ព័ត៌មានទាន់ហេតុការណ៍៖

នាយអាវុធហត្ថខេត្តកំពង់ស្ពឺ ចំនួន ៦រូប ត្រូវចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រះសីហនុ ចេញដីកាបង្គាប់ឱ្យឃុំខ្លួន កាលពីល្ងាចម្សិលមិញ ពីបទ សមគំនិតក្នុងអំពើជួញដូរដោយខុសច្បាប់នូវសារធាតុ ញៀន និងបទទទួលផលបទល្មើសគ្រឿងញៀន

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នាយអាវុធហត្ថចំនួន ៦រូប ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចេញសេចក្តីសន្និដ្ឋានបញ្ជូនឱ្យស៊ើបសួរ (ចោទប្រកាន់)  ពីបទ សមគំនិតក្នុងអំពើជួញដូរដោយខុសច្បាប់នូវសារធាតុ ញៀន និងបទទទួលផលបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពី កម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថព្រះសីហនុ ឃាត់ខ្លួនកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ នៅខេត្តកំពង់ស្ពឺ ។ លុះដល់ល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក លី លីបម៉េង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រះសីហនុ សម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួន ដាក់ពន្ធនាគារបណ្ដោះអាសន្ន។ 

១-ឈ្មោះ លី ប៊ុនកាយ ភេទប្រុស អាយុ៤៥ ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើតនៅ ភូមិក្រាំង ឃុំត្រពាំងធំ ក្រុងកំពត ខេត្តកំពត ទីលំនៅបច្ចុប្បន្នមុនពេលឃាត់ខ្លួននៅ ភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្ត កោះកុង មុខរបរ មន្ត្រីកងរាជអាវុធហត្ថ ឪពុកឈ្មោះ លី អៀវ “ស” ម្តាយឈ្មោះ ឈីវ ប៉ាន “រ“ ជានីតិជន ប្រវត្តិនៃការផ្តន្ទាទោសដោយតុលាការពីមុន (គ្មាន) ។ 

-ឃាត់ខ្លួនកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ។

ជននេះត្រូវបានដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ សមគំនិតក្នុងអំពើជួញដូរដោយខុសច្បាប់នូវសារធាតុ ញៀន និងបទទទួលផលបទល្មើសគ្រឿងញៀន ប្រព្រឹត្តនៅ ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ និងនៅ ភូមិ៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីអំឡុងឆ្នាំ២០១៧-២០១៨ រហូតមកដល់បច្ចុប្បន្ន (មុនពេលឃាត់ខ្លួន) បទល្មើសដែលមាន បញ្ញត្តិឲ្យផ្ដន្ទាទោសតាមមាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ ,មាត្រា ៤០ និងមាត្រា ៥៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យ គ្រឿងញៀន ។

២-ឈ្មោះ ពេជ្រ ទីន ភេទប្រុស អាយុ៤៣ ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើតនៅ ភូមិរលាំងសង្កែ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទីលំនៅបច្ចុប្បន្នមុនពេលឃាត់ខ្លួននៅ ភូមិរលាំងសង្កែ ឃុំរលាំងសង្កែ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មុខរបរ មន្ត្រីកងរាជអាវុធហត្ថ ប្រពន្ធឈ្មោះ សំ នី “រ“ មានកូនចំនួន ០៣ នាក់ ឪពុកឈ្មោះ គង់ អូន “រ” ម្តាយឈ្មោះ ទឹម វណ្ណឌី “រ” ជានីតិជន ប្រវត្តិនៃការផ្តន្ទាទោសដោយតុលាការពីមុន (គ្មាន) ។

៣-ឈ្មោះ សម តាម្នី ភេទប្រុស អាយុ៣៤ ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើតនៅ ភូមិសៅកែ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទីលំនៅបច្ចុប្បន្នមុនពេលឃាត់ខ្លួននៅ ភូមិផ្សារត្រពាំងក្រឡឹង ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មុខរបរ មន្ត្រីកងរាជអាវុធហត្ថ ប្រពន្ធឈ្មោះ ឃុត សាវី “រ” មានកូនចំនួន ០៣ នាក់ ឪពុក ឈ្មោះ សម សុផល “ស” ម្តាយឈ្មោះ ឡេង ចាន់រ៉ា “រ” ជានីតិជន ប្រវត្តិនៃការផ្តន្ទាទោសដោយតុលាការពីមុន (គ្មាន)។ 

