សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្សាយថា ប្រទេសធំៗមួយចំនួននៅអាមេរិកឡាទីន នៅថ្ងៃពុធសប្តាហ៍នេះបានចេញមកថ្កោលទោសការវាយប្រហាររបស់អ៉ីស្រាអែលលើជំរំជនភៀសខ្លួនមួយមានប្រជាជនច្រើនក្នុងតំបន់ហ្កាហ្សា ដែលជាសញ្ញានៃការបែកបាក់ផ្នែកការទូតរវាងតំបន់និងប្រទេសនៅមជ្ឈិមបូព៌ា។
អាហ្សង់ទីន ដែលជាស្រុកកំណើតរបស់សហគមន៍ជ្វីហ្វដ៏ធំបំផុតនៅអាមេរិកឡាទីន ប៉េរូ និងម៉ិចស៉ិក បានសម្តែងការសោកស្ដាយចំពោះការវាយប្រហារ របស់អ៉ីស្រាអែលដែលមន្រ្តីតំបន់ហ្កាហ្សា នៅក្នុងទឹកដីគ្រប់គ្រងដោយក្រុមហាម៉ាស់និយាយថា បានសម្លាប់មនុស្សជិត ២០០នាក់។
ក្រសួងការបរទេសប៉េរូបានបញ្ជាក់ថា «ប៉េរូសូមថ្កោលទោស ហើយនឹងបន្តថ្កោលទោសអំពើហិង្សាពីកន្លែងណាក៏ដោយ»។ រីឯក្រសួងការបរទេសអាហ្សង់ទីន ក៏បានទទូចដល់អ៉ីស្រាអែល អនុញ្ញាតឱ្យមានការនាំយកជំនួយមនុស្សធម៌ចូលក្នុងតំបន់ហ្គាហ្សា។ មន្រ្តីទូតម៉ិចស៉ិក លោកស្រី Alicia Buenrostro បានលើកឡើងក្នុងសម័យប្រជុំបន្ទាន់របស់ UN ស្តីពីតំបន់ហ្កាហ្សាបានអំពាវនាវឱ្យមានការជជែកគ្នារកដំណោះស្រាយរដ្ឋពីរ។
ប៉ុន្មានថ្ងៃមុននេះ អ៉ីស្រាអែលបានបដិសេធការស្នើ សូម្បីតែពីសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ខ្លួន គឺសហរដ្ឋអាមេរិក ចំពោះការផ្អាកអំពើហិង្សា ដោយប្តេជ្ញាថានឹងកម្ទេចក្រុមហាម៉ាស់ដែលបានវាយប្រហារមកលើប្រទេសរបស់ខ្លួន កាលពីថ្ងៃទី៧ ខែតុលា សម្លាប់មនុស្ស ១,៤០០នាក់។ បើតាមក្រសួងសុខាភិបាល តំបន់ហ្កាហ្សា ប្រជាជនប៉ាឡេស្ទីន ៨,៧៩៦នាក់ បានស្លាប់ក្នុងការវាយប្រហារសងសឹករបស់អ៉ីស្រាអែល៕
ដោយ៖ ធីរីណា(រូបថត៖ AP)