ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការបរទេសចិន៖ យើងមិនអាចបណ្តោយឱ្យសោកនាដកម្មនៅហ្គាហ្សាបន្តទៅមុខបានទេ

ចែករំលែក៖

ថ្លែងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអូម៉ង់ កាលពីថ្ងៃទី ១ ខែវិច្ឆិកា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានសង្កត់ធ្ងន់ថា ស្ថានភាពបច្ចុប្បន្ននៅតំបន់ហ្គាហ្សាស្ទ្រីបកាន់តែយ៉ាប់យ៉ឺនហើយ គ្មានប្រទេសទទួលខុសត្រូវណាមួយអាចអនុញ្ញាតឱ្យមានសោកនាដកម្មបែបនេះបន្តទៅមុខទៀតឡើយ។
ការសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi និងរដ្ឋមន្ត្រីការបរទេសអូម៉ង់ លោក Sayyid Badr Hamad Al Busaidi បានផ្តោតលើជម្លោះបច្ចុប្បន្នរវាងអុីស្រាអែល នឹងចលនាអ៊ិស្លាមប៉ាឡេស្ទីន Hamas ។
លោក វ៉ាង យី បាននិយាយថា ស្ថានភាពបច្ចុប្បន្ននៅតំបន់ហ្គាហ្សាស្ទ្រីបកាន់តែអាក្រក់ទៅៗ ចំនួនជនរងគ្រោះនិងជនស៊ីវិលកើនឡើងឥតឈប់ឈរ។ លោកបញ្ជាក់ទៀតថា “គ្មានប្រទេសណាដែលមានមនសិការនិងទទួលខុសត្រូវអាចអនុញ្ញាតឱ្យសោកនាដកម្មបែបនេះបន្តកើតមានទេ” ។
រដ្ឋមន្ត្រីការបរទេសចិនជាថ្មីម្តងទៀតបានអំពាវនាវឱ្យមានការកោះប្រជុំនៅដើមនៃសន្និសីទសន្តិភាពអន្តរជាតិដែលមានសមត្ថភាព ធំជាងនិងមានប្រសិទ្ធភាពជាងមុន ដើម្បីប្រគល់បញ្ហាប៉ាឡេស្ទីនទៅជា “ដំណោះស្រាយរដ្ឋពីរ”។ លោកសង្កត់ធ្ងន់ថា ដើមចមនៃបញ្ហាប៉ាឡេស្ទីន គឺស្ថិតនៅត្រង់ថា សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីន មិនត្រូវបានស្តារ និងធានាឡើងវិញទេ ផ្លូវចេញពីបញ្ហានេះគឺត្រូវអនុវត្ត “ដំណោះស្រាយរដ្ឋពីរ”។
លោកបាននិយាយថា ប្រទេសចិននឹងទទួលតួនាទីជាប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខនៅក្នុងខែវិច្ឆិកា ហើយបានប្រកាសថា “វានឹងពង្រឹងការសម្របសម្រួលជាមួយគ្រប់ភាគី ជាពិសេសបណ្តាប្រទេសអារ៉ាប់ ដើម្បីការពារយុត្តិធម៌ ប្រមូលផ្តុំការយល់ស្រប និងខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីកាត់បន្ថយជម្លោះ។ ការពារជនស៊ីវិល បន្ធូរបន្ថយស្ថានភាពមនុស្សធម៌ និងស្តារដំណើរការសន្តិភាពឡើងវិញ៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