ព័ត៌មានទាន់ហេតុការណ៍៖

អ្វីទៅជាការវះកាត់ឬសដូងបាត?

ចែករំលែក៖

ភ្នំពេញ ៖ ការវះកាត់ឬសដូងបាត(Hemorrhoidectomy) !

១- អ្វីទៅជាការវះកាត់ឬសដូងបាត?

   ការវះកាត់ជំងឺឫសដូងបាត ជាវិធីព្យាបាលជំងឺឫសដូងបាត ដែលជាដុំសរសៃរឈាមមានសភាពទន់នៅក្នុងរន្ធគូទ ធ្វើឲ្យងាយហូរឈាមពេលបត់ជើងធំ។ ពេលខ្លះដុំសរសៃរឈាម នេះអាចធ្វើឲ្យឈឺ និងរមាស់ហើយពេលរីកធំអាចលានចេញមកក្រៅតាមរន្ធគូទតែម្តង។ 

២- ហេតុអី្វត្រូវចាំបាច់វះកាត់ជំងឺឬសដូងបាត?

   ជំងឺឬសដូងបាតអាចព្យាបាលតាមវិធីសាមញ្ញ ដូចជាផឹកទឹកឲ្យបានច្រើន និងទទួលទានអាហារមានជាតិសរសៃឲ្យច្រើន។ ក្នុងករណីវិធីខាងលើមិនមានប្រសិទ្ធភាព គួរតែទៅពេទ្យព្យាបាល ដោយការចង ឬប្រើការដុត។ ប្រសិនបើដុំសរសៃរឈាមឬសដូងធំពេក អាចត្រូវវះកាត់ចេញតែម្តង ហើយដុំសរសៃរឈាមឬសដូងកម្រនឹងដុះឡើងវិញណាស់។

៣- តើកត្តាប្រឈមក្រោយការវះកាត់ជំងឺឫសដូងបាតមានអ្វីខ្លះ?

   ជាទូទៅ រាល់ការវះទាំងអស់តែងមានហានិភ័យ ហេតុនេះគួរសាកសួរគ្រូពេទ្យពីកត្តាប្រឈមទាំងនោះ។ ផលវិបាកទាំងនោះអាចកើតតិចតួច កំឡុងពេលនិងក្រោយពេលវះកាត់ មានដូចជាប្រតិកម្មជាមួយថ្នាំសន្លប់ ការឈឺចាប់មុខរបួសក្រោយវះ ការហូរឈាម ឬនោមទាស់។

៤- តើអ្នកជំងឺគួរត្រៀមអ្វីខ្លះមុនពេលវះកាត់ជំងឺឫសដូងបាត?

   អ្នកជំងឺគប្បីពិគ្រោះយោបល់ជាមួយគ្រូពេទ្យពាក់ព័ន្ធនឹងថ្នាំពេទ្យយើងកំពុងប្រើ ប្រាប់ពីបញ្ហាអាលែកហ្ស៊ី ឬជំងឺផ្សេង មុនពេលវះកាត់។ ម្យ៉ាងទៀត យើងត្រូវដឹងលក្ខខណ្ឌក្នុងការញ៉ាំអាហារ និងផឹកទឹកមុនវះកាត់ដូចគ្នា ដែលជាទូទៅយើងគួរឈប់ញ៉ាំអាហារប្រមាណ ៦ម៉ោងមុនពេលវះកាត់តែអាចផឹកទឹកឬកាហ្វេ ២ទៅ៣ម៉ោងមុន។

៥- តើមានអ្វីកើតឡើងកំឡុងពេលវះកាត់ជំងឺឫសដូងបាត?

   គ្រូពេទ្យចាប់ផ្ដើមវះកាត់ ដោយដាក់ថ្នាំសន្លប់ ឬថ្នាំស្ពឹកតាមរយ:ឆ្អឹងខ្នងដោយចំណាយពេលប្រហែល ៣០ ទៅ ៤៥នាទី។ បន្ទាប់មក គ្រូពេទ្យនឹងកាត់សំអាតសរសៃរឈាមម្ដុំឫសដូងបាត។ 

៦- តើអ្នកជំងឺគួរធ្វើអ្វីខ្លះក្រោយវះកាត់ជំងឺឫសដូងបាត?

   ពេលត្រឡប់ទៅផ្ទះ អ្នកជំងឺគួរផឹកទឹកឲ្យបានច្រើន និង ព្យាយាមញ៉ាំអាហារសម្បូរសារធាតុសរសៃច្រើន ព្រោះវាជួយកុំឲ្យទល់លាមក ខណៈរបួសនឹងជាសះស្បើយ រយៈពេលចន្លោះពី ៤-៥សប្ដាហ៍។

«បើលោកអ្នកមានរោគសញ្ញាណាមួយដូចដែលបានរៀបរាប់ខាងលើ សូមលោកអ្នកអញ្ជើញមកជួបពិភាក្សាជាមួយគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបាននូវការពិគ្រោះជំងឺ និងការព្យាបាលបានល្អប្រសើរ និងប្រកបដោយគុណភាព។» នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕

ដោយ ៖ សហការី


ចែករំលែក៖