ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត៖​ «ក្នុងនាមជាយោធាមិនត្រូវធ្វើជាយោធាអំបិលត្រូវទឹករលាយ និងធ្វើជាយោធាក្រមួនត្រូវថ្ងៃរលាយនោះទេ»

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖​ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក បានផ្ដល់ការណែនាំដល់កងកម្លាំងយោធាថាក្នុងនាមជាយោធាមិនត្រូវធ្វើជាយោធាអំបិលត្រូវទឹករលាយ និងធ្វើជាយោធាក្រមួនត្រូវថ្ងៃរលាយនោះទេ ពីព្រោះយោធាមានមោទនភាពណាស់ក្នុងការពាក់ឯកសណ្ឋានជាកងទ័ព ក្នុងការបំពេញភារកិច្ច បម្រើជាតិ សាសនា និងព្រះមហាក្សត្រព្រមទាំងការពារប្រជាជន។​ 

ការថ្លែងបែបនេះ​របស់​លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាឱកាស​តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣​ ក្នុងពីធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិរសសជំនាន់ទី២៨ បើកវគ្គបន្តជំនាន់ទី២៩ និងសម្ពោធសមិទ្ធផលនានា ព្រមទាំងបញ្ចុះបឋមសិលាសាងសង់អគារទីបញ្ជាការថ្មី កម្ពស់ ២ជាន់ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ហាការដ្ឋានអង្គរក្ស (ភ្នំស្រង់) នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ មជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ហាការដ្ឋានអង្គរក្ស បានប្តូរទីតាំង ពីភូមិសាស្រ្តខេត្តកណ្តាល មកក្នុងភូមិសាស្ត្រ ភូមិស្វាយ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺវិញ នៅឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ន។

ជាមួយគ្នានេះ​ លោកឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស ទទួលបន្ទុកការងារហ្វឹកហ្វឺន​ បានរបាយការណ៍ស្វាគមន៍យ៉ាងដូច្នេះថា៖ មជ្ឈមណ្ឌលបានទទួលការហ្វឹកហ្វឺនបណ្តុះបណ្តាល ចំនួន ៤វគ្គ ស្មើនឹង ១ ៦៤៤នាក់ ក្នុងនោះ មានវគ្គជំនាញអង្គរក្សរពិសេស និងយុទ្ធវិធីថ្មើជើង ជំនាន់ទី ២៨ (រយៈពេល ១២ខែ), វគ្គបណ្តុះបណ្តាលនាយទាហានបឋម ជំនាន់ទី៣ ឆ្នាំទី២ (រយៈពេល១២ខែ), វគ្គបំប៉នសេនារាជិការ និងអប់រំចិត្តសាស្ត្រ ជំនាន់ទី៨ (រយៈពេល៣ខែ) និងវគ្គបណ្តុះបណ្ដាលកាំជ្រួចការពារអាកាសរយៈកម្ពស់ទាប Smart com-Smart Hunter និងកាំជ្រួច QW3 ជំនាន់ទី៣ (រយៈ ពេល ៦ខែ)។

វគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី ២៨ មានសិក្ខាកាមចូលរួមហ្វឹកហ្វឺនចំនួន ៥៥០នាក់។ លទ្ធផលនិទ្ទេសល្អ ១៤០ នាក់,ល្អបង្គួរ ២៧០នាក់, មធ្យម ៨៨ នាក់។ វគ្គហ្វឹកហ្វឺន ជំនាន់ទី ២៩ បើកនាពេលនេះ មានសិក្ខាកាម ចូលរួមចំនួន ៤២១ នាក់។

បន្ថែមពីនេះ​ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបញ្ជាការដ្ឋានអង្គរក្ស ដែលកន្លងមក បានយកចិត្តទុកដាក់ ខិតខំពុះពារយ៉ាងខ្លាំងក្លា ក្នុងការកសាងអភិវឌ្ឍអង្គភាព ពិសេសការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស ពង្រឹងសមត្ថភាពជំនាញដល់ នាយទាហាន និងពលទាហានរបស់ខ្លួន។ ឯកឧត្តមបញ្ជាក់ថានៅក្នុងការកំណែទម្រង់ ខ.ភ.ម ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត ស្ថិតក្នុងស្ថានភាពប្រទេសជាតិមានសុខសន្តិភាពពេញលេញនេះ ការហ្វឹកហ្វឺន និងការអភិវឌ្ឍកងទ័ព គឺជាចាំបាច់បំផុត៕

ដោយ៖សហការី​


ចែករំលែក៖