ខេត្តព្រះសីហនុ៖ របាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងថា នាវាទេសចរណ៍ខ្នាតធំមួយគ្រឿង ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកប្រមាណ១ពាន់នាក់ មកលេងកម្សាន្តប្រទេសកម្ពុជា រយៈពេល២ថ្ងៃ។
របាយការណ៍ដដែលបន្តថា បន្ទាប់ពីបានចូលចត ក្រុមការងារបដិសណ្ឋារកិច្ច នៃមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានទទួលភ្ញៀវទេសចរ រួមទាំងអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ផ្នែក បានរៀបចំរក្សាសន្តិសុខសុវត្ថិភាពជូនភ្ញៀវ គ្រប់កន្លែងដែលភ្ញៀវទេសចរទៅទស្សនាយ៉ាងយកចិត្តទុកដាក់បំផុត។
បន្ថែមពីនេះ មន្ទីរទេសចរណ៍ បានបញ្ជាក់ថា នាវានេះ មានឈ្មោះ VIKING ORION សញ្ជាតិ NORWAY ដែលមានចំនួននាវិកចម្រុះជាតិសាសន៍ (៥០សញ្ជាតិ) ៤៦៩នាក់ (ស្រី៩៤) មានផ្ទុកភ្ញៀវទេសចរចំនួន ៨៦៨នាក់ ស្រី៤៥០ ក្នុងនោះមានជាតិសាសន៍សរុបចំនួន ១៨សញ្ជាតិ។
សូមជម្រាបថា នាវានេះមុនមកដល់ប្រទេសកម្ពុជា បានឆ្លងកាត់ប្រទេសវៀតណាម ហើយបន្ទាប់ពីដើរកម្សាន្ដនូវតាមតំបន់ទេសចរណ៍មួយចំនួននៅប្រទេសកម្ពុជារួចហើយនោះ នៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកា នឹងបន្តដំណើរប្រទេសថៃ៕
ដោយ៖ សហការី