ព័ត៌មានទាន់ហេតុការណ៍៖

គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ, ទំនាក់ទំនងកម្ពុជា-ចិន, នយោបាយដឹកនាំ និងគ្រួសារ ជាសំណួរដែលអ្នកសារព័ត៌មានចិន ចោទសួរសម្តេចធិបតី ហ៊ុន ម៉ាណែត

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងដំណើរអញ្ជើញចូលរួមក្នុវេទិកា «ខ្សែក្រវាត់និងផ្លូវ» នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពី​ថ្ងៃ​ទី១៦ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រីកម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ពិសេសជាមួយអ្នកសារព័ត៌មាននៃបណ្តាញផ្សព្វផ្សាយដ៏ល្បីរបស់​ចិនក្នុងកម្មវិធី «Leader Talk»។

ក្នុងកិច្ចសម្ភាសន៍លើកដំបូងជាមួយបណ្តាញផ្សព្វផ្សាយដ៏ល្បីរបស់ចិនក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានអ្នកសារព័ត៌មានជជែកសួរលើប្រធានបទជាច្រើនមានដូចជា គំនិត​ផ្តួច​ផ្តើមខ្សែក្រវាត់និងផ្លូវ, ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចិន, នយោបាយដឹកនាំ និងជីវិតគ្រួសារ​ផងដែរ។

ខាងក្រោមនេះ គឺជាខ្លឹមសារទាំងស្រុងនៃបទសម្ភាសន៍រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារ​ព័ត៌មាន​ចិន៖

អ្នកសារព័ត៌មានចិន៖ សូមស្វាគមន៍សម្តេចធិបតីនាយករដ្ឋមន្ត្រីចូលរួមក្នុងកម្មវិធី «Leader Talk» នៅ​ក្នុង​ថ្ងៃនេះ! សម្តេចអញ្ជើញមកទីក្រុងប៉េកាំងលើកនេះ គឺដើម្បីចូលរួមវេទិកាកិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ខ្សែក្រវាត់ និងផ្លូវជាមួយយើង ដោយសម្តេចបានចូលរួមក្នុងពិធីបើកកម្មវិធីរួម ជាមួយនឹងថ្នាក់ដឹកនាំពិភព​លោក និងតំណាងប្រទេសជាង១៥០ ព្រមទាំងអង្គការអន្តរជាតិជាង៤០ទៀត ហើយបានស្តាប់សុន្ទរកថា​របស់លោកប្រធានាធិបតីស៊ី ដូចនេះជាការចាប់ផ្តើម តើសម្តេចអាចចែករំលែកជាមួយពួកយើង នូវខ្លឹម​សារ​​មួយចំនួនចេញពីសុន្ទរកថា ក៏ដូចពីក្នុងវេទិកានេះផងបានទេ?

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ល្អខ្ញុំគិតថាការផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ មានគោលបំណងជួយឱ្យយើងមានការរីកចម្រើន ឱ្យយើងមានលទ្ធភាពទទួលបានកាន់តែឆាប់រហ័ស ពិសេសប្រទេសមានការអភិវឌ្ឍន៍តិចតួច ទទួលបាន និងមានឱកាសអភិវឌ្ឍន៍ ពិសេសទទួលបានហិរញ្ញប្បទានកាន់តែឆាប់រហ័សក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដែលត្រូវការចាំបាច់សម្រាប់គាំទ្រការរីកចម្រើន និងការអភិវឌ្ឍន៍។

ប្រទេសកម្ពុជា ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីការផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនេះ ក៏ដូចជាប្រទេសជាច្រើនដែរ។ ខ្ញុំបានចូលរួមក្នុងវេទិកា៣ឆ្នាំជាប់គ្នា ដែលនេះ គឺជាការបង្ហាញពីការគាំទ្ររបស់យើងសម្រាប់វេទិកាខ្សែក្រវាត់ និងផ្លូវនេះ។ សម្រាប់លើកនេះ គឺជាការធ្វើដំណើរដំបូងរបស់ខ្ញុំក្នុងការចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវនេះ។

ជាបឋម ខ្ញុំសូមសម្តែងការអបអរសាទរចំពោះលោកប្រធានាធិបតី ស៊ី ជីនភីង និងរដ្ឋាភិបាលចិន ដែលបានរៀបចំដោយជោគជ័យនូវវេទិកានេះ។ ខ្ញុំយល់ថាប្រទេសកម្ពុជា ទទួលបានអត្ថប្រយោជន៍ជាច្រើនពីការផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវនេះ តាមរយៈការរៀបចំយុទ្ធសាស្ត្រដោយផ្សារភ្ជាប់ជាមួយនឹងគាំទ្រដែលបានពីការផ្តួចផ្តើមនេះ។ តាមរយៈការរៀបចំយុទ្ធសាស្ត្រ ដោយផ្សារភ្ជាប់ជាមួយនឹងការគាំទ្រដែលបានពីការផ្តួចផ្តើមនេះ។

