ខេត្តឧត្តរមានជ័យ ៖ សូមបញ្ជាក់ជូនថា៖ បឹងស្នោដែលមានទំហំ ១៤០០ម៉ែត្រ x ៩១០,៩ម៉ែត្រ ស្ថិតនៅភូមិឈូក សង្កាត់សំរោង ក្រុងសំរោង (ទីរួមខេត្ត ឧត្តរមានជ័យ ) ។ នេះជាការបញ្ជាក់ពី ខាងក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
តាមប្រវត្តិរមណីយដ្ឋាន បឹងស្នោ ប្រជាជនក្នុងស្រុក នេះបាននិយាយតៗគ្នាថាកាលពីដើមឡើយបឹងនេះមានដើមស្នោដុះ យ៉ាងច្រើនសន្ធឹកសន្ធាប់នៅផ្នែកខាងជើងនិងខាងកើត។ ម្យ៉ាងវិញទៀត នៅចំកណ្ដាលបឹងសម្បូរទៅដោយ ដើមកក់ ដើមភ្លង់ និងដើមឈូកដែលអាចផ្ដល់ជម្រកដល់ពពួកមច្ឆា និងសត្វស្លាប ជាច្រើនប្រភេទសត្វស្លាប ទោម ប្រវឹក កុក ។ល។
រមណីយដ្ឋាន បឹងស្នោ គឺជាកន្លែងទាក់ទាញមួយយ៉ាងសំខាន់នៅក្រុងសំរោងសម្រាប់ឱ្យភ្ញៀវទេសចរ អង្គុយលំហែនិងមើលថ្ងៃរៀបអស្ដង្គត និងបានទស្សនាហ្វូងបក្សាបក្សីរាប់ពាន់ក្បាលនៅកណ្ដាលបឹងគួរឱ្យសប្បាយរីករាយ។ មិនតែប៉ុណ្ណោះដោយមានការជួយជ្រោមជ្រែងពីអាជ្ញាធរខេត្ត និងបងប្អូនប្រជាពលរដ្ឋ ទើបបានរៀបចំជីកបឹងឱ្យជ្រៅ ដើម្បីរក្សាទឹកទុកនៅរដូវប្រាំង សម្រាប់ប្រជាជនប្រើប្រាស់ហើយបានរៀបចំសួនច្បារដាំដើមឈើរព័ន្ធជុំវិញយ៉ាងស្រស់ស្អាត មានខ្យល់អាកាស ដ៏បរិសុទ្ធ និងតុបតែងលម្អដាក់រូបចម្លាក់ជាច្រើនតាមសួនច្បារ ដូចជា ( ដំរី សេះ ហង្ស នាគ ក្ងោក… ) សម្រាប់ប្រជាជននៅក្នុងមូលដ្ឋានក៏ដូចជាភ្ញៀវអន្តរជាតិបានទស្សនាកម្សាន្ត។
ជារៀងរាល់ឆ្នាំ ទីតាំងនេះមានតួនាទីសំខាន់ណាស់ ដោយរដ្ឋបាលខេត្ត និងមន្ទីរនានា ជុំវិញខេត្ត ព្រមទាំង ប្រជាពលរដ្ឋខេត្តឧត្ដរមានជ័យតែងតែបានរៀបចំព្រឹត្តិការណ៍ ពិធីបុណ្យអុំទូក សំពះព្រះខែ អកអំបុក ដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនា និងស្នាក់នៅឱ្យបានច្រើនក្នុងខេត្តឧត្តរមានជ័យ៕
ដោយ ៖ សហការី