ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មការអេដស៍​ និងគ្រឿងញៀន​ ប្រជុំពិនិត្យវាយតម្លៃពីប្រសិទ្ធភាពនៃការអនុវត្តប្រកាសលេខ០៨៦ លេខ១៩៤ និងសេចក្ដីណែនាំលេខ០០៨

ចែករំលែក៖

ភ្នំពេញ៖​ គណៈកម្មការអេដស៍និងគ្រឿងញៀន​ បានបើកកិច្ចប្រជុំពិនិត្យ វាយតម្លៃពីប្រសិទ្ធភាពនៃការអនុវត្តប្រកាសលេខ០៨៦ លេខ១៩៤ និងសេចក្ដីណែនាំលេខ០០៨ ក្រោមជំនួយគាំទ្ររបស់អង្គការILO ដែលមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍  អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ:រាជធានី ខេត្ត ទាំង២៥ តំណាងអង្គការនិយោជក សហជីព និងអង្គការដៃគូពាក់ព័ន្ធមួយចំនួនទៀត។ 

លោក ទុន សុភ័ណ តំណាងអង្គការILO បានប្រសាសន៍កាលពីថ្ងៃទី៣ ខែវិច្ឆិកាម្សិលមិញនេះថា៖ ការអនុវត្តនូវប្រកាសលេខ០៨៦ លេខ១៩៤ និងសេចក្ដីណែនាំលេខ០០៨ គឺជាការងារសំខាន់ណាស់ដើម្បីសុខភាព សុវត្ថិភាពកម្លាំងពលកម្ម។ 

ក្នុងនាមតំណាង លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: នាឱកាសនោះ លោកវេជ្ជ. ហ៊ុយ ហានសុង រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀនក្រសួងការងារបានមានប្រសាសន៍ កោតសសើរ ថ្លែងអំណរគុណ ដល់គ្រប់ភាគីទាំងអស់នៃគណៈកម្មការអេដស៍និងគ្រឿងញៀន ដែលបានរួមគ្នាអនុវត្តនូវប្រកាសលេខ០៨៦ លេខ១៩៤ និងសេចក្ដីណែនាំលេខ០០៨ សំដៅប្រយុទ្ធប្រឆាំងគ្រឿងញៀន អេដស៍ ដើម្បីសុវត្ថិភាពការងារ នៅកន្លែងធ្វើការ។ 

ក្នុងឱកាសនោះដែរ លោកវេជ្ជ. ហ៊ុយ ហានសុង បានថ្លែងបន្តដោយជំរុញឱ្យពង្រឹងបង្កើតក្រុមការងារឬគណ:កម្មការអេដស៍ គ្រឿងញៀននៅគ្រប់សហគ្រាស រោងចក្រ ឲ្យបានជាអតិបរមា ដើម្បីបន្តធ្វើការដោះស្រាយបញ្ហាគ្រឿងញៀន អេដស៍នៅកន្លែងធ្វើការដោយធានាថាគ្រប់កម្មករនិយោជិតទទួលបានព័ត៌មានគ្រប់គ្រាន់ក្នុងការ កាត់បន្ថយបានអំពីគ្រោះថ្នាក់ដោយសារគ្រឿងញៀន អេដស៍ និងគ្មានការមាក់ងាយ រើសអើង។ 

ជាលទ្ធផលបើផ្អែកលើភារកិច្ច និងផែនការរបស់គណៈកម្មការអេដស៍ និងអធិការការងាររបស់ក្រសួង គឺបានធ្វើការពង្រឹង និងជំរុញការអនុវត្តប្រកាស ០៨៦ ,១៩៤ និងសេចក្ដីណែនាំ០០៨ តាមរយៈការចុះ ធ្វើអធិការកិច្ច និងផ្សព្វផ្សាយជាបន្តបន្ទាប់រហូតបច្ចុប្បន្ន។ ប៉ុន្តែការអនុវត្តរបស់រោងចក្រ សហគ្រាសនៅមានកម្រិត។​ ជារួមមានរោងចក្រ សហគ្រាសដែលបានអនុវត្តអនុលោមតាមប្រកាសមានប្រមាណ ១៣% ជាអាត្រាទាបនៅឡើយ។ ចំណែកផ្នែកសេវាកម្សាន្តការអនុវត្តមិនទាន់ទទួលបានលទ្ធផលគួរឱ្យកត់សំគាល់ទេ ដោយសារកត្តាបញ្ហារាតត្បាតនៃជំងឺកូវីដ-១៩ ធ្វើឱ្យផ្នែកនេះត្រូវបិទស្ទើរទាំងស្រុង ហើយការបើកដំណើរការឡើងវិញមួយចំនួនធំក៏ត្រូវការពេលវេលាសិនផងដែរ៕

ដោយ៖ សហការី


ចែករំលែក៖