៤-ឈ្មោះ ប្រាក់ ពុធរដ្ឋា ហៅ ថា ភេទប្រុស អាយុ៥៣ ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើតនៅ ភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ទីលំនៅបច្ចុប្បន្នមុនពេលឃាត់ខ្លួននៅ ភូមិ៤ ឃុំត្រែងត្រយឹង ស្រុកភ្នំ ស្រួច ខេត្តកំពង់ស្ពឺ មុខរបរ មន្ត្រីកងរាជអាវុធហត្ថ ប្រពន្ធឈ្មោះ បួង ចន្ទ “” (លែងលះ) មានកូនចំនួន ០៣ នាក់ ឪពុកឈ្មោះ ប្រាក់ ឈឺន “ស” ម្តាយឈ្មោះ ហ៊ែល យ័ន “ស” ជានីតិជន ប្រវត្តិនៃការផ្តន្ទាទោសដោយតុលាការពីមុន (គ្មាន) ។

៥-ឈ្មោះ ទិត្យ វណ្ណៈ ហៅ លូ ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើតនៅ ភូមិព្រះស្រែ ឃុំព្រះស្រែមុខ ស្រុកកញ្ចៀច ខេត្តព្រៃវែង ទីលំនៅបច្ចុប្បន្នមុនពេលឃាត់ខ្លួននៅ ភូមិ៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មុខរបរ មន្ត្រីកងរាជអាវុធហត្ថ ប្រពន្ធឈ្មោះ អ៊ុក សម្ផស្ស “រ” មានកូនចំនួន ០៣ នាក់ ឪពុក ឈ្មោះ ហែម – ទិត្យ “ស” ម្តាយឈ្មោះ ចាន់ ពត ជានីតិជន ប្រវត្តិនៃការផ្តន្ទាទោសដោយតុលាការពីមុន (គ្មាន) ។

៦-ឈ្មោះ យស ឌីណា ភេទប្រុស អាយុ៥១ ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើតនៅ ភូមិលៀប ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ទីលំនៅបច្ចុប្បន្នមុនពេលឃាត់ខ្លួននៅ ភូមិតាឡាត់ចាស់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មុខរបរ មន្ត្រីកងរាជអាវុធហត្ថ ប្រពន្ធឈ្មោះ ស៊ុន ស្រីពេជ្រ មានកូនចំនួន ០២ នាក់ “រ” ឪពុកឈ្មោះ យស សាមុល “រ” ម្តាយឈ្មោះ សេត សុង “ស” ជានីតិជន ប្រវត្តិនៃការផ្តន្ទាទោសដោយតុលា ការពីមុន (គ្មាន) ។

សូមបញ្ជាក់ថា : ជនត្រូវចោទ អតីតជានាយកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទាំង ៦ រូប មានតួនាទីជាមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺមួយរូប , ជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួចមួយរូប, ជាមេបញ្ជាការរងស្រុកមួយរូប, និងជានាយអាវុធហត្ថនៅតាមស្នាក់ការចំនួន ៣ រូប ។ ប្រតិបត្តិការបង្ក្រាបក្រុម ជាប់ចោទ ពីបទ សមគំនិតក្នុងអំពើជួញដូរដោយខុសច្បាប់នូវសារធាតុ ញៀន និងបទទទួលផលបទល្មើសគ្រឿងញៀន ដែលកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុឃាត់ខ្លួន គឺជាវិធានការក្តៅបំផុត ដែលនាយឧត្តមសេនីយ៍សៅសុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស គ្មានការអនុគ្រោះ លើកលែង ចំពោះនាយអាវុធហត្តណា ដែលជាប់ពាក់ព័ន្ធនិងបទល្មើសឡើយ។ 

សូមជម្រាបជូនថា, បន្ទាប់ពីសមត្ថកិច្ច កងរាជអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួននាយអាវុធហត្ថខេត្តកំពង់ស្ពឺចំនួន ៦ រូប ក៏បន្តនីតិវិធី ឈានដល់ឃាត់ខ្លួននាយនគរបាលចំនួន ២ រូបទៀត កាលពីល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ក្នុងនោះម្នាក់ ជាអធិការរង នគរបាលស្រុកភ្នំស្រួចទទួលបន្ទុកគ្រឿងញៀន និងនាយប៉ុស្តិ៍ត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