អ្នកសារព័ត៌មានចិន៖ ប្រទេសចិន គឺជាប្រទេសដំបូងបំផុត ដែលសម្តេចបានមកទស្សនកិច្ចចាប់តាំងពីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី។ នាងខ្ញុំគិតថា នេះបង្ហាញពីសារៈសំខាន់ដ៏អស្ចារ្យសម្រាប់ទំនាក់ទំនងមិត្តភាពដែកថែបរបស់យើងដែលបានផ្តល់ឱ្យនូវទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងជាប្រពៃណី។ ដូច្នេះក្នុងនាមជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា តើអ្វីជាផែនការរបស់សម្តេច ដើម្បីធ្វើឱ្យទំនាក់ទំនងដែលរ៉ឹងមាំស្រាប់នេះ កាន់តែឆ្ពោះឡើងទៅមួយកម្រិតទៀត?

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទំនាក់ទំនងរបស់យើង ឬទិសដៅរបស់យើងក្នុងការចូលរួមគោលនយោបាយជាមួយប្រទេសចិន គឺមានការបន្ត និងភាពជាប់លាប់។ ឆ្នាំនេះ គឺជាខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរបស់យើង និងជាឆ្នាំនៃមិត្តភាពកម្ពុជា-ចិន។ នេះស្របនឹងការសន្មត់របស់ខ្ញុំក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា គោលដៅរបស់រាជរដ្ឋាភិបាលថ្មី គឺបន្តកសាងទំនាក់ទំនងដ៏ល្អនេះ ដែលមានរយៈពេល៦៥ឆ្នាំ និងស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការ ពង្រឹងជាពិសេសនៅក្នុងលក្ខខណ្ឌនៃការស្វែងរកមធ្យោបាយ ដើម្បីកែលម្អក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ (Diamond Hexagons) ដែលត្រូវបានបង្កើតឡើងនៅដើមឆ្នាំនេះ ដោយប្រធានាធិបតី ស៊ី ជីនពីង និងអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។ ក្នុងនោះរាជរដ្ឋាភិបាលថ្មី ប្តេជ្ញារក្សាគោលនយោបាយចិនមួយ យើងក៏បានគាំទ្រគំនិតផ្តួចផ្តើម ដែលដាក់ចេញដោយប្រធានាធិបតី ស៊ី ជីនពីង មានដូចជាគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ពិភពលោក គំនិតផ្តួចផ្តើមសន្តិសុខសកល គំនិតផ្តួចផ្តើមអរិយធម៌សកល រួមទាំងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវផងដែរ ដែលនឹងផ្តល់ជាវេទិកាដើម្បីធ្វើឱ្យសកលលោកមានភាពសុខដុមរមនា និងវិបុលភាព។

អ្នកសារព័ត៌មានចិន៖ សម្តេចបានលើកឡើងអំពីគំនិតផ្តួចផ្តើមទាំងនោះ ដែលស្នើឡើងដោយប្រធានាធិបតីស៊ី តើសម្តេចអាចបញ្ជាក់បន្ថែមពីសារៈសំខាន់នៃគំនិតផ្តួចផ្តើមទាំងនោះ ក្នុងការដោះស្រាយបញ្ហាប្រឈម និងស្ថានភាពដែលមិនធ្លាប់មានពីមុនមកដែលពិភពលោកប្រឈមមុខនាពេលបច្ចុប្បន្ននេះ?

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បាទ ដូចដែលបានដឹង ប្រទេសកម្ពុជា គឺជាប្រទេសដំបូងគេ ដែលគាំទ្រគំនិតផ្តួចផ្តើមទាំងនោះ។ ដូចខ្ញុំនិយាយគំនិតផ្តួចផ្តើមនេះ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការសម្រេចបាននូវភាពសុខដុមរមនា និងវិបុលភាព នៃពិភពលោក ឧទាហរណ៍ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ដែលសង្កត់ធ្ងន់លើគោលដៅនៃការអភិវឌ្ឍរួមបញ្ចូលដែលផ្តោតលើការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ ព្រមទាំងផ្តោតលើការអភិវឌ្ឍបៃតង សន្តិសុខសកលនាពេលនេះ។ គំនិតផ្តួចផ្តើមសន្តិសុខសកលសកល ជាការផ្តោតសំខាន់ និងជាការសង្កត់ធ្ងន់លើការទូត និងពហុភាគីនិយម ដែលជាមធ្យោបាយដោះស្រាយបញ្ហាក្នុងតំបន់ ឬបញ្ហាអន្តរជាតិ ដូចជាជម្លោះទាំងប្រពៃណី និងមិនមែនប្រពៃណី និងការផ្តួចផ្តើមអរិយធម៌សកល ដែលសង្កត់ធ្ងន់លើការគោរពគ្នាទៅវិញទៅមក។

