ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក.ប.ប បានឱ្យដឹងនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា៖ មន្ត្រីជំនាញ ក.ប.ប. បន្តបេសកកម្មត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារជូនបងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត-រាជធានី ដើម្បីបន្តយុទ្ធនាការការពារនូវសុខុមាលភាពប្រភាពប្រជាពលរដ្ឋ និងសិទ្ធិរបស់អ្នកប្រើប្រាស់។
មន្ត្រីជំនាញ បានឱ្យដឹងទៀតថា នាថ្ងៃទី៣១ ខែតុលា និងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ សាខា ក.ប.ប. ខេត្តកណ្តាល ព្រះសីហនុ កំពត ស្វាយរៀង រតនគិរី និងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងមន្ត្រីជំនាញចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារតាមបណ្តាទីផ្សារសំខាន់ៗ ដោយបានធ្វើតេស្តបឋមដោយផ្ទាល់ និងនៅលើរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ផ្សេងៗលើទំនិញហូបចុករួមមាន ត្រីងៀត គ្រឿងសមុទ្រ ប្រហិត ស្លាបមាន់ ពពុះសណ្តែក ។ល។ សរុបចំនួន ៣៧គំរូ។
យោងតាមលទ្ធផលវិភាគ មន្ត្រីជំនាញ បានឱ្យដឹងថា មានការដាក់សារធាតុគីមីហាមឃាត់បូរ៉ាក់ (Borax) លើទំនិញ ពពុះសណ្តែក ចំនួន ០.៨៥គីឡូក្រាម និងត្រូវបានមន្ត្រីយើងដកហូតភ្លាមៗ។
ជាមួយគ្នានេះដែរ មន្ត្រីជំនាញបានរកឃើញទំនិញចម្រុះមិនមានអនុលោមភាព ខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ១២២.៧៥គីឡូក្រាម ដោយធ្វើការដកហូតយកមករក្សាទុកនៅសាខា រួមទាំងចាត់វិធានការលើភេសជ្ជៈរំលោភសិទ្ធិផ្តាច់មុខចំនួន ៥កេស ស្មើនឹង ៣៩.៦លីត្រ។ ចំណែកឯអាជីវករ ត្រូវបានទទួលនូវការពិន័យអន្តរការណ៍ ចំពោះទង្វើល្មើសច្បាប់របស់ខ្លួន តាមរយៈចេតនាដាក់លក់ទំនិញមិនមានអនុលោមភាព នៅចំពោះមុខមន្ត្រីជំនាញ៕
ដោយ៖ សហការី