ព័ត៌មានទាន់ហេតុការណ៍៖

ការវាយប្រហារលើរថយន្តសង្គ្រោះបន្ទាន់ ដោយសារតែប្រើប្រាស់ដោយក្រុមហាម៉ាស់

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្សាយថា ក្រសួងសុខាភិបាលតំបន់ Gaza ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បានឱ្យដឹងថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ អ៉ីស្រាអែលបានវាយប្រហារលើរថយន្តសង្រ្គោះបន្ទាន់ដែលប្រើប្រាស់សម្រាប់ជម្លៀសអ្នករងរបួសពីភាគខាងជើងតំបន់ Gaza Strip ជាហេតុបណ្តាលឱ្យមនុស្ស១៥នាក់ស្លាប់និង៦០នាក់ផ្សេងទៀតរងរបួស។
ខាងយោធាអ៉ីស្រាអែលបាននិយាយថា ខ្លួនបានរកឃើញមុខសញ្ញានិងវាយប្រហារលើរថយន្តសង្រ្គោះបន្ទាន់១គ្រឿងដែលប្រើប្រាស់ដោយក្រុមហាម៉ាស់។

អ៉ីស្រាអែលបានអះអាងថា ពួកអ្នកប្រយុទ្ធរបស់ហាម៉ាស់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសនោះ ហើយចោទប្រកាន់ថា ក្រុមហាម៉ាស់បានបន្លំដឹកជញ្ជូនអ្នកប្រយុទ្ធក៏ដូចជាសព្វាវុធ តាមរថយន្តសង្រ្គោះបន្ទាន់នៅតំបន់ Gaza។ យោធាអ៉ីស្រាអែលពុំបានផ្តល់ភស្តុតាងណាមួយដើម្បីគាំទ្រអំណះអំណាងរបស់ខ្លួននោះទេ ប៉ុន្តែបាននិយាយថា នឹងបញ្ចេញព័ត៌មានបន្ថែមទៀតនាពេលក្រោយ។
យោងតាមការអះអាងរបស់លោក Izzat El Reshiq ដែលជាមន្រ្តីក្រុមហាម៉ាស់វិញ ការលើកឡើងរបស់អ៉ីស្រាអែលដែលថាអ្នកប្រយុទ្ធរបស់ហាម៉ាស់ មានវត្តមានក្នុងរថយន្តសង្រ្គោះបន្ទាន់គឺជាការចោទប្រកាន់គ្មានមូលដ្ឋាន។ ចំណែកឯលោក Ashraf al Qidra ដែលជាអ្នកនាំពាក្យក្រសួងសុខាភិបាល Gaza បាននិយាយថា រថយន្តសង្រ្គោះបន្ទាន់ខាងលើ គឺជាផ្នែកនៃក្បួនរថយន្តសង្រ្គោះបន្ទាន់ដែលអ៉ីស្រាអែលបានកំណត់គោលដៅវាយប្រហារ នៅក្បែរមន្ទីរពេទ្យ al-Shifa នៃទីក្រុង Gaza City។
អ៉ីស្រាអែល ដែលបានចោទប្រកាន់ក្រុមហាម៉ាស់អំពីការលាក់បាំងទីបញ្ជាការនិងច្រកផ្លូវរូងក្រោមដី នៅក្រោមមន្ទីរពេទ្យ al-Shifa បានបង្គាប់ឱ្យជនស៉ីវិលទាំងអស់ចាកចេញពីតំបន់ភាគខាងជើង Gaza Strip កាលពីខែតុលា ហើយកងកម្លាំងយោធារបស់ខ្លួន បានធ្វើការឡោមព័ទ្ធតំបន់នោះ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ ទោះបីបានបង្គាប់ឱ្យប្រជាជនស៉ីវិលជម្លៀសទៅភាគខាងត្បូងតំបន់ Gaza ក្តី ក៏យោធាអ៉ីស្រាអែល
បានបន្តការទម្លាក់គ្រាប់បែកលើភាគខាងត្បូងផងដែរ។ រីឯក្រុមហាមាស់និងអាជ្ញាធរមន្ទីរពេទ្យ al-Shifa បានច្រានចោលការចោទប្រកាន់ដែលថា មន្ទីរពេទ្យនេះត្រូវបានប្រើប្រាស់ជាមូលដ្ឋានរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន៕ ដោយ៖ ធីរីណា

រូប​ថត​៖ AP


ចែករំលែក៖