ទស្សនៈខុសគ្នា និងគាំទ្រការគោរព និងមិនជ្រៀតជ្រែកគ្នាទៅវិញទៅមកលើកិច្ចការផ្ទៃក្នុង ដោយផ្អែកលើការមិនគោរពគ្នាទៅវិញទៅមកនូវអរិយធម៌ និងទស្សនៈផ្សេងគ្នា។ តាមរយៈបទពិសោធន៍ពីមុនដែលអ្នកបានឃើញវាកម្រណាស់ដែលប្រទេសមួយអាចគេចផុត ឬផ្តាច់ខ្លួនពីបញ្ហាសកល មានដូចជាជំងឺឆ្លង សង្គ្រាមជាដើម វាជាការឆ្លុះបញ្ចាំងពីការពិត នៃពាក្យថា សហគមន៍ពិភពលោកជាមួយនឹងការចែករំលែកនាពេលអនាគត។ ប្រការនេះ បានផ្តល់ឱ្យយើងនូវភាពចាំបាច់ក្នុងការធ្វើការរួមគ្នាលើកិច្ចខិតខំប្រឹងប្រែងរួមគ្នាមួយ ដើម្បីឱ្យមានការគិតគូរ និងការទទួលខុសត្រូវបន្ថែមទៀត សម្រាប់អនាគតនៃពិភពលោក មិនមែនគ្រាន់តែជាប្រទេសមួយប៉ុណ្ណោះទេ ដែលនេះជាកត្តាឱ្យយើងត្រូវគិតគូរក្នុងទិដ្ឋភាពជាសកល។

អ្នកសារព័ត៌មានចិន៖ នាងខ្ញុំសូមជំរាបពីបទពិសោធន៍ដែលក្រុមនាងខ្ញុំទទួលបានពេលទៅកាន់ប្រទេសកម្ពុជា កាលពីខែមករាកន្លងទៅ។ ក្រុមនាងខ្ញុំបានទៅទស្សនារាជធានីភ្នំពេញ និងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។ ពួកយើងធ្វើដំណើរតាមរថយន្តអ្នកបើកបរបាននិយាយថា កាលពីមុនគាត់ត្រូវចំណាយពេលពីមួយថ្ងៃ ទៅពីរថ្ងៃ ដើម្បីទៅមកភ្នំពេញ-ព្រះសីហនុ។ តែបច្ចុប្បន្ន ដោយសារផ្លូវល្បឿនលឿន គាត់អាចទៅមកបានពីរដងក្នុងមួយថ្ងៃ។ នេះជាការអភិវឌ្ឍន៍មួយគួរឱ្យកត់សម្គាល់។

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ មានគោលបំណងជួយឱ្យយើងរីកចម្រើន ឱ្យយើងមានលទ្ធភាពទទួលបានកាន់តែឆាប់រហ័ស ពិសេសប្រទេសប្រទេសមានការអភិវឌ្ឍន៍តិចតួច ទទួលបាន និងមានឱកាសអភិវឌ្ឍន៍ កាន់តែពិសេសទៀតទទួលបានហិរញ្ញប្បទានកាន់តែឆាប់រហ័សក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដែលត្រូវការចាំបាច់សម្រាប់គាំទ្រការរីកចម្រើន និងអភិវឌ្ឍន៍។ ប្រទេសកម្ពុជា ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីការផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនេះ ក៏ដូចជាប្រទេសជាច្រើនដែរ។ ម្សិលមិញ មានវាគ្មិនដែលជាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល បានលើកឡើងពីអត្ថប្រយោជន៍ដែលបានពីការផ្តួចផ្តើមនេះផងដែរ។ លោកស្រី បាននិយាយពីផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលផ្តល់អត្ថប្រយោជន៍មិនមែនតែមនុស្សមួយចំនួនទេ គឺដល់ប្រជាពលរដ្ឋទូទៅ ហើយនេះមិនត្រឹមតែអ្នកដែលត្រូវធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែវាពាក់ព័ន្ធនឹងសេដ្ឋកិច្ចផងដែរ។ ការសម្របសម្រួលពាណិជ្ជកម្មមានភាពប្រសើរឡើង។ ដូច្នេះសម្រាប់ប្រទេសកម្ពុជា ការអភិវឌ្ឍលើផ្នែកមួយនេះ ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណរបស់យើងផងដែរ ដែលជាការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ជាមួយនឹងការផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនេះផងដែរ។ កាលពី២ថ្ងៃមុន យើងទទួលបានភ្ញៀវទេសចរនៅព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប ដែលជាគម្រោងដ៏ធំធេងទៅទទួលបានពីការផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវនេះ។ ការវិវឌ្ឍនេះ បានជះឥទ្ធិពលលើជីវភាពប្រជាជនលើប្រទេសនានា ដែលរួមមានប្រទេសកម្ពុជាផងដែរ។ យើងខ្ញុំសូមវាយតម្លៃខ្ពស់។

អ្នកសារព័ត៌មានចិន៖ សម្តេចបានរៀបរាប់ថា គម្រោងអភិវឌ្ឍន៍របស់កម្ពុជា ផ្លាស់ប្តូរពីយុទ្ធសាស្ត្រចតុកោណ ទៅយុទ្ធសាស្ត្របញ្ចកោណដោយមានការផ្តោតការយកចិត្តទុកដាក់បន្ថែមថ្មីលើការអភិវឌ្ឍប្រកបដោយចីរភាព ហើយផ្នែកមួយទៀត ដែលពិតជាសំខាន់សម្រាប់ការអភិវឌ្ឍនេះ គឺភាពជឿនលឿន និងបច្ចេកទេស។ ដូច្នេះ តើការធ្វើការកាន់តែជិតស្និទ្ធជាមួយប្រទេសចិន មានអ្វីខ្លះ?

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បច្ចេកវិទ្យានាពេលបច្ចុប្បន្ន និងនាពេលអនាគត យើងប្រើប្រាស់យុទ្ធសាស្ត្របញ្ចកោណរបស់យើង អ្វីដែលត្រូវបានដាក់បន្ថែម គឹសេដ្ឋកិច្ចឌីជីថល ជាមួយនឹងប្រទេសចិន ដែលជាមហាអំណាចដែលកំពុងរីកចម្រើននៅក្នុងបច្ចេកវិទ្យាថ្មី។ ក្រុមហ៊ុនជាច្រើនមានគំនិតច្នៃប្រឌិតថ្មី ដោយក្រុមហ៊ុនចិន ជាក្រុមហ៊ុនមានសមត្ថភាពគ្រប់គ្រងបច្ចេកវិទ្យាផ្ទៃក្នុងរបស់ពិភពលោក ដូច្នេះតាមរយៈការមានការចូលរួមជាមួយប្រទេសចិន ជាពិសេសផ្នែកឯកជនជាមួយនឹងផ្នែកឯកជន យើងនឹងអាចជំរុញការផ្ទេរបច្ចេកវិទ្យា និងការវិនិយោគមកកម្ពុជាផងដែរ ដោយការនាំបច្ចេកវិទ្យាទាំងនោះ មកបណ្តុះបណ្តាលកម្លាំងពលកម្មដែលមានឥទ្ធិពលលើហេដ្ឋារចនាសម្ព័ន្ធរបស់យើង។ កម្ពុជា គិតថាទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ អាចផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកបាន។

អ្នកសារព័ត៌មានចិន៖ នេះជាមូលហេតុដែលសម្តេចធិបតី បានអញ្ជើញជួបជាមួយអ្នកតំណាងជាន់ខ្ពស់មកពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ចិន ដូចជា Huawei ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់សម្តេចកាលពីលើកមុន និងលើកនេះផងដែរ?

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បាទ ខ្ញុំពិតជាមានឱកាសបានជួបច្រើនជាមួយផ្នែកឯកជន កិច្ចប្រជុំនៃក្រុមហ៊ុនដែលបាននិងកំពុងវិនិយោគនៅកម្ពុជា និងជាច្រើនទៀត បានចាប់អារម្មណ៍លើការវិនិយោគ ហើយប្រទេសកម្ពុជា ដូចជាវិនិយោគិននៅក្នុងវិស័យថាមពលកើតឡើងវិញ បានចាប់អារម្មណ៍លើការវិនិយោគ ហើយប្រទេសកម្ពុជា ដូចជាវិនិយោគិននៅក្នុងវិស័យថាមពលកកើតឡើងវិញ ដែលវាជាការកសាងមូលដ្ឋានគ្រឹះសម្រាប់ស្ថិរភាពថាមពលនាពេលអនាគតរបស់យើង។ ទាក់ទឹងនឹងផលប៉ះពាល់បរិស្ថាន នៅក្នុងប្រទេសកម្ពុជា នឹងជំរុញការវិនិយោគបន្ថែម និងការនាំយកបច្ចេកវិទ្យាបន្ថែមទៀត។ មិនត្រឹមតែនៅក្នុងវេទិកាវិនិយោគរូបវ័ន្តនៃបច្ចេកវិទ្យាប៉ុណ្ណោះទេ យើងក៏បានចុះហត្ថលេខារវាងក្រសួងពាណិជ្ជកម្មរបស់យើងជាមួយក្រុមហ៊ុន Alibaba ដូច្នេះយើងអាចអនុញ្ញាតឱ្យកសិករ និងអាជីវកម្មខ្នាតតូច និងមធ្យមរបស់យើងពង្រីកការផ្សព្វផ្សាយទីផ្សារ។ ដូច្នេះ ខ្ញុំមានការរីករាយយ៉ាងខ្លាំង ដែលបានឃើញការរីកចម្រើន និងទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល រដ្ឋាភិបាល និងអាជីវកម្ម និងអាជីវកម្ម ទៅនឹងអាជីវកម្មរវាងប្រទេសទាំងពីរនូវកិច្ចសហប្រតិបត្តិការរបស់ខ្លួន ដែលហៅថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី៣.០ រវាងភាគីទាំងពីរ។

អ្នកសារព័ត៌មានចិន៖ សូមនិយាយបន្តិចអំពីកិច្ចសហប្រតិបត្តិការរវាងចិន និងអាស៊ាន ខណៈដែលភាគីទាំងពីរសម្លឹងរកការធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការរបស់ខ្លួនដែលហៅថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី៣.០ រវាងភាគីទាំងពីរ។ ដូច្នេះ តើសម្តេចគិតយ៉ាងណាសម្រាប់ដំណើរការនេះ?

