ព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣បានឱ្យដឹងថា ក្រុមមន្រ្តីនេប៉ាល់បានឱ្យដឹងនៅថ្ងៃសៅរ៍នេះថា មនុស្សយ៉ាងហោច១១៩នាក់បានបាត់បង់ជីវិត ក្រោយគ្រោះរញ្ជួយដីកម្រិត៥.៦រ៉ិចទ័រ បានវាយប្រហារលើប្រទេសអាស៉ីខាងត្បូងមួយនេះ កាលពីយប់មិញ។
ការរញ្ជួយដីខាងលើបានកើតឡើងនៅស្រុក Jajarkot នៃខេត្ត Karnali ភាគខាងលិចនៃប្រទេសនេប៉ាល់ នៅជម្រៅ២០គីឡូម៉ែត្រក្រោមផ្ទៃដី។ ស្រុក Jakarkot មានចម្ងាយប្រហែល៥០០គីឡូម៉ែត្រ ពីភាគខាងលិចរដ្ឋធានីកដ្ឋមណ្ឌូ និងជាតំបន់មានមនុស្សរស់នៅ១៩០,០០០នាក់ ហើយមានភូមិស្ថិតនៅរាយប៉ាយតាមជម្រាលភ្នំដាច់ស្រយាល។ អ្នកនាំពាក្យប៉ូលិសខេត្ត Karnali បានប្រាប់ឱ្យដឹងថា គិតត្រឹមពេលនេះ ចំនួនមនុស្សស្លាប់បានកើនដល់១១៩នាក់ និងយ៉ាងហោច១០០នាក់ទៀត បានរងរបួស ដោយសារតែគ្រោះរញ្ជួយដី។
កាលពីឆ្នាំ២០១៥ មនុស្សរហូតដល់៩,០០០នាក់បានស្លាប់ ក្នុងហេតុការណ៍រញ្ជួយដីចំនួន២ នៅប្រទេសនេប៉ាល់ ដោយលំនៅឋានប្រហែល១លានខ្នង ត្រូវបានបំផ្លិចបំផ្លាញជាមួយការខាតបង់សេដ្ឋកិច្ចសរុបទំហំប្រមាណ ៦ពាន់លានដុល្លារ៕ ដោយ៖ ធីរីណា
រូបថត៖ Reuters