ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់មន្ត្រីជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឱ្យដឹងនារសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា មានករណីលួចមានស្ថានទម្ងន់ទោសដោយការប្រព្រឹត្តអំពើហិង្សា(វ៉ៃនិងប្រើដែកទួណឺវីសចាក់ក) បង្កឡេីងកាលពីថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំ២០២៣ វេលាម៉ោង១៦ និង១០នាទី នៅត្រង់ចំណុចបុរីហេងឃាង ផ្ទះលេខA២ ផ្លូវបេតុង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ តាំង ឈុនបួយ ភេទស្រី អាយុ២៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខA២ ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ចំណែកជនសង្ស័យម្នាក់ដែលឃាត់ខ្លួនមានឈ្មោះ គឹម ម៉ារ៉ាឌី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅការដ្ឋានសំណង់ហេងឃាង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ចំពោះសម្ភារបន្សល់ទុក: ១-ទូរស័ព្ទដៃម៉ាក iphone ១៤ ចំនួន០១គ្រឿង, ២-ផ្លែទួណឺវីសចំនួន០១, ៣-ដែកសម្រាប់ឆ្កឹះសោចំនួន០២, ៤-កន្ត្រៃកាត់ក្រចកចំនួន០១។
គួរបញ្ជាក់ថា ៖ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៦និង១០នាទី ជនរងគ្រោះឈ្មោះ តាំង ឈុនបួយ ភេទស្រី អាយុ ២៩ឆ្នាំកំពុងសម្រាកនៅក្នុងបន្ទប់ជាន់ទី២ ផ្ទះលេខA២ ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានសាកថ្មទូរស័ព្ទដៃ០១គ្រឿងម៉ាក iphone ១៤ ពណ៌ខ្មៅ លើក្បាលដំណេកខាងឆ្វេងហើយជនរងគ្រោះក៏ដេកលក់ទៅ ។ បន្ទាប់មកជនសង្ស័យឈ្មោះ គឹម ម៉ារ៉ាឌី ភេទប្រុស អាយុ ៣៣ឆ្នាំ ជាកម្មករសំណង់ជួសជុលផ្ទះក្បែរផ្ទះជនរងគ្រោះបានឃើញទ្វារដំបូលចំហក៏បានលួចចូលទៅខាងក្នុងផ្ទះ ហើយឃើញជនរងគ្រោះ ដេកលក់នៅក្នុងបន្ទប់ រួចដាក់សាកថ្មទូរស័ព្ទដៃ០១គ្រឿងម៉ាក iphone ១៤ ពណ៌ខ្មៅ នៅក្បាលដំណេកខាងឆ្វេង ជនសង្ស័យក៏បានចូលក្នុងបន្ទប់ជនរងគ្រោះរួចធ្វើសកម្មភាពលួចយកទូរស័ព្ទដៃម៉ាកខាងលើ ស្រាប់តែជនរងគ្រោះភ្ញាក់ដឹងខ្លួនឃើញជនសង្ស័យកំពុងធ្វើសកម្មភាពលួចទូរស័ព្ទដៃរបស់ខ្លួនក៏បានស្រែកឆោឡោឱ្យអ្នកជិតខាងជួយ ហើយជនសង្ស័យឃើញជនរងគ្រោះស្រែកឆោឡោក៏បានយកដែកផ្លែទួណឺវីសចាក់កនិងវ៉ៃជនរងគ្រោះ ស្របពេលកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោកំពុងជិះម៉ូតូល្បាតក្នុងមូលដ្ឋានក្បែរកន្លែងកើតហេតុបានឮជនរងគ្រោះស្រែកឱ្យជួយ ក៏បានចូលទៅជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យខាងលើរួមនឹងវត្ថុតាងមាន១-ទូរស័ព្ទដៃម៉ាកiphone១៤ចំនួន០១គ្រឿង, ២-ផ្លែទួណឺវីសចំនួន០១, ៣-ដែកសម្រាប់ឆ្កឹះសោចំនួន០២, ៤-កន្ត្រៃកាត់ក្រចកចំនួន ០១ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោធ្វើការសាកសួរតាមនីតិវិធីច្បាប់។
ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពចូលក្នុងផ្ទះ លួចយកទូរស័ព្ទដៃរបស់ជនរងគ្រោះប្រាកដមែន រួចជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ។ ដោយឡែកវត្ថុតាង សមត្ថកិច្ចក៏បានប្រគល់ឱ្យជនរងគ្រោះវិញផងដែរ ៕
ដោយ ៖ ភារ៉ា ដង្កោ