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កត្តាដែលសំខាន់នោះ គឺត្រូវទទួលស្គាល់ថា ប្រទេសចិន គឺជាប្រទេសដៃគូពាណិជ្ជកម្មទីមួយរបស់អាស៊ាន និងជាប្រទេសមានវិនិយោគបរទេសផ្ទាល់ធំបំផុតទី៣ របស់អាស៊ាន ដែលជាប្រភពវិនិយោគទុនចូលទៅកាន់អាស៊ាន។ ការផ្តួចផ្តើមគំនិត ដើម្បីលើកកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន និងចិន៣.០ ដែលបានអនុម័តកាលពីឆ្នាំទៅនៅទីក្រុងភ្នំពេញ ដែលមានប្រទេសកម្ពុជា ជាប្រធានអាស៊ាននោះ ខ្ញុំយល់ថា គោលការណ៍សំខាន់ គឺដើម្បីជួយជំរុញលក្ខខណ្ឌនៃទំនាក់ទំនងពាណិជ្ជកម្មរបស់យើង មានន័យថា ក្នុងគោលបំណងជំរុញ និងកែលម្អយន្តការ និងលក្ខខណ្ឌ ដែលអាស៊ាន និងប្រទេសចិន អាចបង្កើនទំហំពាណិជ្ជកម្មផ្នែកទំនិញ និងសេវាកម្មរវាងភាគីទាំងពីរ ក្នុងគោលបំណងស្តារឡើងវិញ នូវសេដ្ឋកិច្ចក្រោយកូវីដ១៩ និងកសាងលក្ខខណ្ឌ ដែលនឹងជួយឱ្យទំនាក់ទំនងពាណិជ្ជកម្មរីកចម្រើន និងបន្សុាំទៅនឹងនិន្នាការជាសកលថ្មី តួយ៉ាងដូចជាបម្រែបម្រួល និងឌីជីថលូបនីយកម្ម។ ខ្ញុំយល់ថា ក្នុងករណីនេះ ប្រទេសកម្ពុជា និងប្រទេសចិន អាចសហការជាមួយប្រទេសដៃគូពាណិជ្ជកម្មរបស់ខ្លួន ក្នុងក្របខណ្ឌអាស៊ាន ដើម្បីរួមចំណែកដល់ការជួយសម្រួលដំណើរការនេះ។

អ្នកសារព័ត៌មានចិន៖ ដោយមានជំនួយពីគំនិតផ្តួចផ្តើមក្រវាត់ និងផ្លូវ ព្រមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន និងកម្ពុជា។ យើងឃើញថា វត្តមានរបស់កសិផលកម្ពុជានៅក្នុងទីផ្សារមានការកើនឡើង និងទទួលបានតម្លៃបន្ថែមផងដែរ។ ដូច្នេះ តើអ្វីជាផែនការរបស់សម្តេច ក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ?

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ខ្ញុំគិតថា មានលទ្ធភាពច្រើនក្នុងការជំរុញដំណើរការនេះ។ កាលពីដំណើរទស្សនកិច្ចរបស់ខ្ញុំ ហើយក្រោយពីទស្សនកិច្ចជាផ្លូវការរបស់ខ្ញុំមកកាន់ទីក្រុងប៉េកាំង ខ្ញុំបានចូលរួមក្នុងពិព័រណ៍អាស៊ាន-ចិន ដែលក្នុងឱកាសនោះ មានផលិតករ មានផ្នែកវិស័យឯកជនរបស់កម្ពុជាជាច្រើន បានយកផលិតផលរបស់ខ្លួនមកដាក់តាំងក្នុងពិព័រណ៍នោះ និងបានបង្កើតការប្រាស្រ័យទាក់ទងគ្នា ជាមួយក្រុមហ៊ុនផ្គត់ផ្គង់ និងអ្នកប្រើប្រាស់ក្នុងស្រុក។ ខ្ញុំចង់ឃើញឱ្យមានសកម្មភាពបែបនេះ កាន់តែច្រើនឡើងទៀត ហើយមិនត្រឹមតែលើផ្នែកផលិតកម្មកសិកម្មតែប៉ុណ្ណោះទេ តែមានផលិតផលផ្សេងៗទៀត ទៅថ្ងៃអនាគត។ ខ្ញុំទើបបានទទួលការចុះហត្ថលេខាលើអនុក្រឹត្យមួយ ដើម្បីកាត់បន្ថយបន្ទុកមួយចំនួននៃការនាំចេញ។

