ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក.ប.ប បានឱ្យដឹងថា៖ រយៈពេលពីរថ្ងៃ គឺថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ត្រីជំនាញ ក.ប.ប. ប្រចាំនៅសាខារាជធានីភ្នំពេញ បានបន្តអនុវត្តភារកិច្ចក្នុងទិសដៅការពារសុខុមាលភាពប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ ដោយបានចុះអង្កេត និងត្រួតពិនិត្យទំនិញចរាចរនៅលើទីផ្សារ ផ្ទះលក់ទំនិញ ម៉ាត និងដេប៉ូចែកចាយទំនិញ ក្នុងភូមិសាស្ត្រខណ្ឌ៧មករា និងខណ្ឌមានជ័យ។
ក្នុងប្រតិបត្តិការការចុះត្រួតពិនិត្យជាលទ្ធផល មន្ត្រីជំនាញ បានរកឃើញនិងដកហូតទំនិញចម្រុះចំនួន ៩.៥២គីឡូក្រាម ដែលហួសកាលបរិច្ឆេទ និងពុំមានអនុលោមភាព។
មន្ត្រីជំនាញ ក.ប.ប. បានបញ្ជាក់ថា ប្រតិបត្តិការបន្តបេសកកម្មត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារជូនបងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត-រាជធានី ដើម្បីបន្តយុទ្ធនាការការពារនូវសុខុមាលភាពប្រភាពប្រជាពលរដ្ឋ និងសិទ្ធិរបស់អ្នកប្រើប្រាស់។
គួរបញ្ជាក់ផងដែរថា មន្ត្រីជំនាញបានធ្វើការពិន័យអន្តរការណ៍ចំពោះអាជីវករដែលមានចេតនាដាក់តាំងលក់ទំនិញខូចគុណភាព ស្របតាមបញ្ញត្តិនៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់៕
ដោយ៖ សហការី