ភ្នំពេញ ៖ យុទ្ធសាស្ត្រចក្រានៃវិស័យបរិស្ថានថ្មី ឆ្នាំ២០២៣-២០២៨ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឈរលើអាទិភាពចម្បង៣គឺ៖ ស្អាត បៃតង និងចីរភាព ដែលឆ្ពោះទៅរកការសម្រេច បាននូវអព្យាក្រឹតភាពកាបូន។លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានលើកឡើងបែបនេះ នៅក្នុងសន្នីសីទស្តីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជាឆ្នាំ២០២៣ ដែលបានរៀបចំឡើងនៅខេត្តសៀមរាប នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោករដ្ឋមន្រ្តី បានបន្ថែមថា យុទ្ធសាស្រ្តចក្រា ត្រូវបានវាយតម្លៃខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តោតលើការយកចិត្តទុកដាក់លើបញ្ហាបរិស្ថានកាន់តែមានប្រសិទ្ធភាព ដើម្បីជួយឱ្យប្រជាជនមានជីវភាពប្រសើរ និងការអភិវឌ្ឍដោយចីរភាព ឆ្ពោះទៅសម្រេចគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ សូមបញ្ជាក់ថា នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីនៅខេត្តកណ្តាល នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា «ការរៀបចំផែនការរៀបចំគោលនយោបាយ ផ្អែកទៅលើការសិក្សាគ្រប់ជ្រុងជ្រោយ មិនមែនឆក់កណ្ដៀត តាមអារម្មណ៍ទេ មិនមែនគ្រាន់តែនិយាយឱ្យពិរោះទេ ត្រូវមានមូលដ្ឋានសិក្សា អំពីគោលនយោបាយកសាងឱ្យបានគ្រប់»។
សូមបញ្ជាក់ដែរថា ជាមួយនឹងយុទ្ធសាស្រ្តចក្រា ក្រសួងបរិស្ថាន បាននិងកំពុងរៀបចំយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅទូទាំងប្រទេស ដោយមានការចូលរួមពីសិស្សានុសិស្ស ចំនួនជាង២លាននាក់។ យុទ្ធនាការនេះមិនត្រឹមតែមានការគាំទ្រ និងចូលរួមពីសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែក៏មានការគាំទ្រយ៉ាងពេញទំហឹងពីដៃគូអភិវឌ្ឍន៍ ម្ចាស់រោងចក្រ និងកាកបាទក្រហមកម្ពុជាផងដែរ។
ក្រសួងបរិស្ថាន ក៏បានដាក់ចេញនូវវិធានការចំនួន៤ សម្រាប់ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព ឱ្យមានប្រសិទ្ធភាព ដែលក្នុងនោះទី១ គឺការអនុវត្តច្បាប់១០០% មិនអត់ឱនចំពោះឧក្រិដ្ឋកម្មធនធានធម្មជាតិ ទី២ ពង្រឹងសហការឱ្យកាន់ស្អិតរមួត ជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ទប់ស្កាត់បទល្មើសធនធានធម្មជាតិ ទី៣ សហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីពង្រឹងការអនុវត្តច្បាប់បន្ថែមទៀត និងទី៤ បង្កើតផែនការដាំដើមឈើឡើងវិញ និងការគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព។
ជាមួយគ្នានេះ លោកបណ្ឌិត អ៊ាង សុផល្លែត នៅថ្ងៃទី១០ ខែតុលា បានប្រកាសអំពីការដាំកូនឈើចំនួន ១លានដើម ក្នុងមួយឆ្នាំ ដើម្បីបង្កើនគម្របព្រៃឈើរហូតដល់ ៦០% នៅឆ្នាំ២០៥០៕
ដោយ ៖ សហការី