ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​Toyota Prius មួយគ្រឿងបេីកលឿនរេចង្កូតឡើងលើខឿនទ្រូងផ្លូវទៅបុកបង្គោលស្លាកសញ្ញាបាក់អស់មួយដើម

ចែករំលែក៖

​    ភ្នំពេញ​ ៖​ បុរសម្នាក់​បានបេីករថយន្តម៉ាក Toyota Prius មួយគ្រឿងយ៉ាងលឿន​ និងមិនប្រយ័ត្នបានរេចង្កូតឡើងលើខឿនទ្រូងផ្លូវទៅបុកបង្គោលស្លាកសញ្ញាបាក់អស់មួយដើមកល់ជាប់ទៅមុខលែងរួច​ កាលពីវេលាម៉ោង១០​ និង៣០នាទីយប់ថ្ងៃទី ៣​ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ នៅតាមបណ្ដោយផ្លូវវេងស្រេង​ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ នៅមុនពេលកើតហេតុ​ គេឃើញរថយន្តម៉ាកToyota​ Prius ពណ៌ប្រផេះមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AZ-4606 បើកបរដោយបុរសម្នាក់​ធ្វេីដំណេីរតាមបណ្ដោយផ្លូវវេងស្រេង​ ពីកើតទៅលិច​ក្នុងល្បឿនលឿន​ ។ លុះមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃឡើងលើខឿនទ្រូងផ្លូវបន្តទៅបុកបង្គោលស្លាកសញ្ញាពេញទំហឹងបណ្តាលឱ្យបាក់អស់មួយដើមហើយកល់កង់រថយន្តទៅមុខលែងរួចនិងខូចខាតយ៉ាងដំណំ ។ 

​    ក្រោយកេីតហេតុភ្លាមៗ​ ម្ចាស់រថយន្តបង្កបានបើកទ្វារចុះគេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល​ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ដេីម្បីពិនិត្យ​និងទំនាក់ទំនងទៅមន្ត្រីជំនាញចរាចរណ៍ខណ្ឌ​និងរាជធានីភ្នំពេញ​ចុះមកធ្វេីការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុករង់ចាំឱ្យភាគីម្ចាស់រថយន្តបង្កមកដោះស្រាយតាមច្បាប់​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