ព័ត៌មានទាន់ហេតុការណ៍៖

“កម្ពុជា និងចិន ត្រៀមប្រារព្ធឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន នៅឆ្នាំ២០២៤”

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារប្រកបដោយផ្លែផ្កាជាមួយ លោក Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ក្នុងឱកាស លោក ឯកអគ្គរដ្ឋទូត ចូលជួបសម្ដែងការគួរសម នៅទីស្តីការក្រសួង។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការកម្ពុជា-ចិន ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជន ទាំងពីរ ព្រមទាំងបានសម្តែងនូវសុទិដ្ឋិនិយមរួមគ្នាថា ភាពជាដៃគូជិតស្និទ្ធនេះនឹងកាន់តែរីកចម្រើន លូតលាស់បន្ថែមទៀត។ ភាគីទាំងពីរបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេក្នុងការអនុវត្ត កិច្ចព្រមព្រៀង និងកុងសង់ស៊ីស ដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ បានឯកភាពជាមួយគ្ន នាពេលកន្លងមក រួមមាន (១) ការដាក់ចេញនូវ “កិច្ចសហប្រតិបត្តិការត្បូងពេជ្រ” និង (២) ការ បង្កើត “ច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្ករ” ដែលសម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង បានឯកភាពគ្នា កាលពីខែកុម្ភៈ ឆ្នាំ២០២៣។

ភាគីទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តនូវជំនួបប្រកបដោយផ្លែផ្ការវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំចិន ជាពិសេសជំនួបជាមួយ លោកប្រធានាធិបតី ស៊ី ជីនពីង និង លោកនាយករដ្ឋមន្ត្រី លី ឈាង ក្នុងឱកាសទស្សនកិច្ចរបស់ សម្ដេចធិបតី ទៅកាន់ប្រទេសចិន។ លោកឧបនាយករដ្ឋមន្ត្រី និង លោកឯកអគ្គរដ្ឋទូត បានឯកភាពផ្តួចផ្តើមឱ្យមានសកម្មភាពគ្រប់ ជ្រុងជ្រោយ ដើម្បីត្រៀមប្រារព្ធ “ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន” ដែលគ្រោងធ្វើនៅឆ្នាំ ២០២៤ សំដៅទាក់ទាញទេសចរចិនមកទស្សនាកម្ពុជាបន្ថែមទៀត។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ឯកអគ្គរដ្ឋទូត ដែលបានបំពេញតួនាទីដ៏សំខាន់ក្នុងការសម្របសម្រួលដំណើរទស្សនកិច្ចកម្រិតខ្ពស់ និងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ… និងចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាមានិតចិន ដែលបានផ្ដល់ជំនួយនិងការគាំទ្រដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ដែលបានរួម ចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ព្រះរាជាណាចក្រកម្ពុជា។

បន្ថែមលើកិច្ចពិភាក្សាអំពីប្រធានបទទ្វេភាគី ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើបល្ល តំបន់និងអន្តរជាតិដែលជាប្រយោជន៍និងកង្វល់រួម ព្រមទាំងភាពជាដៃគូអាស៊ាន-ចិន និងសារៈសំខាន់ នៃការប្រកាន់ខ្ជាប់នូវមជ្ឈភាពអាស៊ាន៕ 

ដោយ ៖ សហការី


ចែករំលែក៖