ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងបិទស្ថានទូតនៅបរទេសដល់ទៅ២៥%នៅជុំវិញពិភពលោក

ចែករំលែក៖

តាមប្រភពព័ត៌មាន កូរ៉េខាងជើង បានត្រៀមលក្ខណៈបិទស្ថានទូតនៅបរទេសដល់ទៅ២៥% ដោយមិនបញ្ចាក់ពីមូលហេតុច្បាស់លាស់នោះឡើយ។ សារព័ត៌មានកូរ៉េខាងត្បូង បានផ្សាយថា អាចបណ្តាលមកពីការខ្វះហិរញ្ញវត្ថុ។
សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្សាយថា ក្នុងចំណោមស្ថានទូតដែលកូរ៉េខាងជើង កំពុងត្រៀមបិទនោះមានទាំងស្ថានទូតនៅអេស្ប៉ាញ ហុងកុង និងប្រទេសជាច្រើននៅអាហ្វ្រិក ដែលត្រូវបានគេមើលឃើញថាស្មើនឹងការបិទបេសកកម្មការទូតរបស់ទីក្រុងព្យុងយ៉ាង ប្រហែល២៥ភាគរយនៅទូទាំងពិភពលោក។
ស្ថាបនិកគេហទំព័រ NK Pro ខាងតាមដានកូរ៉េខាងជើង បានរៀបរាប់ក្នុងអត្ថបទមួយចុះផ្សាយនៅថ្ងៃពុធនេះថា ការបិទស្ថានទូតបែបនេះអាចជាការរង្គោះរង្គើគោលនយោបាយការបរទេសដ៏ធំបំផុតរបស់កូរ៉េខាងជើង ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដែលបង្កការលំបាកដល់ការរក្សាទំនាក់ទំនងការទូត កិច្ចការមនុស្សធម៌ ក៏ដូចជាសមត្ថភាពក្នុងការបង្កើនប្រាក់ចំណូល។ បេសកកម្មការទូតជាង ១០ អាចនឹងត្រូវបិទដែលទំនងជាដោយសារតែទណ្ឌកម្មអន្តរជាតិ និន្នាការនៃការផ្តាច់ទំនាក់ទំនងរបស់ទីក្រុងព្យុងយ៉ាងនៅទូទាំងពិភពលោក និងការចុះខ្សោយផ្នែក សេដ្ឋកិច្ចកូរ៉េខាងជើង។
ទីភ្នាក់ងារសារព័ត៌មាន Yonhap ក៏បានរាយការណ៍ផងដែរថា កូរ៉េខាងជើងនឹងបិទស្ថានទូតក្នុងប្រទេសអេស្ប៉ាញ ដោយប្រើបេសកកម្មរបស់ខ្លួននៅអ៉ីតាលី ដោះស្រាយកិច្ចការសម្រាប់អេស្ប៉ាញ។
កាលពីដើមសប្តាហ៍នេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA ទើបនឹងរាយការណ៍ថា ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង បានទៅជួបសម្តែង ការគួរសម និងជម្រាបលាមេដឹកនាំអង់ហ្គោឡា និងអ៊ូហ្កង់ដា ខណៈដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៃប្រទេសអាហ្វ្រិកទាំងពីរនេះ ក៏បានរាយការណ៍ពីការបិទស្ថានទូតកូរ៉េខាងជើងនៅទីនោះផងដែរ។ កូរ៉េខាងជើងមានទំនាក់ទំនងការទូតជាមួយប្រទេសចំនួន ១៥៩ ប៉ុន្តែមានបេសកកម្មទូតតែ ៥៣ ប៉ុណ្ណោះ នៅក្រៅប្រទេស ក្នុងនោះរួមមានទាំងស្ថានកុងស៊ុលចំនួន៣ និងការិយាល័យតំណាងចំនួន ៣៕ ដោយ៖ ធីរីណា

រូប​ថត​៖ vtc.vn


ចែករំលែក៖