ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រុមប្រឆាំងតែងរិះគន់រឿងរដ្ឋាភិបាលទៅខ្ចីលុយបរទេសមកអភិវឌ្ឍប្រទេស ប៉ុន្តែអ្នកទាំងនោះតែងតែប្រើប្រាស់សមិទ្ធផលដែលបានមកនោះដែរ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ពីមុនឱ្យតែសម្ដេចចេញទៅក្រៅប្រទេស ដើម្បីស្នើសុំកម្ចីមកវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ គឺដឹងតែមានពាក្យរិះគន់មិនចេះចប់ ប៉ុន្តែអ្នកទាំងនោះ «នៅពេលស្ពានធ្វើហើយ ប្រើដែរ»!

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួនជិត២ម៉ឺននាក់ នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន២៩រោងចក្រ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅភូមិកោះគរ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សម្ដេចធិបតីបានថ្លែងបន្តថា ជាក់ស្ដែងនៅពេលសម្ដេចតេជោខ្ចីលុយជប៉ុនមកសាងសង់ស្ពានគីហ្សូណា ឯខេត្តកំពង់ចាម ក៏មានអ្នករិះគន់សម្ដេចដែរ តែអ្នកទាំងនោះ «នៅពេលដែលស្ពានធ្វើហើយ ឆ្លងដែរ»។ ហើយអ្នកដែលតែងតែរិះគន់សសម្ដេចតេជោនិងរូបសម្ដេចផ្ទាល់ ថាទៅទាក់ទងតែចិន តែដល់ពេលចិនមកវិនិយោគ បើករោងចក្រ អ្នកទាំងនោះក៏បញ្ចូនកូនចៅឱ្យមកធ្វើការដែរ។

បន្ថែមពីលើនេះ សម្ដេចមហាបវរធិបតីបានគូសបញ្ជាក់ថា កម្ពុជាមិនបាត់បង់អធិបតេយ្យភាព ឬជំពាក់បំណុលគេវណ្ឌក ពីការខ្ចីលុយបរទេសមកអភិវឌ្ឍប្រទេសនោះទេ ហើយម្យ៉ាងទៀតប្រទេសច្រើនលើសលុបក៏សុទ្ធតែជំពាក់បំណុលគេដូចគ្នាដែរ។ ការខ្ចីលុយមកវិនិយោគរបស់កម្ពុជាធ្វើឡើងដោយការទទួលខុសត្រូវ ពោលគឺយកមកដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធធំៗ ដែលបម្រើឱ្យសេដ្ឋកិច្ចជាតិរបស់យើង ដូចជាស្ពាន ថ្នល់ ផ្លូវដែក និងព្រែកជីកហ្វូណន-តេជោ ជាដើម ហើយផលដែលបានមកគឺបានទៅប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូប។ 

សូមបញ្ជាក់ថា៖ គិតក្នុងរយៈពេល៣ខែ គិតចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា បានឧបត្ថម្ភសាច់ប្រាក់ជូនដល់ស្រ្តីមានផ្ទៃពោះ ទាំងមុនពេល និងក្រោយពេលសម្រាលកូនចំនួនប្រមាណ ៥ លានដុល្លារអាម៉េរិក ដើម្បីចូលរួមដល់សុខុមាលភាពមាតា និងទារកនៅតាមបណ្ដារោងចក្រ សហគ្រាសទូទាំងប្រទេសកម្ពុជា។

តាមយរៈកម្មវិធីចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតមកពីរោងចក្រសហគ្រាសនានា នៅក្រុងតាខ្មៅ ខេត្តកណ្តាល ចំនួនជិត ២ម៉ឺននាក់ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកានេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ឲ្យដឹងថា តារមយៈការអនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ ដល់ស្រ្តីមានផ្ទៃពោះ ទាំងមុនពេលសម្រាលកូន ពេលសម្រាលកូន និងក្រោយ ពេលសម្រាលកូនឲ្យបានល្អ និងកាន់តែមានភាពងាយស្រួល គិតចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាល បានចំណាយថវិកាប្រមាណ ៥លានដុល្លារអាម៉េរិក ដើម្បីជួយកម្មការិនី មន្រ្តីរាជការ មន្រ្តីកិច្ចសន្យា ជាស្រ្តីសម្រាលកូនចំនួន១ម៉ឺន ៥ពាន់ ៥០១នាក់ ចំនូនកូន ១ម៉ឺន ៥ពាន់ ៦១១នាក់ ដោយបានពិនិត្យសុខភាពមុនក្រោយសម្រាល ពេលសម្រាល និងចាក់វ៉ាក់សាំង សរុបចំនួន ៥ម៉ឺន ៣ពាន់ ៦១៤នាក់ករណី៕

ដោយ ៖ សហការី


ចែករំលែក៖