ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រី ចេញសេចក្តីប្រកាសព័ត៌មាន លទ្ធផលជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងកីឡាករប្រដាល់ Dav Leduc

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រី បានចេញសេចក្តីប្រកាសព័ត៌មាន លទ្ធផលជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងកីឡាករប្រដាល់មីយ៉ាន់ម៉ា Dav Leduc ។

ជំនួបនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ 

នារសៀល ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ដាវ លឺដុឌ ដែលជាកីឡាករប្រដាល់មីយ៉ាន់ម៉ា និង គណៈប្រតិភូចូលជំនួបសម្តែងការគួរសម។

ជាកិច្ចចាប់ផ្តើម សម្ដេចធិបតី បានសម្ដែងការស្វាគមន៍ និងក្តីរីករាយដែលបានជួបជាមួយ លោក ដាវ លឺដុឌ និងភរិយា ព្រមទាំងលោក ព្រំ សំណាង ក៏ដូចជាក្រុមការងារទាំងអស់ នៅក្នុងឱកាសនៃជំនួបសម្តែងការគួរសមនេះ។ សម្ដេចធិបតី ក៏បានរំលឹកពីការឆ្លើយឆ្លងសាររវាង សម្ដេចធិបតី និងលោក ដាវ លឺដុឌ តាមបណ្តាញសង្គមហ្វ សប៊ុកកាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៣ ដោយពេលនោះ លោក ដាវ លឺដុឌ បានបង្ហាញពីបំណងក្នុងការចូល ជួបសម្តែងការគួរសមជាមួយសម្ដេចធិបតី ហើយ សម្ដេចធិបតី បានឯកភាពទទួលយកនូវការសំណើររបស់ លោក ដាវ លឺដុឌ នាពេលនោះ។ ក្នុងជំនួបនេះដែរ សម្ដេចធិបតី ក៏បានអរគុណលោក ដាវ លឺឌុច ដែលបានសិក្សា ស្វែងយល់អំពីប្រវត្តិក្បាច់គុនបុរាណខ្មែរ និងគាំទ្រគុនខ្មែរ និងបានលើកឡើងបន្ថែមថា ថ្វីត្បិតប្រទេសនីមួយៗមាន វប្បធម៌ ប្រពៃណី និងប្រភេទកីឡាផ្សេងៗក៏ពិតមែន តែព្រឹត្តិការណ៍ប្រកួតនៅក្នុងព្រះរាជាណាចក្រកម្ពុជាលើនេះ គឺជា ការបង្ហាញពីការគោរពគ្នាទៅវិញទៅមក និងជាការរួមចំណែកក្នុងការរឹតចំណងមិត្តភាពរវាងកម្ពុជា-មីយ៉ាន់ម៉ាលើ ផ្នែកក្បាច់គុនប្រពៃណីនៃប្រទេសទាំងពីរ។ មួយវិញទៀត ក៏ជាផ្នែកមួយនៃការលើកកម្ពស់ការយល់ដឹងអំពីគុនខ្មែរនៅ ក្នុងមជ្ឈដ្ឋានជាតិ និងការផ្សព្វផ្សាយអំពីគុនខ្មែរឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់។

ទន្ទឹមនឹងនោះ សម្ដេចធិបតី បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ ក្នុង ការលើកកម្ពស់វិស័យកីឡា ជាពិសេស សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី តែងតែបានគាំទ្រ និង យកចិត្តទុកដាក់ អភិរក្សលើក្បាច់គុនខ្មែរ និងជំរុញឱ្យវិស័យកីឡានៅកម្ពុជាកាន់តែមានការរីកចម្រើនជាលំដាប់។

បន្ថែមពីនេះ សម្ដេចធិបតី ក៏បានលើកឡើងថា សម្ដេចធិបតី ជាអ្នកផ្តួចផ្ដើមគំនិតឱ្យមានការរៀបចំនិងដាក់ឱ្យ ប្រើប្រាស់នូវឯកសារក្បាច់គុនកងយោធពលខេមរភូមិន្ទដែលសំយោគចេញពីគុនខ្មែរ គុនល្បុក្កតោ និងយុទ្ធក្រម ខ. ឱ្យទៅជាក្បាច់គុនផ្លូវការរបស់កងយោធពលខេមរភូមិន្ទ ក្នុងគោលបំណងឱ្យកងទ័ពរក្សាបាននូវវិន័យ មានសុខ ភាពរឹងមាំ និងជាសិល្បៈការពារខ្លួន ព្រមទាំងចូលរួមចំណែកអភិរក្សនិងបន្តថែរក្សាក្បាច់គុនបុរាណខ្មែរដែលជាមរតក ដូនតាសម្រាប់យុវជនជំនាន់ក្រោយបន្តទៀត។

ជាការឆ្លើយតប លោក ដាវ លឺដុឌ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ សម្ដេចធិបតី ដែលបាន អនុញ្ញាតឱ្យរូបលោក និងភរិយា ព្រមទាំងក្រុមការងារបានចូលជួបសម្តែងការគួរសម និងមានមោទភាពដែលបានជួប ជាមួយ សម្ដេចធិបតី ព្រមទាំងបានបង្ហាញនូវការភ្ញាក់ផ្អើល និងក្តីរំភើបយ៉ាងក្រៃលែងចំពោះការស្វាគមន៍យ៉ាងកក់ ក្ដៅរបស់ប្រជាជនកម្ពុជា ដែលធ្វើឱ្យរូបលោកមានអារម្មណ៍ថា កម្ពុជា ដូចជាផ្ទះទីពីររបស់ផងដែរ។ ជាមួយគ្នានេះ លោក ដាវ លឺដុឌ ក៏បានបញ្ជាក់ផងដែរថា ការសម្រេចចិត្តមកចូលរួមប្រកួតនៅព្រះរាជាណាចក្រកម្ពុជាលើកនេះ គឺ គ្មានបំណងអ្វីផ្សេង ក្រៅពីការប្រកួតជាលក្ខណៈមិត្តភាព និងជឿជាក់ថាការប្រកួតនេះជាព្រឹត្តិការណ៍មួយដ៏ធំ ដែលមានលក្ខណៈជាប្រវត្តិសាស្ត្រនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានប្រជាជនកម្ពុជាជាង ១៦លាននាក់ និង ប្រជាជនមីយ៉ាន់ម៉ា ជាង ៥៥លាននាក់ ក៏ដូចជាប្រជាជនលើពិភពលោក កំពុងរង់ចាំតាមដានទស្សនាការប្រកួត នេះ។ លោក ដាវ លឺដុឌក៏បានសម្តែងនូវការកោតសរសើរចំពោះកីឡាករ ព្រំ សំណាង ថាជាកីឡាកខ្មែរដ៏ល្អមួយរូប និងតែងតែទទួលបានជ័យជម្នះជាច្រើនលើក ក្នុងការប្រកួតនាពេលកន្លងមក។

ជាកិច្ចបញ្ចប់ សម្តេចធិបតី បានផ្តាំផ្ញើជូនកីឡាករទាំងពីរថា ការប្រកួតនេះជាការប្រកួតលក្ខណៈមិត្តភាព ដូច្នេះការចាញ់ឬឈ្នះជារឿងធម្មតានោះទេ និងបានជូនពរឱ្យការប្រកួតនេះដំណើរការទៅដោយរលូននិងទទួលបាន ជោគជ័យ ៕ 

ដោយ ៖ សិលា


ចែករំលែក៖