ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំទៅអ្នកនយោបាយចាស់វស្សានៅក្រៅប្រទេសមួយរូប ដែលបន្តរកវិធីរិះគន់លើសញ្ញាបត្រថ្នាក់បណ្ឌិតរបស់សម្ដេច ដោយគ្រាន់តែយកសំអាងពីអ្នកសារព័ត៌មានបរទេសមួយរូប ដែលទៅសុំនិក្ខេបបទរបស់សម្ដេចមិនបាន នោះគឺជាការមិនយល់ពីអ្វីដែលជាការសិក្សាថ្នាក់បណ្ឌិតរបស់សម្ដេចនោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួនជិត២ម៉ឺននាក់ នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន២៩រោងចក្រ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅភូមិកោះគរ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា និក្ខេបបទបណ្ឌិតដែលសម្ដេចបានសរសេរកាលពីជាង២០ឆ្នាំមុន គឺផ្ដោតលើសហគ្រាសធុនតូច និងមធ្យម ដែលស្រាវជ្រាវពីបទពិសោធន៍របស់ប្រទេសនានាជិត១០០ប្រទេស គឺត្រូវនឹងបរិបទសង្គមបច្ចុប្បន្ន និងត្រូវសម្រាប់គ្រប់ប្រទេសកំពុងអភិវឌ្ឍ។
គួរបញ្ជាក់ផងដែរថា កន្លងមក យើងតែងតែឃើញទណ្ឌិត សម រង្ស៊ី ដែលអះអាងខ្លួនឯងថាជាអ្នកនយោបាយជើងចាស់នោះ ធ្វើការរិះគន់ទៅលើសញ្ញាបត្រសម្តេចធិបតី ហ៊ុន ម៉ាណែត ថា ជាសញ្ញាបត្រយោគយល់ និងសញ្ញាបត្រកម្រិត២ជាដើម ដែលប្រការនេះគឺជាការមួលបង្កាច់ខុសពីការពិត។
សូមបញ្ជាក់ថា ៖ នាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា សម្ដេចនឹងអញ្ជើញបើកកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារ ងាយរងហានិភ័យ ចំនួនប្រមាណ ១,៥លាននាក់។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាទៅក្រសួងការងារធ្វើយ៉ាងណាបង្កើតភាពងាយស្រួលដល់ពលរដ្ឋក្នុងការចុះឈ្មោះចូលរៀននេះ។
សម្តេចបានថ្លែងថា៖ «សូមក្រសួងស្ថាប័នដែលពាក់ព័ន្ធរៀបចំការបំពេញចុះឈ្មោះពីសំណាក់បងប្អូនរបស់យើងឲ្យបានមានភាពងាយស្រួល កុំឲ្យស្មុគស្មាញ ចៀសវាងកម្មករកម្មការិនីរបស់យើង ពិបាកចុះឈ្មោះចូលរៀន»។
ជាមួយគ្នានោះសម្តេចបានជំរុញដល់ក្រសួងការងារត្រូវពិភាក្សាជាមួយវិស័យឯកជន ដើម្បីដឹងពីជំនាញតម្រូវការដើម្បីបណ្ដុះបណ្ដាលឱ្យចំជំនាញដែលត្រូវការ។
ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និងបងប្អូនកម្មករនិយោជិតចំនួនប្រមាណ ១,៥លាននាក់ គ្រោងដាក់ឱ្យដំណើរ ការនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រួមគ្នាជាមួយប្រកាសការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី។
សម្តេចធិបតី៖ គោលនយោបាយរាជរដ្ឋាភិបាលមិនចេះតែនឹកឃើញនិយាយ និង ឆក់កណ្ដៀត ដូចអ្នកអង្គុយចាំរិះគន់នោះទេ ៕
ដោយ៖ សហការី