អ្នកសារព័ត៌មានចិន៖ យើងបានសម្ភាសន៍ឪពុករបស់សម្តេច សម្តេចតេជោ ហ៊ុន សែន អំឡុងពេលសម្តេចជានាយករដ្ឋមន្ត្រី កាលពីខែមករា កន្លងមក ហើយនាងខ្ញុំ បានសួរគាត់អំពីអ្វីដែលជាកត្តាសំខាន់ ក្នុងការគ្រប់គ្រងប្រទេស ហើយគាត់បាននិយាយដោយមិនស្ទាក់ស្ទើរថា គឺសន្តិភាព និងស្ថិរភាពនយោបាយ គឺជាគន្លឹះនៃអ្វីគ្រប់យ៉ាង។ ដូច្នេះក្នុងនាមសម្តេច ជានាយករដ្ឋមន្ត្រីពេលនេះ តើអ្វីជាអាទិភាពរបស់សម្តេច ក្នុងការកសាងប្រទេសឱ្យក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០២៥?

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យើងសម្រេចបាននូវសាមគ្គីជាតិនៅឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ យើងយល់ពីសារៈសំខាន់ និងភាពចាំបាច់ ក្នុងការរក្សាសន្តិភាព និងស្ថិរភាពជាមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍន៍ សម្រាប់រដ្ឋាភិបាលថ្មី ការប្តូរផ្តាច់របស់យើង គឺថែរក្សាការពារនូវសមិទ្ធផលរបស់រដ្ឋាភិបាលមុន ដែលជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភនានានោះ គឺសន្តិភាព និងស្ថិរភាព

និងខិតខំពង្រីកសកម្មភាពនានា តាមរយៈកិច្ចសហការ និងជំរុញសកម្មភាពនានា ដើម្បីជួយឱ្យសម្រេចគោលដៅឆ្នាំ២០៥០។ ជាថ្មីម្តងទៀត មូលដ្ឋានគ្រឹះ ដែលយើងត្រូវរក្សា គឺសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការរីកចម្រើនសេដ្ឋកិច្ច។

អ្នកសារព័ត៌មានចិន៖ នោះហើយជាមូលហេតុដែលសម្តេច បានកំណត់ពាក្យស្លោកមួយថា យើងត្រូវរួមគ្នាការពារសន្តិភាព និងឯកភាពជាតិរបស់យើងទាំងគ្នា។ មែនទេ?

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបណ្តុះបណ្តាលវិស័យយោធា ជាការងាររបស់ខ្ញុំ កាលពីខ្ញុំកាន់តំណែងជានាយទាហាន មុនពេលខ្ញុំឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ក្នុងទស្សនៈដ៏ច្បាស់លាស់របស់យើងក្នុងការពង្រឹងកម្លាំង យើងត្រូវការពង្រឹងកិច្ចសហការផ្នែកសន្តិសុខរវាងប្រទេសនានា ពីព្រោះយើងកំពុងដោះស្រាយបញ្ហាឆ្លងកាត់ព្រំដែន ដោះស្រាយសកម្មភាពឧក្រិដ្ឋឆ្លងកាត់ព្រំដែន ការគំរាមនានា ដែលមានឆ្លងកាត់ព្រំដែន ដូចជាមហន្តរាយ មនុស្សធម៌ និងភេរកម្មជាដើម។

អ្នកសារព័ត៌មានចិន៖ តើសម្តេចនឹងមានអ្វី សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន និងផ្នែកសន្តិសុខមិនប្រពៃណីមួយចំនួន ដូចជាការប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្មឆ្លងដែន និងការលួចបន្លំតាមប្រព័ន្ធអ៉ីនធើណិត?

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យើងបានខិតខំសហការជាមួយប្រទេសចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ដើម្បីស្រាយបញ្ហាទាំងនោះ។ សកម្មភាពឧក្រិដ្ឋទាំងនោះ មិនត្រឹមតែប៉ះពាល់ដល់ប្រជាពលរដ្ឋ ប៉ះពាល់ដល់ពាណិជ្ជកម្ម ប៉ះពាល់ដល់កិត្តិនាមរបស់ប្រទេសជាតិប៉ុណ្ណោះទេ តែបានប៉ះពាល់ដល់សុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់មានបញ្ហាទាំងនោះ។ យើងមិនត្រឹមតែសហការជាមួយប្រទេសចិនប៉ុណ្ណោះទេ តែក៏បានសហការក្នុងប្រទេសដែរ។ យើងខ្ញុំមានអាទិភាពចំនួន៥ សម្រាប់រដ្ឋាភិបាលអាណត្តិថ្មី ទាក់ទងដល់ការកែទម្រង់ ទាក់ទងដល់មន្ត្រីរាជការ សុខាភិបាល អប់រំ ការពង្រឹងការអនុវត្តច្បាប់ ការកែទម្រង់យុត្តិធម៌ ដើម្បីពង្រឹងសមត្ថភាព និងការប្តេជ្ញាចិត្តរបស់យើង ដើម្បីប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋ បទឧក្រិដ្ឋឆ្លងដែន គ្រឿងញៀន និងសកម្មភាពឧក្រិដ្ឋផ្សេងៗទៀត។ កងនគរបាលរបស់យើង បានធ្វើការងារជាមួយប៉ូលិសប្រទេសចិន ដើម្បីពង្រឹងកិច្ចប្រឹងប្រែងរួម និងកិច្ចសហការរបស់យើងប្រយុទ្ធប្រឆាំងសកម្មភាពទាំងនេះ។

