ភ្នំពេញ ៖ ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅអគ្គបញ្ជាការដ្ឋាន នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានទទួលជួបលោកវរសេនីយ៍ឯក ជិន វ៉ន់តឹម ប្រធានការិយាល័យអនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា ដើម្បីជូនពរក្នុងឱកាសខួបលើកទី៧០ឆាំ្ន ថ្ងៃទិវាបុណ្យឯករាជ្យជាតិ និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ។
ក្នុងបរិយាកាសដ៏រីករាយ ស្និទ្ធស្នាល លោកវរសេនីយ៍ឯក ជិន វ៉ន់តឹម ក្នុងនាមក្រសួងការពារប្រទេស និងអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម បានសម្ដែងការអបអរសាទរខួបលើកទី៧០ឆ្នាំ ថ្ងៃទិវាបុណ្យឯករាជ្យជាតិ និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ដោយបានជូនពរ នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ និងទទួលជោគជ័យក្នុងភារកិច្ច។
លោកវរសេនីយ៍ឯក ប្រធានការិយាល័យអនុព័ន្ធយោធាវៀតណាម ក៏បានរំលេចពីព្រឹត្តិការណ៍ថ្មីៗដែល ឯកឧត្តមអគ្គមេបញ្ជាការ បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយវាយតម្លៃថាបានរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងពង្រីកចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀត។
ជាកិច្ចឆ្លើយតប នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណដល់ការិយាល័យអនុព័ន្ធយោធាវៀតណាម ដែលបានដឹកនាំប្រតិភូមកជូនពរក្នុងឱកាសនេះ បង្ហាញពីការផ្សារភ្ជាប់ទំនាក់ទំនងជាមួយគ្នា ក្នុងនាមមិត្តដ៏ល្អមានភូមិផងរបងជាមួយគ្នា និងធ្លាប់ប្រគៀកស្មាគ្នាប្រយុទ្ធសត្រូវរួម។
នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានឯកភាពចំពោះការវាយតម្លៃរបស់ប្រធានការិយាល័យអនុព័ន្ធយោធាវៀតណាម នៅក្នុងដំណើរបំពេញទស្សនកិច្ចរបស់ឯកឧត្តមនៅវៀតណាមថ្មីៗកន្លងមកនេះ ដោយឯកឧត្តមបញ្ជាក់ថា គ្រប់ជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំវៀតណាម តែងបានបង្ហាញចំហររួមគ្នានៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
នាយឧត្តមសេនីយ៍ បានផ្ដាំផ្ញើការសួរសុខទុក្ខ និងជូនពរ លោករដ្ឋមន្ត្រីក្រសួងការពារប្រទេស លោកប្រធានអគ្គសេនាធិការ កងទ័ពប្រជាជនវៀតណាម ថ្នាក់ដឹកនាំ បុគ្គលិកការិយាល័យអនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា សូមមានសុខភាពល្អ អាយុយឺនយូរនិងសម្រេចជោគជ័យភារកិច្ចដែលបក្ស និងរដ្ឋវៀតណាមប្រគល់ជូន៕
ដោយ ៖ សិលា