ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរក្រុងស្ទឹងត្រែងចុះណែនាំ និងហាមអាជីវករលក់រំសេវនិងគ្រឿងផ្ទុះគ្រប់ប្រភេទ នាឱកាសពិធីបុណ្យអុំទូក

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ កម្លាំងកងរាជអាវុធហត្ថ និងអាជ្ញាធរពាក់ព័ន្ធក្នុងក្រុងស្ទឹងត្រែង បានចុះណែនាំ និងហាមអាជីវករលក់រំសេវជាតិផ្ទុះ និងគ្រឿងផ្ទុះគ្រប់ប្រភេទ នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកខាងមុខ ដើម្បីបង្ការគ្រោះអគ្គិភ័យផ្សេងៗដែលបង្កឡើងមកពីការដុតគ្រឿងផ្ទុះទាំងនេះ។

នៅក្នុងឱកាសចុះណែនាំដល់បងប្អូនអាជីវករ និងចែកចាយគ្រឿងផ្ទុះគ្រប់ប្រភេទនៅផ្សារសាមគ្គីនោះ លោកវរសេនីយ៍ទោ ភុយ ខ្វៃ ប្រធានមន្ទីរយុត្តិធ៌ម នៃកងរាជ អាវុធហត្ថខេត្តស្ទឹងត្រែង បានបញ្ជាក់ថា បងប្អូនអាជីវករត្រូវតែចូលរួមអនុវត្តនៅគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ដោយគ្រាន់តែបញ្ឈប់ការលក់រំសេវជាតិ ផ្ទុះ,ផាវ,កាំជ្រួច គ្រឿងផ្ទុះគ្រប់ប្រភេទតែ ប៉ុណ្ណោះ។ កាតព្វកិច្ចនេះសុំឲ្យបងប្អូន គោរពតាមការណែនាំដើម្បីចៀសវាងកុំឲ្យក្មេងៗ ទិញយកទៅដុតបំផ្ទុះ តាមទីសាធារណៈ ធ្វើឲ្យបំពងសំលេងរំខាន និងជាសំឡេងដែលធ្វើឲ្យមានការភ័ណ្ឌ ច្រឡំ និងអាចបង្កឲ្យមានគ្រោះអគ្គិសភ័យផ្សេងៗ នោះ។

លោក ស៊ឹម មុន្នីរដ្ឋ ប្រធានគ្រប់គ្រងផ្សារសាមគ្គីក្រុងស្ទឹងត្រែងបានបញ្ជាក់ថា ឧបករណ៍សម្ភារៈគ្រឿងផ្ទុះទាំងនេះអាជ្ញាធរក្រុងធ្លាប់បានហាមប្រាមមិនឲ្យលក់ដូរទេ ហើយក៏មានបងប្អូនយើងភាគច្រើនបានគោរពតាមការណែនាំផងដែរ។

លោកស្រី ណារី ប្រជាពលរដ្ឋនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង បានគាំទ្រចំពោះកម្លាំងសមត្ថកិច្ចខេត្តក្រុង បានចុះមកផ្សព្វផ្សាយ និងពន្យល់ណែនាំអំពីរឿងលក់ ដូរគ្រឿងផ្ទុះនេះ ព្រោះជាវិធានការពារកុំឲ្យកើតមានភាពអសន្តិសុខនៅក្នុងសង្គម ព្រោះការដុតកាំជ្រួច ដុតផាវនេះគ្មានអ្វីចំណេញទេ ជួនកាលបង្កឲ្យឆេះផ្ទះសម្បែងក៏មាន។

គួរបញ្ជាក់ថា គណៈអាជីវករផ្សារសាមគ្គីស្ទឹងត្រែងបានចេញសេចក្តីជូនដំណឹងកាលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២៣កន្លងមកហាមដាច់ខាតមិនអនុញ្ញាតឲ្យអាជីវករលក់ រំសេវផ្ទុះ គ្រឿងផ្ទុះ គ្រប់ប្រភេទនៅ ក្នុងផ្សារសាមគ្គី ដើម្បីរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជៀសវាងអគ្គិភ័យកើតឡើងដោយ យថាហេតុ ឬ មានកូនចៅទិញទៅដុតលេងផ្តេសផ្តាស។

គួរំលឹកថា កាលពីថ្ងៃចេញព្រះវស្សាឆ្នាំ២០២២កុដិលោកនៅវត្តផាបាំង ឃុំថ្មកែងស្រុកសៀមប៉ាង ត្រូវភ្លើងឆេះអស់ និងបង្កឲ្យបាត់បង់ទ្រព្យសម្បត្តិដោយសារតែការដុតកាំជ្រួចនេះឯង៕

ដោយ៖ សូរិយា


ចែករំលែក៖