ខេត្តសៀមរាប ៖ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបបានទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ភឿង សំបាន ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប កម្លាំងជំនាញបានចុះឃាត់ ខ្លួនជនសង្ស័យម្នាក់ អាយុ២០ឆ្នាំ ពាក់ព័ន្ធករណីខ្ចីម៉ូតូទៅផឹកកាហ្វេមួយភ្លែត ស្រាប់តែបាត់រហូត ។
ប្រភពមន្ត្រីជំនាញឲ្យដឹងថា បន្ទាប់ពីទទួលពាក្យបណ្តឹង កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស អង្គភាពនគរបាលយុត្តិធម៌ និងមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខនៅវេលាម៉ោង៦ល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានចុះធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យខាងលើបានភ្លាមៗ ស្ថិតនៅចំណុចភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប រួចយកមកសួរនាំនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបដើម្បីរៀប ចំកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្ត ចាត់ ការបន្តតាមនីតិវិធី ។
បន្ទាប់ពីបានឃាត់ខ្លួនជនសង្ស័យ កម្លាំងជំនាញបានដកហូតវត្ថុតាងរួមមាន ម៉ូតូ១គ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ឆ្នាំ២០២៣ ពាក់ផ្លាកលេខ សៀមរាប ១AP-៩៣៤៩ ជារបស់ជនរងគ្រោះ ទូរសព្ទដៃ២គ្រឿងOPPO១គ្រឿង និងRealme១គ្រឿង ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយា ល័យជំនាញ រៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្ត ដើម្បីអនុវត្តតាមនីតិវិធី ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច