ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តប្តេជ្ញាចិត្តអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនខ្ពស់ដើម្បីបុព្វហេតុជាតិនិងប្រជាជន

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល កំពុងគិតគូរយកចិត្តទុកដាក់ខ្ពស់ទៅលើជីវភាពរបស់កម្មករ និយោជិត និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនដើម្បីបុព្វហេតុជាតិនិងប្រជាជន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួនជិត២ម៉ឺននាក់ នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន២៩រោងចក្រ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅភូមិកោះគរ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បន្ទាប់ពីបោះឆ្នោតរួចហើយ មិនដែលនៅស្ងៀមនោះទេ ពោលគឺរាជរដ្ឋាភិបាល បានខិតខំបំពេញការងារទៅតាមគោលដៅដែលបានដាក់ចេញដើម្បីសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពគឺក្លាយទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋ ជឿទុកចិត្ត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យបន្តដឹកនាំប្រទេសចុះ គឺមិនខុសនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា អ្នកវិភាគខ្លះ បានត្រឹមតែវិភាគទ្រឹស្តីពិរោះស្តាប់ ប៉ុន្តែរាជរដ្ឋាភិបាល ធ្វើការងារជាក់ស្តែងនិយម មិនមែនទ្រឹស្តីនិយមនោះទេ ពោលគឺដើម្បីផលប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា។ 

សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតថ្លែងថា ៖ ការចុះជួបសំណេះសំណាលផ្ទាល់ជាមួយកម្មករ និយោជិត គឺដើម្បីស្វែង យល់ពីសុខទុក្ខរបស់កម្មករ និយោជិត និងផ្សព្វផ្សាយពីគោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីបំពេញតម្រូវការ របស់ប្រជាពលរដ្ឋ ឱ្យចំទិសដៅ និងជាក់ស្ដែងនិយម។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់គោលដៅឆ្នាំ២០៥០ កម្ពុជាក្លាយជាប្រទេសរីកចម្រើន។ សម្ដេចបន្តថា គោលដៅរបស់រាជរដ្ឋាភិបាល គឺដើម្បីជាតិ និងប្រជាជនកម្ពុជា ដែលជាអ្នកកំណត់ជោគវាសនាប្រទេស៕

ដោយ ៖ សហការី


ចែករំលែក៖