ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អាវរងារ ដែលជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅបញ្ជាការដ្ឋានយោធភូមិភាគពិសេស

ចែករំលែក៖

ភ្នំពេញ៖ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ បានថ្លែងថា៖ ថ្ងៃនេះ ខ្ញុំបានបន្តជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អាវរងារ ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូននាយទាហាន នាយទាហានរង និងពលទាហាន នៅបញ្ជាការដ្ឋានយោធភូមិភាគពិសេស។

លោកឧត្តមសេនីយ៍ឯក បន្តថា៖ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបានពាំនាំមតិផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ និងសម្តេចកត្តិបណ្ឌិត  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គបញ្ជាការ ជូនដល់បងប្អូនកងទ័ពយើង និងក្រុមគ្រួសារផងដែរ។ គ្រប់កាលៈទេសៈ ថ្នាក់ដឹកនាំយើងតែងតែយកចិត្តទុក្ខដាក់ពីសុខទុក្ខ ជីវភាពរ របស់បងប្អូន និងក្រុមគ្រួសារ។

សន្តិភាព មានភាពផុយស្រួយណាស់ ដែលអាចបាត់បង់គ្រប់ពេលវេលា ដូចនេះយើងដាច់ខាតប្តេជ្ញាត្រូវការពារថែរក្សាសន្តិភាពឱ្យខានតែបាន ការពារបូរណភាពទឹកដី និងប្រជាជន។  

កន្លងទៅបងប្អូនប្រជាពលរដ្ឋយើង បានយល់ច្បាស់ពីតម្លៃសន្តិភាព ដោយបានទទួលស្គាល់ និងផ្តល់យុត្តិធម៏ តាមរយៈការបោះឆ្នោតគាំទ្រ ដ៏ច្រើនលើសលប់ជូនគណបក្សប្រជាជនដើម្បីបន្តរការដឹកនាំរាជរដ្ឋាភិបាល។ 

លោកថា៖ សូមបងប្អូនកងទ័ពរបស់យើង ត្រូវអនុវត្តតួនាទី ភារកិច្ច ឱ្យបានម៉ត់ចត់ ម៉ឺងម៉ាត់ ច្បាស់លាស់ និងចូលរួមគាំទ្រលើកំណែទម្រង់លើវិស័យយោធា កងយោធពលខេមរភូមិន្ទ និងទំនើបកម្មយោធា ឱ្យកាន់តែរីកចម្រើន រឹងមាំ បង្កើនកិត្យានុភាពលើឆាកអន្តរជាតិ និងបង្កើនសមត្ថភាពកងទ័ព ទប់ស្កាត់បដិវត្តពណ៌ ឧក្រិដ្ឋកម្មឆ្លងដែន និងទប់ស្កាត់សកម្មភាពនានា ដែលអាចជះឥទ្ធិពលដល់សន្តិភាព ស្ថិរភាពទាំងក្នុងប្រទេស និងតំបន់ ប្រកបដោយប្រសិទ្ធភាព និងគុណភាព។ ជាពិសេសការចូលរួមគាំទ្ររបស់កងទ័ព ទៅលើកំណែទម្រង់ គឺផ្តល់ផលប្រយោជន៍ដលប្រទេសជាតិនិយាយជារួម និងចូលរួមជួយលើកស្ទួយដល់ជីវភាពរបស់កងទ័ពយើង និយាយដោយឡែក។  

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ បានបន្តថា៖ ខ្ញុំសូមសម្តែងការអរគុណ និងកោតសរសើរដល់បងប្អូនកងទព័របស់យើងទាំងអស់ ដែល តែងតែសកម្មចូលរួមជាមួយកម្លាំងផ្សេងៗទៀត ក្នុងសកម្មភាពសង្គមផ្សេងៗ និងជួយសង្គ្រោះប្រជាជន ពេលជួបគ្រោះមហន្តរាយជាដើម ៕

ដោយ ៖ សហការី


ចែករំលែក៖