ព័ត៌មានទាន់ហេតុការណ៍៖

ក្រុម Hamas បានវាយបកវិញ ដោយបានបើកយុទ្ធសាស្រ្តដើម្បីដាក់អន្ទាក់អុីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា

ចែករំលែក៖

ក្រុមហាម៉ាស់កំពុងរៀបចំរួចហើយសម្រាប់សង្គ្រាមអូសបន្លាយនៅតំបន់ហ្គាហ្សាស្ទ្រីប។ ពួកគេជឿថា សម្ពាធអន្តរជាតិនឹងបង្ខំអុីស្រាអែលឱ្យបញ្ចប់ការឡោមព័ទ្ធនៅពេលដែលជនស៊ីវិលស្លាប់កាន់តែច្រើន ហើយពេលនោះអុីស្រាអែលអាចនឹងត្រូវបញ្ឈប់ការបាញ់ប្រហារនិងចរចារកដំណោះស្រាយ។
ប្រភពពីរដែលស្និទ្ធនឹងថ្នាក់ដឹកនាំក្រុមហាម៉ាស់បាននិយាយថា កម្លាំងកំពុងរៀបចំសម្រាប់សង្រ្គាមអូសបន្លាយនៅតំបន់ហ្គាហ្សាស្ទ្រីប ហើយជឿជាក់ថា វាអាចទប់ទល់នឹងការឈានទៅមុខរបស់អុីស្រាអែលបានយូរល្មម ដើម្បីបង្ខំឱ្យគូប្រជែងរបស់ខ្លួនយល់ព្រមលើបទឈប់បាញ់។
យោងតាមប្រភពព័ត៌មាន ហាម៉ាស់ដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប បានស្តុកទុកអាវុធ កាំជ្រួច អាហារ និងសម្ភារពេទ្យ។ ក្រុមនេះមានទំនុកចិត្តថា យុទ្ធជនរាប់ពាន់នាក់របស់ខ្លួនអាចរស់រានបានរាប់ខែនៅក្នុងបណ្តាញផ្លូវរូងក្រោមដីដ៏ជ្រៅនៅហ្គាហ្សា និងធ្វើឱ្យកងកម្លាំងអុីស្រាអែលខកចិត្តជាមួយនឹងយុទ្ធសាស្ត្រទ័ពព្រៃនៅទីក្រុង។

ក្រុមហាម៉ាស់ជឿថា សម្ពាធអន្តរជាតិនឹងបង្ខំអុីស្រាអែលឱ្យបញ្ចប់ការឡោមព័ទ្ធខណៈដែលជនស៊ីវិលស្លាប់និងរបួសកើនឡើង។ នៅពេលនោះ អុីស្រាអែលប្រហែលជាត្រូវបញ្ឈប់ការបាញ់ប្រហារ និងដោះស្រាយដោយការចរចា ដែលក្នុងនោះក្រុមហាម៉ាស់នឹងផ្តល់សម្បទានដូចជាការដោះលែងចំណាប់ខ្មាំងអុីស្រាអែលជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនរាប់ពាន់នាក់។
យោងតាមមេដឹកនាំក្រុមហាម៉ាស់បួននាក់ ដែលជាមន្ត្រីប្រចាំតំបន់ និងជាប្រភពដែលស្គាល់ពីគោលនយោបាយសេតវិមាន ក្រុមហាម៉ាស់បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់សហរដ្ឋអាមេរិក និងអុីស្រាអែល ក្នុងការចរចាចំណាប់ខ្មាំងដោយប្រយោលដែលសម្របសម្រួលដោយកាតារថា ខ្លួនចង់ឱ្យអុីស្រាអែលដោះលែងអ្នកទោសជាថ្នូរនឹងចំណាប់ខ្មាំង៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