ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ ទៀ សីហា ប្រជុំទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ ហឺ វេទុង អនុប្រធានគណៈកម្មាធិការយោធាមជ្ឈឹមនៃសាធារណរដ្ឋប្រជាមានិតចិន

ចែករំលែក៖

ប៉េកាំង៖ ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ និងជាមិត្តភាពនៅសាធារណរដ្ឋប្រជាមានិតចិន និងចូលរួមក្នុងវេទិកា សៀងសាន លើកទី១០ នៅទីក្រុងប៉េកាំងរសៀលថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូក្រសួងការ ពារជាតិ ជួបប្រជុំទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ ហឺ វេទុង ( He Weidong ) អនុប្រធានគណៈកម្មា ធិការយោធាមជ្ឈឹម នៃសាធារណរដ្ឋប្រជាមានិតចិន ។ អម ដំណើរឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាឱកាសនេះដែលមាន នាយឧត្តមសេនីយ៍ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយនិងកិច្ចការបរទេសក្រសួងការពារជាតិ,នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក អគ្គនាយដ្ឋានសម្ភារ:បច្ចេកទេស  នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង ខ.ភ.ម និងជាមេបញ្ជាការកងទ័ពជើងគោក,នាយ ឧត្តមសេនីយ៍ សឹង សំណាងអគ្គមេបញ្ជាការរង ខ.ភ.ម និងជាមេបញ្ជាការកងទ័ពជើងអាកាស នាយឧត្តម សេនីយ៍ មាស សំអុល នាយកនាយកដ្ឋានបុគ្គលិក ក្រសួងការពារជាតិ ព្រមទាំងនាយទាហានជាន់ខ្ពស់នៅក្នុងក្រសួងការពារជាតិជាច្រើនរូបទៀត ។

ក្នុងជំនួបនោះ លោក ហឺ វេទុង បានសម្តែងការស្វាគមន៍ ចំពោះ នាយឧត្តមសេនីយ៍ ទៀ សីហាដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងជាមិត្តភាពនៅសាធារណរដ្ឋប្រជាមានិតចិន និងចូលរួមក្នុងវេទិកាសៀនសានលើកទី ១០ នៅទីក្រុងប៉េកាំង ហើយសង្ឃឹម ថា តាមរយៈទស្សនកិច្ចនេះ កងទ័ពទាំងពីរ នឹងពង្រឹងនពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នាអោយមានការអភិវឌ្ឍរីកចម្រើនទៅមុខឥតឈប់ឈរ។ 

នាយឧត្តមសេនីយ៍ ទៀសីហា បានថ្លែងអំណរគុណដល់រដ្ឋាភិបាល ក៏ដូចជាប្រជាជនចិន ជានិច្ចកាលតែងតែគាំទ្រដល់ប្រទេសកម្ពុជា ជាពិសេសក្នុងពេលមានការឆ្លងជំងឺរាតត្បាតកូវីដ ១៩ ប្រទេសចិនបានផ្ដល់នូវឧបករណ៍សម្ភារៈបរិក្ខារពេទ្យ ឱសថ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺឆ្លងកូវីដ ១៩ ហើយក្នុងនោះសម្ដេច ពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ បានធ្វើការសហការជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលបានផ្តល់អំណោយវ៉ាក់សាំងកូវីដ១៩ សំរាប់ជួយស្រោចស្រង់ជីវិតប្រជាជនកម្ពុជា។

នាយឧត្តមសេនីយ៍ ទៀ សីហា បញ្ជាក់ទៀតថា ទំនាក់ ទំនងមិត្តភាពកម្ពុជា-ចិន គឺជាមិត្តភាពដ៏ល្អប្រសើរ និង មានភាពយូរអង្វែង ។ បច្ចុប្បន្ននេះកម្ពុជាបានកំពុង ធ្វើការអភិវឌ្ឍប្រទេសជាតិ ក្រោមម្លប់សន្តិភាព។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ ក្នុងការបន្តធ្វើសមយុទ្ធនាគមាស និង សមយុទ្ធទេវតាសន្តិភាព ដែលការអនុវត្តលំហាត់ហ្វឹកហ្វឺននេះក្នុងពេលកន្លងមក បាននាំមកនូវការពង្រឹងសមត្ថភាពដល់កងយោធពលខេមរៈភូមិន្ទ ។ 

លោក ហឺ វេទុង បានបញ្ជាក់ថា ទំនាក់ទំនងមិត្តភាព ចិន និង កម្ពុជា បានបង្កើតឡើងដោយការពូនជ្រុំ ដោយមេដឹកនាំជំនាន់មុន ។ មិត្តភាពចិន,កម្ពុជាបានចាក់ឫសយ៉ាងជ្រៅក្នុងបេះដូងរបស់ប្រជាជននៃប្រទេសទាំងពីរ ហើយទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសយើងទាំងពីរគឺជាទំនាក់ទំនងសំខាន់ដែលកង ទ័ពប្រទេសទាំងពីរ ត្រូវខិតខំអនុវត្តអោយបានល្អ និងជំរុញសហប្រតិបត្តិការកងទ័ពទាំងពីរអោយកាន់តែមានកម្រិតខ្ពស់៕

ដោយ៖ សូរិយា


ចែករំលែក៖