃប្រតិដ្ឋផ្នែកម្ហូបអាហាររបស់អង្គការយូណេស្គូ (UCCN) កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។
លោកអភិសន្តិបណ្ឌិត ស សុខា មានប្រសាសន៍ថា៖ ខេត្តបាត់ដំបង គឺជាខេត្តខ្មែរទី១ ដែលត្រូវបានទទួលស្គាល់ក្នុងបណ្តាញខេត្ត ក្រុង ពិភពលោក របស់អង្គការយូណេស្គូ ស្តីពីការច្នៃប្រតិដ្ឋវប្បធម៌ក្នុងវិស័យម្ហូបអាហារ។
បណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្គូ (UCCN) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៤ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយទីក្រុងនានា ដែលបានកំណត់ការច្នៃប្រតិដ្ឋជាកត្តាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍទីក្រុង ប្រកបដោយនិរន្តរភាព។
បណ្តាញទីក្រុងច្នៃប្រតិដ្ឋ គឺជាដៃគូឯកសិទ្ធិរបស់អង្គការយូណេស្គូ មិនត្រឹមតែជាវេទិកាសម្រាប់ការឆ្លុះបញ្ចាំងពីតួនាទីនៃការច្នៃប្រតិដ្ឋ ជាគន្លឹះសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមូលដ្ឋានបង្កាត់ពូជនៃសកម្មភាព និងការច្នៃប្រតិដ្ឋ ជាពិសេសសម្រាប់ការអនុវត្តរបៀបវារៈឆ្នាំ២០៣០ សម្រាប់និរន្តរភាពនៃការអភិវឌ្ឍ៕
ដោយ ៖ សហការី