ខេត្តសៀមរាប ៖ ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ រួមទាំងបងប្អូនជាពលរដ្ឋបានចាប់ផ្តើម ធ្វើដំណើរចូលប្រាសាទអង្គរវត្ត តាមស្ពានហាលខាងលិច ឡើងវិញ បន្ទាប់ពីស្ពាននេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមព្រះរាជាធិបតីភាព ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ភ្ញៀវទេសចរ និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប បានបង្ហាញនូវក្តីរីករាយ និងនឹករលឹកជាខ្លាំងបន្ទាប់ពីបានប្រើប្រាស់ឡើងវិញ នូវស្ពានហាលខាងលិច បន្ទាប់ពីខកខានអស់រយៈពេល៧ឆ្នាំ ដើម្បីធ្វើការជួសជុល។
សូមបញ្ជាក់ថា ៖ «ស្ពានហាលមុខប្រាសាទអង្គរវត្ត» បានចាប់ផ្តើមជួសជុលឡើងវិញកាលពីអំឡុងឆ្នាំ ២០១៦ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុន ដែលសាកលវិទ្យាល័យនេះ ចាប់តាំងពីឆ្នាំ១៩៨៩មក បានចូលរួមចំណែកជាមួយអាជ្ញាធរជាតិអប្សរា និងធ្វើសកម្មភាពជាច្រើនជួយដល់រមណីយដ្ឋានអង្គរ ទាក់ទងនឹងការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបុរាណវិទ្យា និងផ្នែកស្ថាបត្យកម្ម, ការធ្វើកំណាយស្រាវជ្រាវនៅប្រាសាទបន្ទាយក្តី, កម្មវិធីអប់រំបេតិកភណ្ឌដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សរស់នៅជុំវិញតំបន់អង្គរ ក៏ដូចជាការផ្តួចផ្តើមបង្កើតសារមន្ទីរព្រះនរោត្តមសីហនុអង្គរជាដើម។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញដង្ហែ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត” ផងដែរ ៕
ដោយ ៖ សហការី