ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកបាកានឃាត់ខ្លួនមុខសញ្ញា​គ្រឿងញៀន​ម្នាក់ក្នុងករណីដឹកជញ្ជូន រក្សាទុក ជួញដូរនិងប្រើប្រាស់ខុសច្បាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖​ លោកវរសេនីយ៍ឯក​ នាង វុធ អធិការនៃអធិការដ្ឋាននគរបាលស្រុកបាកានបានឱ្យដឹងនៅព្រឹកថ្ងៃ​ទី០១​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះថា​ មុខសញ្ញា​គ្រឿង​ញៀន​ម្នាក់​ត្រូវ​បានកម្លាំងនគរបាលជំនាញ​ចុះស្រាវជ្រាវ​បង្រ្កាប​និងឃាត់ខ្លួន​ក្នុងបទល្មេីសជាក់ស្តែង​ ពាក់ព័ន្ធ​ករណី​ដឹកជញ្ជូន រក្សាទុក ជួញដូរនិងប្រើប្រាស់គ្រឿងញៀន​ដោយ​ខុសច្បាប់។ 

   លោកវរសេនីយ៍ឯក​ នាង វុធ​ បានឱ្យដឹងទៀតថា​ កាលពីរសៀលថ្ងៃទី៣១ ខែតុលាម្សិលមិញនេះ​ លោកវរសេនីយ៍ត្រី សាន់ គឹមជា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាប៉ោង បានដឹកនាំកម្លាំងប៉ុស្តិ៍ចំនួន០៥នាក់ សហការជាមួយកម្លាំងជំនាញស្រុកចុះបង្ក្រាបករណីដឹកជញ្ជូន រក្សាទុក ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន០១លើកនៅចំណុចលើផ្លូវលំក្រួសក្រហម ស្ថិតក្នុងភូមិផ្សារអណ្ដែត ឃុំអូរតាប៉ោង ស្រុកបាកាន។

    លោកវរសេនីយ៍ឯក នាង វុធ បានបញ្ជាក់ឲ្យដឹងថា ៖ ក្នុងកិច្ចសហប្រតិបត្តិការនេះដែរ សមត្ថកិច្ចនគរបាលស្រុកបាកានបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ពៅ ភារុំ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិបត់គគីរថ្មី ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ព្រមទាំងដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ០៤កញ្ចប់ ទម្ងន់ ៥១,៤២ក្រាម ថ្លឹងសាច់ថ្នាំសុទ្ធ ទូរស័ព្ទដៃ ០១គ្រឿងម៉ាក SAMSUNG កាបូបលុយពណ៌ខ្មៅចំនួន១ លុយខ្មែរចំនួន ៤៧,០០០រៀល និងម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម ឡើងតែម ០២១ ពណ៌ខ្មៅ គ្មានផ្លាកលេខ។

    បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងកម្លាំងបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីបំពេញបែបបទនិងចាត់ការតាមនីតិវិធី៕

ដោយ៖ អរុណរះ


ចែករំលែក៖