ខេត្តព្រៃវែង៖ យោងតាមសេចក្តីជូនដំណឹងរបស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ក្នុងពេលថ្មីៗនេះ មានការចែករំលែកព័ត៌មានមិនច្បាស់លាស់លើបណ្ដាញសង្គម ស្ដីពីការឃាត់ខ្លួន មន្ត្រីនគរបាលខេត្តព្រៃវែងចំនួន ១១ នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន បញ្ជូនទៅមណ្ឌលស្តារនីតិសម្បទា ព្យាបាលបន្សាបអ្នកញៀនគ្រឿងញៀន ។
ពាក់ព័ន្ធខ្លឹមសារខាងលើនេះ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមធ្វើការបកស្រាយជូនសាធារណជនទាំងអស់មេត្តាជ្រាបថា៖ ដោយមានការចង្អុលដឹកនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិកម្ពុជា ចាប់ពីថ្ងៃទី ០៩ ខែ តុលា ២០២៣ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បើកយុទ្ធនាការ ធ្វើតេស្តស្វែងរកសារធាតុគ្រឿងញៀន ពីលោកស្នងការ លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យ បណ្តា អធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង ១៣ វរនគរបាលការពារព្រំដែនលេខ ៦០៧ ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១១៦ និងមន្ត្រីនគរបាលទូទាំងខេត្តព្រៃវែង ។ ជាលទ្ធផលគិតត្រឹមថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២៣ ក្រុមការងារបានស្វែង រកឃើញមន្ត្រីនគរបាលដែលជាអ្នកប្រើប្រាស់គ្រឿងញៀនចំនួន ១១ នាក់ ។
ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា ស្នងការដ្ឋាននគរបាលខេត្តបានបញ្ជូនមន្ត្រីនគរបាលទាំង ១១ នាក់នោះទៅកាន់ មណ្ឌលស្តារនីតិសម្បទា ព្យាបាលបន្សាបអ្នកញៀនគ្រឿងញៀន ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ដោយឡែកចំពោះរូបភាពអនុវត្តវិន័យយ៉ាងណានោះ ស្នងការដ្ឋាននគរបាលខេត្តនឹងអនុវត្តយ៉ាងម៉ឺងម៉ាត់ បំផុត តាមគោលការណ៍សម្រេចពីថ្នាក់ដឹកនាំនាពេលក្រោយ ។
ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណ និងត្រៀមជាស្រេចដោយក្តីរីករាយ ដើម្បីទទួល រាល់កិច្ចសហការ មតិរិះគន់ស្ថាបនាពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ពិសេសតាមបណ្តាញសារព័ត៌មាន ដែលកន្លងមក បានចូលរួមសហការ និងបន្តសហការក្នុងការបង្ការ បង្ក្រាបបទល្មើសគ្រឿងញៀន ព្រមទាំងសំរិតសំរាំងដល់មន្ត្រីនគរបាលយើងខ្ញុំ ៕
ដោយ៖ សហការី