ខេត្តព្រះវិហារ ៖ កំណាត់ផ្លូវក្រាលដីល្បាយថ្ម ប្រវែងជិត៥៥គីឡូម៉ែត្រ ពីឧទ្យានជាតិតេជោសែនឫស្សីត្រឹប ដល់ព្រំដែនឡាវ ដែលការខូចខាតដោយជំនន់ទឹកភ្លៀង ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារជួសជុល ថែទាំឡើងវិញ ។ នេះបើយោងតាមការបញ្ជាក់ពី អង្គភាព មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានលម្អិតថា៖ ថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ក្រុមការងារថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបន្តសកម្មភាព ជួសជុល ថែទាំ កំណាត់ផ្លូវជាតិលេខ៩៤ ប្រវែង ៥៤,៩០គីឡូម៉ែត្រ ចាប់ពីឧទ្យានជាតិតេជោសែនឫស្សីត្រឹប ដល់ ឃុំកំពង់ស្រឡៅមួយ (ព្រំប្រទល់ កម្ពុជា -ឡាវ) ដោយធ្វើការថែមដីល្បាយថ្ម កៀរសម្រួល ស្រោចទឹក កិនបង្ហាប់ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
គួរបញ្ជាក់ផងដែរថា កំណាត់ផ្លូវនេះ ជាខ្សែរផ្លូវដែលតភ្ជាប់ពី ផ្លូវជាតិលេខ៩(ទីប្រជុំជនស្រុកឆែប) ឆ្ពោះទៅកាន់រមណីយដ្ឋានទឹកធ្លាក់ព្រះនិម្មិត ដែលជាតំបន់អេកូរទេសចរណ៍មួយ ជាប់ព្រំដែន កម្ពុជា-ឡាវ។
ខាងអង្គភាព មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សូមជូនពរការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋជួបតែសុខសុវត្ថិភាព ពិសេសសូមបើកបរគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នា៕
ដោយ ៖ សហការី