ភ្នំពេញ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានសម្រេចប្រគល់លិខិតសរសើរជូនលោក ដែង ម៉ៅ ដែលបានលែងត្រីរាជ ១ ក្បាល ទម្ងន់ ៥០គីឡូក្រាម ចូលក្នុងទឹកទន្លេសាបវិញបន្ទាប់ពីនេសាទបាន។ សកម្មភាពនេះគឺជាគំរូដ៏ល្អ និងមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងចូលរួមថែរក្សា និងអភិរក្សប្រភេទត្រីដែលជិតផុតពូជ។
រដ្ឋបាលជលផល បានកោតសរសើរ ចំពោះលោក ដែង ម៉ៅ វ័យ ៤១ ឆ្នាំ រស់នៅក្នុងភូមិទី៦ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានលែងប្រភេទត្រីរាជ១ក្បាល ដែលនេសាទបាន មានទម្ងន់៥០គីឡូក្រាម ប្រវែង១,៥ ម៉ែត្រ ចូលក្នុងបឹងទន្លេសាបវិញ។ នេះជា សកម្មភាពដ៏ប្រពៃក្នុងការចូលរួមអភិរក្សប្រភេទត្រីជិតផុតពូជ។
ជាមួយគ្នានេះ រដ្ឋបាលជលផល ក៏បានអំពាវនាវដល់បងប្អូនអ្នកនេសាទទាំងអស់ មេត្តាចូលរួមថែរក្សា និងការពារប្រភេទត្រីដែលកំពុងរងគ្រោះថ្នាក់ ដោយត្រូវលែងត្រឡប់ទៅវិញ នៅពេលបងប្អូននេសាទបាន ដើម្បីថែរក្សាវត្តមានរបស់ប្រភេទត្រីទាំងនេះនៅក្នុងធម្មជាតិ សម្រាប់កូនចៅជំនាន់ក្រោយ។
លោក ដែង ម៉ៅ បានលើកឡើងថា ត្រីរាជ១ក្បាលនេះ បានចូលលបរបស់លោកកាលពីថ្ងៃទី៣០ ខែ តុលា ឆ្នាំ២០២៣ ហើយលោកបានសម្រេចចិត្តលែងវាទៅក្នុងទន្លេវិញភ្លាមៗផងដែរ។ លោកក៏បានអំពាវនាវដល់អ្នក នេសាទទាំងចូលរួមថែរក្សានិងអភិរក្សធនធានជលផលឱ្យបានគង់វង្សសម្រាប់ក្មេងជំនាន់ក្រោយ។
ត្រីរាជជាប្រភេទត្រីទឹកសាបដែលធំបំផុតមួយក្នុង ចំណោមត្រីធំ ៣ ប្រភេទគឺ បបែលយក្ស និងត្រីគល់រាំង។ ត្រីរាជអាចមានប្រវែងរហូតដល់ ៣ម៉ែត្រ និងមានទម្ងន់ប្រមាណ ៣០០គីឡូក្រាម។
ត្រីរាជ ស្ថិតក្នុងបញ្ជីក្រហម ដែលមានចំណាត់ថ្នាក់កំពុងរងការគំរាមកំហែងយ៉ាងខ្លាំងឈានទៅរកការផុតពូជ (Critical Endangered) របស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ IUCN ហើយត្រីនេះត្រូវបានចុះបញ្ជីឧបសម្ព័ន្ធ១ របស់អនុសញ្ញាសាយតេស (CITES) ដែលហាមដាច់ខាត ការធ្វើនេសាទ ទិញលក់ និងដឹកជញ្ជូនផ្សេងៗ។
ត្រីរាជតែងតែធ្វើចរាចរចេញពីបឹងទន្លេសាប នៅខែតុលា ទៅរកកន្លែងពងកូន និងលាក់ខ្លួននៅតាមអន្លង់ជ្រៅៗ តាមដងទន្លេមេគង្គលើ។ ត្រីរាជពេញវ័យ អាចបន្តពូជបាន នៅពេលមានអាយុចាប់ពី ០៦ ទៅ ០៨ឆ្នាំ ហើយពួកវាពងកូនចាប់ពីខែមិថុនា ទៅដល់ខែកក្កដា នៅបឹងទន្លេសាប ហើយកូនត្រីរាជពេលកើតដំបូងមានប្រវែង ១២ ទៅ ១៥សង់ទីម៉ែត្រ។
ត្រីរាជអាចរស់បានរហូតដល់អាយុ៦០ឆ្នាំ ហើយជាប្រភេទត្រីដែលធំលូតលាស់លឿនបំផុត គឺក្នុង១ឆ្នាំ អាចឡើងទម្ងន់ជាង១០គីឡូក្រាម។ ត្រីរាជស៊ីស្លែជាអាហារចំបង ដោយឡែកសត្វល្អិតក្នុងទឹក គឺជាអាហារបន្ទាប់បន្សំ៕
ដោយ៖ សូរិយា