អ្នកសារព័ត៌មានចិន៖ សម្តេចនាយករដ្ឋមន្ត្រី ក្រៅពីជាអ្នកនយោបាយ សម្តេចក៏ជាឪពុកគួរឱ្យស្រឡាញ់របស់កូនៗទាំងបីរបស់សម្តេចផងដែរ ដែលពេលខ្លះ សម្តេចបានបង្ហោះរូបថតគ្រួសារនៅលើបណ្តាញទំនាក់ទំនងសង្គម ហើយថែមទាំងបានជូនកូនប្រុសទៅសាលារៀន សូម្បីតែបន្ទាប់ពីចូលកាន់តំណេងហើយ យើងក៏បានដឹងថាកូនៗ របស់សម្តេចកំពុងរៀនភាសាចិន ហើយកូនស្រីច្បងរបស់សម្តេច ក៏អាចសរសេរពាក្យជូនពរជាភាសាចិនសម្រាប់ខួបកំណើតជីតា?

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រឿងរៀនភាសាចិន ជារឿងពិត សម្រាប់កូនស្រីទីមួយរបស់ខ្ញុំ។ នេះជាគំនិតរបស់គាត់ កាលពីគាត់អាយុ៦ឆ្នាំ។ គាត់បានទៅចូលរួមកម្មវិធីមួយ ដែលមានគ្រួសារខ្មែរ-ចិន ពេលគាត់មកវិញ គាត់សុំរៀនភាសាចិន។ បន្ទាប់មកប្អូនស្រីគាត់ កូនទីពីរ និងទីបី ក៏រៀនភាសាចិនដែរ។

អ្នកសារព័ត៌មានចិន៖ តើគុណតម្លៃអ្វីខ្លះ ដែលសម្តេចប្រកាន់ខ្ជាប់សម្រាប់ការចិញ្ចឹមបុត្រាបុត្រីរបស់សម្តេច?

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ខ្ញុំធំដឹងក្តីក្នុងគ្រួសារ ដែលឪពុករបស់ខ្ញុំ គាត់រវល់គ្រប់ពេល។ គាត់មានពេលតិចណាស់ជាមួយយើង។ ទង្វើ ការគិតគូរ ការថែទាំរបស់គាត់ និងការយកចិត្តទុកដាក់បង្ហាត់បង្រៀនយើងខ្ញុំ ឱ្យប្រឹងប្រែងក្នុងការងារ គោរពអ្នកដទៃ ថែទាំគ្នាទៅវិញទៅមក តែងតែមានចំពោះខ្ញុំ។ ក្រោយកូនស្រីខ្ញុំចាប់កំណើត ខ្ញុំធ្វើដំណើរច្រើន គ្មានពេលច្រើនជាមួយគាត់។ ឪពុកខ្ញុំ បានបង្រៀនយើងទាំងអស់គ្នា ពេលយើងទាំងអស់គ្នាធំដឹងក្តី។ កុំគិតតែខ្លួនឯងថា ជាកូនប្រុសកូនស្រីរបស់នាយករដ្ឋមន្ត្រី តែគិតថា យើងជាកូនចៅរបស់កសិករ។ សម្តីនេះ ជាមូលដ្ឋានគ្រឹះសម្រាប់រូបខ្ញុំ និងបងប្អូនខ្ញុំ និងបន្តដល់កូនរបស់យើងខ្ញុំដែរ។

អ្នកសារព័ត៌មានចិន៖ តើអ្វីដែលសម្តេចកោតសរសើរបំផុត ចំពោះឪពុករបស់សម្តេច?

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឪពុកខ្ញុំ ជាមនុស្សមានការលះបង់ និងទំនួលខុសត្រូវខ្ពស់ណាស់ គាត់មិនញញើត នឹងលះបង់ជីវិតគាត់ ដើម្បីបំពេញភារកិច្ច ដើម្បីប្រទេសជាតិ ដើម្បីប្រជាជនឡើយ។ គាត់ជាគំរូរបស់ខ្ញុំ មិនមែនដោយសារគាត់ជានាយករដ្ឋមន្ត្រីទេ គឺដោយសារភាពលះបង់របស់គាត់ និងខិតខំក្នុងការងាររបស់គាត់។ អ្វីដែលយើងធ្វើ ត្រូវផ្ចង់ស្មារតី ធ្វើឱ្យអស់លទ្ធភាព កុំសម្លឹងមើលទៅអ្វីផ្សេងទៀត។ នេះគឺជាគុណតម្លៃ ជាគំរូ ដែលគាត់បានផ្តល់ដល់រូបខ្ញុំ គឺត្រូវខិតខំតាមលទ្ធភាពធ្វើបាន និងមានទំនួលខុសត្រូវលើទង្វើរបស់យើង។

អ្នកសារព័ត៌មានចិន៖ នាងខ្ញុំចង់និយាយអំពីប្រធានបទមួយទៀត គឺអំពីវិស័យទេសចរណ៍នៅកម្ពុជា ព្រោះប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍ដ៏ល្បីមួយតាមរយៈអច្ឆរិយៈបុរាណ និងភាពទាក់ទាញ ហើយក្រសួងទេសចរណ៍កម្ពុជា បានដាក់ចេញនូវកម្មវិធីពិសេសមួយដែលមានឈ្មោះថា ត្រៀមសម្រាប់ប្រទេសចិន។ ដូច្នេះសម្តេចនាយករដ្ឋមន្ត្រី អាចចែករំលែកជាមួយពួកយើងបន្តិចបានទេ អំពីរបៀបដែលកម្ពុជា ត្រៀមលក្ខណៈរួចជាស្រេចទាក់ទង នឹងសន្តិសុខទាក់ទងនឹងកន្លែងស្នាក់នៅ និងការងារច្រើនទៀត ដើម្បីទាក់ទាញចិន ឱ្យកាន់តែច្រើនឡើង?

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាចាត់ទុកវិស័យទេសចរណ៍ជាប្រភពដ៏សំខាន់សម្រាប់​កំណើនសេដ្ឋកិច្ច។ យើងមានទេសចរណ៍ជាច្រើនមកពីប្រទេសចិន មុនកូវីដ១៩មានចំនួន ២.៣លាននាក់ទេសចរ។ យើងសង្ឃឹមថា នឹងបង្កើតចំនួននោះឡើងវិញ។ ក្រសួងទេសចរណ៍បានដាក់ចេញកម្មវិធីដ៏ទាក់ទាញសម្រាប់ទេសចរណ៍ឡើងវិញ ពិសេសមកពីប្រទេសចិន។ មានព័ត៌មានដែលបានធ្វើឱ្យប្រជាជនចិន មានការបារម្ភ មានការយល់ឃើញពីសន្ដិសុខក្នុងប្រទេសកម្ពុជា។

យើងខ្ញុំទទួលស្គាល់បញ្ហានេះ គ្មានប្រទេសណាដែលគ្មានបទឧក្រិដ្ឋនោះទេ។ តែបទល្មើស ឬសកម្មភាពឧក្រិដ្ឋទាំងនោះ មិនអាចយកមកធ្វើជាតំណាងប្រទេសកម្ពុជាទាំងមូលបានទេ។ ក្រៅពីមានបញ្ហាតូចតាច ប្រទេសកម្ពុជាមានសន្ដិភាព មានសន្ដិសុខ។

សូមបញ្ជូនសាររបស់ខ្ញុំ ទៅកាន់ប្រជាជនចិន សូមអញ្ជើញទៅទស្សនានៅប្រទេសកម្ពុជា យើងនឹងផ្ដល់គ្រប់ឱកាស។ ប្រទេសកម្ពុជា ជាប្រទេសអច្ឆរិយៈ ទេសចរដែលទៅកាន់ប្រទេសកម្ពុជា និយាយថា ប្រជាពលរដ្ឋកម្ពុជា ជាពលរដ្ឋដែលមានសន្ដានចិត្តល្អ រាក់ទាក់ ប្រទេសកម្ពុជាមានប្រាសាទបុរាណច្រើន។ ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋចិនជាមិត្ត សូមអញ្ជើញទៅទស្សនាប្រទេសកម្ពុជា ដើម្បីស្វែងយល់អំពីអ្វីដែលប្រទេសយើងអាចផ្ដល់ជូន មានប្រជាជនយើង មានវប្បធម៌យើង។

អ្នកសារព័ត៌មានចិន៖ នាងខ្ញុំសូមអរគុណ សម្ដេចជាខ្លាំងសម្រាប់ការចូលរួមជាមួយពួកយើងនៅថ្ងៃនេះ និងសម្រាប់ការចែករំលែកជាមួយពួកយើងផងដែរ។ យើងអាចមើលឃើញពីទិដ្ឋភាព និងផ្លែផ្កាជាច្រើន​ចេញពីគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ។ ជាមួយនឹងរឿងដ៏គួរឱ្យចាប់អារម្មណ៍ និងរំជួលចិត្តពីគ្រួសារ​របស់​សម្ដេច , សូមអរគុណ ៕ 

ដោយ ៖ សហការី


ចែករំលែក៖