ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យពីរនាក់ករណីគាស់ផ្ទះអ្នកលក់មាសនិងប្ដូរប្រាក់នៅស្រុងថ្ពង ខេត្តកំពង់ស្ពឺ យកអស់មាស២៥០តម្លឹង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ គួររំលឹកឡើងថា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣កន្លងទៅ មានករណីលួចមានស្ថានទម្ងន់ទោស (គាស់ផ្ទះ) លួចយកគ្រឿងអលង្ការរបស់ អាជីវករលក់មាសនិងដូរប្រាក់នៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ៤៤ ភូមិមនោរម្យ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ក្រោយពីកើតហេតុកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌសហការជាមួយនឹងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ, ខេត្តសៀមរាប, ខេត្តបាត់ដំបងនិងខេត្តកោះកុង នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣បានធ្វើការឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ ចំនួន០២នាក់មានឈ្មោះដូចខាងក្រោម៖

*ទី១-ឈ្មោះ ប៉ិច ផាណ្ណៈ ភេទប្រុស អាយុ៣៩ឆ្នាំ មានស្រុកកំណើតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។

*ទី២-ឈ្មោះ ណាម វិចិត្រ ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅភូមិកំពង់ពិល ឃុំវត្តតាម៉ឹម ស្រុកសង្កែ ខេត្តបាត់ដំបង។

ក្រោយនាំយកមកនាយកដ្ឋានដើម្បីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ ពួកខ្លួនពិតជាបានធ្វើសកម្មភាពចូលលួចគាស់ផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺពិតប្រាកដមែន ដោយលួចបានគ្រឿងអលង្ការមាស និងផ្លាទីន ចំនួន២៥០តម្លឹង សរុបជាទឹកប្រាក់ចំនួន ១៦០,០០០ដុល្លារ ហើយបានគេចទៅលាក់ខ្លួននៅស្រុកកំណើតក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានតែម្តង។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងកម្លាំងជំនាញនាយកដ្ឋានបានប្រគល់ឱ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ ស សម


ចែករំលែក៖