ព័ត៌មានទាន់ហេតុការណ៍៖

គោលការណ៍ “ឱ្យចប់ ឱ្យចេះ និងឱ្យមានការងារ” គឺជាពាក្យស្លោកគន្លឹះសម្រាប់ក្រុមការងារទទួលបន្ទុកលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន យុវនារី មកពីគ្រួសារក្រីក្រ

ចែករំលែក៖

ភ្នំពេញ ៖ គោលការណ៍ “ឱ្យចប់ ឱ្យចេះ និងឱ្យមានការងារ” គឺជាពាក្យស្លោកគន្លឹះសម្រាប់ក្រុមការងារទទួលបន្ទុកលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន យុវនារី មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យទូទាំងប្រទេស ចំនួន ១ លាន ៥ សែននាក់ យកទៅអនុវត្ត ក្នុងទិសដៅផ្តល់ការបណ្តុះបណ្តាលដល់សិក្ខាកាមឱ្យចំគោលដៅ ព្រមទាំងប្រកបដោយសមត្ថភាព និងជំនាញ ស្របតាមតម្រូវការការងារ និងទីផ្សារ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងសារគន្លឹះសំខាន់ៗក្នុងពិធីសំណេះសំណាលជាមួយកម្មករ-និយោជិត ចំនួន ១៨ ១៩០ នាក់ មកពីរោងចក្រ-សហគ្រាសចំនួន ២៩ នៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ តុលា ២០២៣ ។

ក្នុងនាមជានាយករដ្ឋមន្ត្រី និងជាអ្នកនយោបាយ គឺត្រូវទទួលបន្ទុកធ្វើគោលនយោបាយ រៀបចំផែនការ ចាត់តាំងអនុវត្ត តាមដានត្រួតពិនិត្យការអនុវត្ត និងធ្វើការវាយតម្លៃ ដើម្បីធានាដល់ប្រសិទ្ធផលសម្រាប់ជាតិ និងប្រជាជន ។ ដូចនេះ ទើបរាជរដ្ឋាភិបាលកម្ពុជា តែងយកគោលការណ៍ជាក់ស្តែងនិយម សម្រាប់យកទៅអនុវត្ត និងធ្វើសកម្មភាពដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន ។ ក្នុងន័យនេះ នាយករដ្ឋមន្ត្រី ចាំបាច់ត្រូវខិតខំរៀបចំ គិតគូរផែនការ គោលនយោបាយ ហើយពន្យល់ និងបកស្រាយដល់ប្រជាពលរដ្ឋឱ្យបានដឹង និងបានយល់ជ្រាបច្បាស់ថាអ្វីដែលជាគុណប្រយោជន៍ដែលនឹងត្រូវទទួលបានពីការដឹកនាំរបស់រាជរដ្ឋាភិបាល ។

ប្រជាពលរដ្ឋ បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺមិនខុសនោះទេ ពីព្រោះគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា បាន និងកំពុងក្លាយជាប្រទីបនាំផ្លូវ ដោយប្រែក្លាយជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបម្រើជាតិ និងប្រជាជនកម្ពុជា ។

សូមបងប្អូនទាំងអស់ចាប់យកឱកាសនេះ ដើម្បីជួយដល់ខ្លួនឯង អភិវឌ្ឍខ្លួន និងខិតខំដើម្បីការរីកចម្រើនទៅមុខ តាមរយៈការពង្រឹងសមត្ថភាព ពង្រឹងជីវភាពរស់នៅ ។ រាជរដ្ឋាភិបាល មានតួនាទីជាអ្នកបង្ហាញទីកន្លែងដែលមានបឹង និងបង្រៀនប្រជាពលរដ្ឋឱ្យចេះស្ទួចត្រី ហើយក៏នឹងផ្តល់ត្រីជូនដល់ប្រជាពលរដ្ឋដែលមានការលំបាក ងាយរងហានិភ័យ និងមានតម្រូវការអាទិភាព ដើម្បីអាចរស់នៅបានល្អ និងមានលទ្ធភាពតស៊ូជម្នះការលំបាក ។ កត្តាសំខាន់ ៣ ដែលរាជរដ្ឋាភិបាលប្រកាន់ខ្ជាប់ គឺ៖ ១. ការធានាបរិស្ថានសុខសន្តិភាព ការលើកទឹកចិត្តដល់ការវិនិយោគ និងប្រកបធុរកិច្ចគ្រប់ប្រភេទ, ២. ការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និង៣. ធនធានមនុស្ស៖ សុខភាព និងចំណេះដឹង ។

គោលដៅនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នឹងផ្តោតសំខាន់លើគោលការណ៍ “ឱ្យចប់ ឱ្យចេះ និងឱ្យមានការងារ” ដែលត្រូវនឹងជំនាញ ដើម្បីធានាដល់ការងារ និងការលើកស្ទួយជីវភាព ឱ្យមានភាពម្ចាស់លើជោគវាសនាខ្លួនឯងផង និងព្រមទាំងជួយជ្រោមជ្រែងដល់ក្រុមគ្រួសារផងដែរ ។ ជាមួយគ្នានេះ ក្រុមហ៊ុន ក៏អាចទទួលបាននូវបុគ្គលិកប្រកបដោយសមត្ថភាពពិតប្រាកដ ហើយអាចបំពេញការងារស្របតាមជំនាញ និងតម្រូវការ ។ 

ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់អាណត្តិនេះ  គឺជាគោលការណ៍ផ្តោតលើយុវជនជាង ១ លាន ៥ សែននាក់ មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដោយត្រូវ៖ 

ទី១. ការរៀបចំការចុះឈ្មោះ ដែលត្រូវធ្វើឱ្យងាយស្រួលទាំងផ្ទាល់ និងអនឡាញ, 

ទី២. ការចូលរៀនមិនបង់ប្រាក់ ហើយអ្នកមានប័ណ្ណក្រីក្រ នឹងមានប្រាក់ឧបត្ថម្ភប្រចាំខែ, 

ទី៣. ការរៀបចំកម្មវិធីសិក្សា ត្រូវមានភាពបត់បែន ទៅតាមលទ្ធភាពអ្នករៀន និងអ្នកធ្វើការ និង

ទី៤. ការបណ្តុះបណ្តាលចំពោះមុខ គឺផ្តោតលើ ១០ វិស័យ និង ៣៨ មុខជំនាញ ។ 

ដូចនេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវធានាឱ្យបានលើការបណ្តុះបណ្តាល៖ 

ទី១. ខ្លឹមសារនៃការបណ្តុះបណ្តាលឱ្យចំតម្រូវការមូលដ្ឋាន, 

ទី២. ទ្រឹស្តីត្រូវបូកជាមួយនឹងការអនុវត្ត ដោយយកការអនុវត្តឱ្យច្រើន, 

ទី៣. ជំរុញសិក្ខាកាមឱ្យទទួលបានការហាត់ការឱ្យបានច្រើន, 

ទី៤. ជួយផ្តល់នូវការលើកទឹកចិត្ត និងការបង្កលក្ខណៈផ្សេងៗ, 

ទី៥. រៀបចំវគ្គបណ្តុះបណ្តាលដែលមានភាពបត់បែន និងសមស្របទៅនឹងពេលវេលាធ្វើការស្នូលរបស់សិក្ខាកាម និង 

ទី៦. ត្រូវជំរុញការអនុវត្តការបណ្តុះបណ្តាលកូនជាងឱ្យសមស្របទៅតាមវិជ្ជាជីវៈ ៕

ដោយ ៖ សិលា


ចែករំលែក៖