ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងឱ្យតាមរយៈប្រព័ន្ធបណ្ដាញសង្គមតេឡេក្រាមផ្លូវការរបស់សម្ដេចយ៉ាងដូច្នេះថា៖ «អង្ករខ្មែរជើងដំបូង» បានដឹកទៅដល់កំពង់ផែឥណ្ឌូនេស៊ីជាផ្លូវការ នាព្រឹកថ្ងៃ២ វិច្ឆិកា ២០២៣។
សម្ដេចធិបតី បានថ្លែងបន្តថា បន្ទាប់ពីចរចាបើកទីផ្សារបានសម្រេច នៅក្នុងខែសីហា ឆ្នាំ២០២៣ អង្កររបស់កម្ពុជាបានដឹកទៅដល់កំពង់ផែឥណ្ឌូនេស៊ីហើយ ដោយមានរៀបចំពិធីបើកកុងតឺន័របានរៀបចំធ្វើជាផ្លូវការ។
សម្ដេចធិបតី បានគូសបញ្ជាក់ថា នេះជាលទ្ធផលនៃកិច្ចខំប្រឹងប្រែងក្នុងការចរចាបើកទីផ្សារ និងជំរុញការនាំចេញរហូតបានសម្រេច តាមរយៈការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងការចូលរួមពីសំណាក់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ រាប់ចាប់តាំងពីក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏ដូចជាវិស័យឯកជនជាដៃគូ គឺសហព័ន្ធស្រូវអង្ករកម្ពុជា។
កិច្ចខំប្រឹងប្រែងទាំងអស់នេះ ធ្វើឡើងស្របទៅតាមគោលនយោបាយបញ្ចកោណដំណាក់កាលទី១ ផ្ដោតលើការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទ ដែលផ្ដោតលើការបន្តពង្រឹងតួនាទី និងការអភិវឌ្ឍវិស័យកសិកម្មឱ្យទំនើប សម្បូរបែប និងមានភាពធន់ ដែលគាំទ្រដល់ការអភិវឌ្ឍជនបទ សំដៅធានាសន្តិសុខ និង សុវត្ថិភាពស្បៀង, បង្កើនតម្លៃបន្ថែមខ្ពស់, ជំរុញភាពប្រកួតប្រជែង និងលើកកម្ពស់គុណភាពជីវភាពប្រជាជននៅទីជនបទ៕

ដោយ៖ សហការី
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច